ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖រឿងរបស់ចិនចាំបាច់ត្រូវសម្រេចដោយប្រជាជនចិនខ្លួនឯង
2022-08-11 11:04:53cri
Share with:

     ក្នុងសៀវភៅសស្តីពី«បញ្ហាតៃវ៉ាន់និងបុព្វហេតុបង្រួបបង្រួមប្រទេសចិននៅយុគសម័យថ្មី» ដែលប្រទេសចិនបានចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា  មានពាក្យមួយឃ្លាថា “រឿងរបស់ចិនចាំបាច់ត្រូវសម្រេចដោយប្រជាជនចិនខ្លួនឯង” ។ ពាក្យដ៏ម៉ឺងមាត់នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់ថា បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរបស់ចិននិងមនោសញ្ចេតនាជនជាតិរបស់ប្រជាជនចិន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកជ្រៀតជ្រែកជាដាច់ខាត ។

      ប្រទេសចិនចេញផ្សាយសៀវភៅស មិនគ្រាន់តែជាការតបតវិញយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញឱ្យឃើញនូវយុទ្ធសាស្ត្រជាទូទៅរបស់ប្រទេសចិនសម្រាប់សម្រេចបញ្ហាតៃវ៉ាន់ក្នុងយុគសម័យថ្មីផងដែរ ហើយក៏បានបំពេញបន្ថែមកម្លាំងចលករដល់វិបុលភាពនិងស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទាំងមូលផងដែរ ។

      តើគោលការណ៍ប្រទេសចិនតែមួយជាអ្វី ? ចម្លើយមានតែមួយគឺ៖ នៅលើពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិនដែលមិនអាចពុះបំបែកបាន សាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលអាចតំណាងឱ្យប្រទេសចិនទាំងមូល ។ សំដៅចំពោះដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi  ប្រទេសចំនួនជាង១៧០ និងអង្គការអន្តរជាតិជាច្រើនបានសម្តែងការគាំទ្រដល់គោលជំហររបស់ចិន និងគាំទ្រគោលការណ៍ប្រទេសចិនតែមួយ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា បញ្ហាតៃវ៉ាន់មានប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ មានការពិតជាក់ស្តែងនិងភាពយុតិ្តធម៌យ៉ាងច្បាស់លាស់ផងដែរ ។

      ក្នុងនាមជាបញ្ហាដែលបន្សល់ទុកពីសង្គ្រាមក្នុងស្រុកចិន គិតរហូតដល់បច្ចុប្បន្ននេះ បញ្ហាតៃវ៉ាន់នៅមិនទាន់ដោះស្រាយនៅឡើយទេ មូលហេតុសំខាន់គឺដោយមកពីរងការប៉ះពាល់ពីកម្លាំងខាងក្រៅ ពោលគឺរងការរារាំងពីអាមេរិក ។ បន្ទាប់ពីចិននិងអាមេរិកបានបង្កើតទំនាក់ទំនងការទូត អាមេរិកបានប្រឌិតអ្វីដែលហៅថា “ច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់” និង “ការធានា៦ចំណុចចំពោះតៃវ៉ាន់ ” ក្នុងន័យបង្កបង្កើត “លេសខាងផ្លូវច្បាប់” សម្រាប់ឃុបឃិតជាមួយកម្លាំង “អបគមន៍តៃវ៉ាន់”និងបង្ករឿងហេតុ ។

      ប៉ុន្មានឆ្នាំកន្លងមក ទង្វើរបស់អាមេរិកដែលចង់សាបសូន្យនិងបដិសេធគោលការណ៍ប្រទេសចិនតែមួយមានភាពកាន់តែលេចធ្លោ ។ ចាប់ពីបានជំរុញការលក់អាវុធទៅឱ្យតៃវ៉ាន់ឥតឈប់ឈរ ដល់ជួយតៃវ៉ាន់ពង្រីកអ្វីដែលហៅថា “ចន្លោះអន្តរជាតិ” រហូតដល់បណ្តែតបណ្តោយញុះញង់ឱ្យលោកស្រី Pelosi  ជាដើមធ្វើដំណើរទស្សនកិច្ចនៅតៃវ៉ាន់ អាមេរិកបានបង្កឧបសគ្គជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ប្រទេសចិនសម្រេចបាននូវការបង្រួបបង្រួម ដូច្នេះ អាមេរិកបានក្លាយជាអ្នកបំផ្លិចបំផ្លាញសន្តិភាពដ៏ធំបំផុតនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ទៅហើយ ។

      សៀវភៅសនេះបានគ្រោងជាប្រព័ន្ធជាលើកដំបូងនូវអនាគតនៃការសម្រេចបាននូវការបង្រួបបង្រួមត្រើយទាំងសងខាង តាមគោលការណ៍ប្រទេសមួយមានប្រព័ន្ធគ្រប់គ្រងពីរ ក្នុងនោះបូករួមទាំងចន្លោះអភិវឌ្ឍន៍តៃវ៉ាន់នឹងមានភាពកាន់តែទូលំទូលាយ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ជនរួមជាតិតៃវ៉ាន់នឹងទទួលបានការធានាយ៉ាងពេញលេញ រួមគ្នាជំរុញភាពរុងរឿងនិងថ្កុំថ្កើងរបស់ប្រជាជាតិចិន និងមានអំណោយផលដល់សន្តិភាពនិងវឌ្ឍនភាពរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទាំងមូលជាដើម ។

      រឿងរបស់ចិនចាំបាច់ត្រូវសម្រេចដោយប្រជាជនចិនខ្លួនឯង ។ ប្រទេសចិនពិតជានឹងសម្រេចបាននូវភារកិច្ចជាប្រវត្តិសាស្ត្រនៃបង្រួបបង្រួមជាក់ជាមិនខាន  បើសិនជាអ្នកដែលលេងឧបាយកល “ស្វែងរកឯករាជ្យតៃវ៉ាន់ដោយពឹងផ្អែកអាមេរិក” និង “ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស” មិនអាចមើលឃើញនិន្នាការប្រវត្តិសាស្ត្រនេះឱ្យបានច្បាស់ នោះគួរតែអានសៀវភៅសនេះឱ្យបានល្អ និងត្រូវរៀនមេរៀនប្រវត្តិសាស្ត្រជាថ្មីម្តងទៀត ៕



 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស