ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ផ្លូវស្តារភាពរុងរឿងថ្កុំថ្កើងឡើងវិញរបស់ប្រទេសចិន
2022-08-03 10:00:33cri
Share with:

បើនិយាយចំពោះប្រទេសចិន ឆ្នាំ២០២២ជាឆ្នាំមួយដែលពោរពេញទៅដោយបញ្ហាប្រឈម ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ថ្មី កិច្ចការអភិវឌ្ឍន៍សកលជួបប្រទះនឹងចរន្តផ្ទុយពីនិន្នការនិងលេចចេញភាពថមថយ ។ ប្រឈមនឹងសភាពការណ៍អន្តរជាតិដ៏តឹងរឹងនិងការហានិភ័យនៅពីខាងក្រៅដែលមិនធ្លាប់មាន ជានិច្ចកាល រដ្ឋាភិបាលនិងប្រជាជនចិនតែងតែប្រកាន់ខ្ជាប់នូវជំនឿចិត្តលើខ្លួនឯងនិងឯករាជ្យម្ចាស់ការ ប្រកាន់ខ្ជាប់ផ្លូវអភិវឌ្ឍន៍សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ប្រកាន់ខ្ជាប់ការអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងនិងការច្នៃប្រឌិតថ្មី ធ្វើកិច្ចខិតខំប្រឹងប្រែងនិងឧស្សាហ៍ព្យាយាមដើម្បីសម្រេចបាននូវសុបិនចិនដែលស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។

ការស្តារភាពរុងរឿងនិងថ្កុំថ្កើងឡើងវិញរបស់ប្រទេសចិន គឺពឹងផ្អែកទៅលើកម្លាំងប្រជាជនចិនខ្លួនឯង ប្រទេសចិនបានដើរតាមផ្លូវទំនើបភាវូបនិយកម្មដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិន ហើយបានបង្កើតរឿងអច្ឆរិយធំពីរ ពោលគឺការអភិវឌ្ឍសេដ្ឋកិច្ចដោយល្បឿនលឿនដែលកម្រមាននៅទូទាំងពិភពលោក និងស្ថិរភាពសង្គមក្នុងរយៈពេលយូរ ។ នៅលើពិភពលោកទាំងមូលគ្មានរូបមន្តអភិវឌ្ឍន៍ណាមួយដែលសមស្របនឹងរាល់តំបន់នានានៅលើពិភពលោកនោះទេ ហើយក្នុងប្រវត្តិសាស្រ្តមនុស្សជាតិក៏គ្មានជនជាតិណាមួយនិងប្រទេសណាមួយសម្រចបាននូវភាពខ្លាំងក្លានិងស្តារឡើងវិញតាមរយៈការពឹងផ្អែកលើកម្លាំងខាងក្រៅ និងត្រាប់តាមតែរូបមន្តរបស់បរទេសនោះដែរ ។

បន្ទាប់ពីប្រទេសចិនថ្មីបានបង្កើតឡើងជាង៧០ឆ្នាំមក សេដ្ឋកិច្ចចិនបានកើនឡើងជាក់ស្តែងសរុប១៨៩ដង កាលឆ្នាំ១៩៤៩ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋចិនគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗមានតែ២៧ដុល្លារអាមេរិក តែ បច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកសរុបគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានលើសពី១ម៉ឺនដុល្លារអាមេរិកក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ប្រទេសចិនបានប្រែពីប្រទេសកសិកម្មអន់ថយមួយក្លាយទៅជាប្រទេសឈរនៅលំដាប់ទីមួយខាងផ្នែកផលិតកម្មនៅលើពិភពលោកក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា ។ ជាពិសេស គឺក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសចិនបានគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងមុនគេ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិននៅតែជាប្រទេសដែលរកឃើញករណីឆ្លងតិចជាងគេនិងមានអ្នកស្លាប់បាត់បង់ជីវិតតិចជាងគេក្នុងចំណោមប្រទេសធំៗនៅលើពិភពលោកដដែល ។

  ខណៈពេលសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួនឯង ប្រទេសចិនក៏បានរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍរបស់ពិភពលោកផងដែរ ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចសកលបានលើសពី៣០ភាគរយជាប់រហូតមក ។ នៅឆ្នាំមុន ក្នុងកិច្ចប្រជុំជជែកពិភាក្សាជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីអភិវឌ្ឍន៍សកលដោយបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព តម្កល់ទុកប្រជាជនជាចម្បាង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន ប្រកាន់ខ្ជាប់ការជំរុញអភិវឌ្ឍន៍ដោយការច្នៃប្រឌិតថ្មី ក៏ដូចជាប្រកាន់ខ្ជាប់ការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ។ ខណៈពេលគំនិតផ្តួចផ្តើតនេះត្រូវបានលើកឡើង ក៏ទទួលបានការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសនានា ។

ពេលផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាគំនិតល្អបំផុត ពីព្រោះជាគំនិតពហុភាគី ជាគំនិតប្រកបដោយភាពសុខដុមរមនារបស់ប្រជាពលរដ្ឋទាំងអស់ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់និន្នការនយោបាយ ទប់ទល់នឹងគំនិតឯកតោភាគីដែលចង់បំបែកពិភពលោកជាពីរ ជាបី ឬ ប្រឆាំងនឹងប្រទេសណាមួយនោះ ដូច្នេះ ការលើកឡើងនេះគឺជាគំនិតដ៏ល្អបំផុត ជាផលប្រយោជន៍សម្រាប់មនុស្សជាតិ រាប់ទាំងបរិស្ថាន ដែលជាការយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សនិងធម្មជាតិ ជាការលើកឡើងល្អណាស់សំដៅលើសុភមង្គល វឌ្ឍនភាព វិបុលភាពរបស់មនុស្សលោក គឺជាគំរូនៃសេចក្តីសង្ឃឹមរបស់មនុស្សទូទាំងពិភពលោក។

ការអភិវឌ្ឍជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ហើយក៏ជា“កូនសោមាស”សម្រាប់ដោះស្រាយបញ្ហាមានលក្ខណៈសកលផងដែរ ។ ប្រទេសចិនដែលបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី បាននិងកំពុងពង្រីកការកែទម្រង់និងបើកទូលាយជាបន្តបន្ទាប់ ពង្រឹងនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរនិងមានស្ថិរភាពក្នុងរយៈពេលយូរ បណ្តុះបណ្តាលកាលានុវត្តភាពក្នុងវិបត្តិ ក៏ដូចជាស្វែងរកកិច្ចចាប់ផ្តើមថ្មីក្នុងភាពបម្រែបម្រួល ។

ប្រវត្តិសាស្ត្របានបញ្ជាក់រួមហើយព្រមទាំងនឹងបន្តបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិនបាននាំមកនូវឱកាសកាន់តែច្រើនដល់ពិភពលោក ជាពិសេសបានបំពេញបន្ថែមនូវកម្លាំងចលករនិងជំនឿចិត្តដល់ការអភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ការស្តារភាពរុងរឿងថ្កុំថ្កើងឡើងវិញរបស់ប្រទេសចិន ក៏នឹងជំរុញការងើបឡើងវិញនិងការអភិវឌ្ឍរបស់សេដ្ឋកិច្ចពិភពលោកផងដែរ ។ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាទទួលការសាកល្បងនៃការអភិវឌ្ឍសកល រួមគ្នាចែករំលែកពុទ្ធិអភិវឌ្ឍន៍សកល ក៏ដូចជារួមគ្នាបង្កើតយុគសម័យថ្មីដែលមានភាពរុងរឿងខាងការអភិវឌ្ឍ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស