ចាប់ពីឆ្នាំ២០០៨មក ប្រទេសចិនបានធ្វើសកម្មភាពផ្លូវការក្រោមប្រធានបទ “ខ្ញុំណែនាំពីមនុស្សល្អនៅក្បែរខ្លួន” គិតត្រឹមបច្ចុប្បន្ននេះ សរុបមានមនុស្សនិងក្រុមចំនួន 16228 នាក់ (ក្រុម) បានត្រូវជ្រើសជា “មនុស្សល្អនៃប្រទេសចិន” ដែលតែងជួយយកអាសាអ្នកដទៃ សង្រ្គោះអ្នកដទៃដោយក្លាហាន ស្មោះត្រង់និងគោរពពាក្យសន្យា ខិតខំបម្រើការងារ កតញ្ញូនិងថែទាំចាស់ៗ។ល។ លោក Li Peisheng និងលោក Hu Xiaochun ជាអ្នកបោសសម្អាតនិងជាអ្នកអភិរក្សដើមស្រល់ឈ្មោះស្រល់ទទួលភ្ញៀវ ដែលជាបុគ្គលិកនៃតំបន់រមណីយដ្ឋានភ្នំ Huangshan បានត្រូវជ្រើសតាំងជា "មនុស្សល្អនៃប្រទេសចិន"ប្រចាំឆ្នាំ ២០១២ និងឆ្នាំ ២០២១ ដោយឡែកពីគ្នា ដែលតំណាងដល់ស្មារតីខិតខំបម្រើការងារ។
***
កាលពីឆ្នាំ២០១០ លោក Hu Xiaochun ចាប់ផ្តើមធ្វើជាអ្នកអភិរក្សដើមស្រល់ទទួលភ្ញៀវជំនាន់ទី ១៩ រហូតដល់សព្វថ្ងៃ។ គ្រែមួយ តុកៅអីមួយឈុត កុំព្យូទ័រមួយគ្រឿង និងសម្ភារៈអង្កេតខ្លះៗ គឺរបស់របរប្រចាំថ្ងៃទាំងអស់របស់លោក Hu Xiaochun ដែលធ្វើការនៅលើភ្នំ។ ពេញមួយឆ្នាំលោកស្នាក់លើកំពូលភ្នំរយៈពេលជាង ៣០០ ថ្ងៃ លោកត្រូវចេញទៅយាមល្បាតជារៀងរាល់២ម៉ោងម្តង ហើយបានកត់ត្រាលើសៀវភៅលើសពី៦០ក្បាល លោកបាននៅក្បែរដើមស្រល់ទទួលភ្ញៀវទាំងយប់ទាំងថ្ងៃ អភិរក្សដើមឈើពិសេសនេះដូចថែរក្សាកែវភ្នែករបស់ខ្លួន។
***
លោក Li Peisheng ជាកម្មករទម្លាក់ខ្សែពួរមួយរូបនៃតំបន់រមណីយដ្ឋានទេសចរណ៍ភ្នំ Huangshan។ ជារៀងរាល់ថ្ងៃ ភ្ញៀវមិនទាន់ឡើងភ្នំ លោកបានចាប់ផ្តើមដើរ ឱនរើសសំរាមតាមចំណោទភ្នំ ត្រូវដើរឡើងចុះជណ្ដើរនៅកំពូលភ្នំចម្ងាយជាង ១០ គីឡូម៉ែត្រក្នុងមួយថ្ងៃ ។ រយៈពេល ២៥ឆ្នាំកន្លងមក ប្រវែងនៃខ្សែពួរដែលលោកបានទម្លាក់ដើម្បីឡើងចុះចំណោទភ្នំស្មើនឹងបានឡើងភ្នំអេវើរេសចំនួន ២៥ លើក។ ពេលភ្ញៀវច្រើនកុះករដើរកម្សាន្តក្នុងតំបន់ទេសចរណ៍ នៅពីក្រោយទេសភាពដ៏ស្រស់ស្អាត គឺការជាប់រវល់បំពេញការងាររបស់លោក Li Peisheng ៕
***
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែសីហា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានតបសំបុត្ររបស់លោកLi Peisheng និង លោក Hu Xiaochun ដោយបានលើកឡើងថា អ្វីដែលមានតម្លៃបំផុតរបស់កម្មវិធី“មនុស្សល្អនៃប្រទេសចិន” គឺការបង្កើតសមិទ្ធផលមិនធម្មតាក្នុងពេលធ្វើការងារធម្មតា ៕