រដូវក្តៅនៅ Xizang ជារដូវកាលល្អបំផុតក្នុងមួយឆ្នាំ។
នាខែមិថុនា ឆ្នាំ ២០១៩ និស្សិតចំនួន ១៧ រូបរបស់វិទ្យាស្ថានវេជ្ជសាស្ត្រនៃសកលវិទ្យាល័យXizangបានមកដល់រដ្ឋធានីប៉េកាំង ដើម្បីចុះធ្វើកម្មសិក្សានៅមន្ទីរពេទ្យShougang នៃសកលវិទ្យាល័យប៉េកាំង។ មុនបញ្ចប់កម្មសិក្សា និស្សិតទាំងនេះបានសរសេរសំបុត្រមួយច្បាប់ផ្ញើជូនលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីថ្លែងអំណរគុណចំពោះបក្សនិងរដ្ឋ និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តសងគុណមាតុប្រទេសនិងកសាងស្រុកកំណើតឱ្យកាន់តែល្អបន្ទាប់ពីបញ្ចប់ការសិក្សា។
នាខែកុម្ភៈឆ្នាំ ២០២០ មុនចូលឆ្នាំថ្មីជនជាតិ Xizang លោក Xi Jinping បានតបសំបុត្រនិស្សិតទាំងនេះ លោកបានជូនពរឆ្នាំថ្មីផង ហើយបានលើកទឹកចិត្តពួកគេថា "ទៅបម្រើការងារនៅកន្លែងដែលប្រជាជនត្រូវការបំផុត បម្រើប្រជាជនជាពិសេសពលរដ្ឋនៅមូលដ្ឋានដោយសមត្ថភាពដ៏រឹងមាំនិងចិត្តសប្បុរសធម៌"។
“ ពិតជារំភើបណាស់! នោះជាកាដូឆ្នាំថ្មីដ៏មានតម្លៃបំផុតសម្រាប់ពួកយើង!” យុវជនឈ្មោះ Danzhenwangdui បានប្រាប់ថា ពេលទទួលបានសំបុត្រឆ្លើយតប គាត់និងមិត្តរួមថ្នាក់កំពុងជុំគ្នានៅអន្តេវាសិកដ្ឋានជជែកកម្សាន្តថាតើចូលឆ្នាំតាមរបៀបណា។ គាត់បានបន្ថែមថា សំបុត្រឆ្លើយតបរបស់លោកប្រធានរដ្ឋ Xi Jinping គឺជាអំណោយអបអរឆ្នាំថ្មីដ៏កក់ក្តៅបំផុត។
អំឡុងចុះធ្វើកម្មសិក្សា យុវជនឈ្មោះ Jiancanpingcuo មានអាយុ២៤ឆ្នាំ គាត់បានចូលរួមការវះកាត់ចំនួនជាង១០០ លើក ។ គាត់បានប្រាប់អ្នកកាសែតថា ខ្លួនមកពីក្រុមគ្រួសារក្រីក្រមួយរបស់ទីក្រុង Rikaze ទទួលបានផលប្រយោជន៍ពីគោលនយោបាយអប់រំជាកាតព្វកិច្ចដែលផ្តល់ការហូប ការស្នាក់នៅ និងថ្លៃសិក្សាដោយឥតគិតថ្លៃ ពេលចូលរៀននៅសកលវិទ្យាល័យទទួលបានជំនួយពីគោលនយោបាយកាន់តែច្រើនទៀត។ “ ជាច្រើនឆ្នាំកន្លងមក រដ្ឋបានផ្តល់ថវិកាច្រើនណាស់ក្នុងវិស័យអប់រំរបស់តំបន់ Xizang។ យើងខ្ញុំនឹងសងគុណការបណ្តុះបណ្តាលរបស់រដ្ឋ។ ខ្ញុំនឹងខិតខំធ្វើជាគ្រូពេទ្យល្អដែលបក្សនិងប្រជាជនជឿទុកចិត្ត! ”
តាមសៀវភៅសស្តីពី «ការរំដោះដោយសន្តិវិធីនិងភាពវិវឌ្ឍរីកចម្រើនរបស់Xizang» បានឱ្យដឹងថា នៅចុងឆ្នាំ២០១៩ តំបន់ Xizang បានលុបបំបាត់ភាពក្រីក្រខ្លាំងទាំងស្រុង ។ ពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ២០២០ រដ្ឋាភិបាលបានផ្តល់ថវិកាសរុប 223965 លានយាន់ប្រាក់ចិនក្នុងវិស័យអប់រំរបស់ Xizang ។
គួរបញ្ជាក់ថា តំបន់ Xizang នាពេលបច្ចុប្បន្ន មានប្រព័ន្ធអប់រំទំនើបទាំងការអប់រំនៅសាលាមត្តេយ្យ ការអប់រំមូលដ្ឋាន ការអប់រំវិជ្ជាជីវៈការអប់រំផ្នែកឧត្តមសិក្សា ការអប់រំបន្តនិងការអប់រំពិសេសជាដើម ។ តាមភូមិនីមួយៗសុទ្ធតែមានមណ្ឌលសុខភាព បណ្ណល័យខាងកសិកម្មនិងបណ្ណាល័យក្នុងវត្តអារាម។ ចំណែកអាយុកាលជាមធ្យមរបស់មនុស្សម្នាក់ៗបានកើនពី 35.5 ឆ្នាំនាឆ្នាំ១៩៥១ ដល់ 71.1 ឆ្នាំនាឆ្នាំ២០១៩។ នៅឆ្នាំ ២០២០ អត្រាទទួលបានការងារធ្វើរបស់និស្សិតបញ្ចប់ការសិក្សានៅតំបន់ Xizang មានដល់ទៅ ៩៩% ។ គិតត្រឹមចុងឆ្នាំ ២០២១ តំបន់ Xizang មានសមត្ថភាពផ្តល់សេវាកម្មវេជ្ជសាស្ត្រកម្រិតខ្ពស់នៅក្បែរផ្ទះជូនប្រជាជនគ្រប់ជនជាតិ ដែលជំងឺធ្ងន់ជាង៤០០ ប្រភេទមិនបាច់ចេញទៅព្យាបាលនៅក្រៅនោះទេ។
ការអភិវឌ្ឍរបស់តំបន់ Xizang មិនអាចខ្វះបានពីការជួយគាំទ្ររបស់មជ្ឈិមបក្សនិងរដ្ឋនិងបងប្អូនជនរួមជាតិទូទាំងប្រទេសចិននោះឡើយ។
បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលបានផ្តោតលើតម្រូវការជាក់ស្តែងរបស់តំបន់ Xizang ដោយចាត់វិធានការជួយអភិវឌ្ឍតំបន់ Xizang តាមដោយរបៀប “រួមជាក្រុម ” ដែលបានអំពាវនាវនិងប្រមូលផ្តុំធនធានមនុស្សផ្នែកវេជ្ជសាស្ត្រនិងអប់រំ ដើម្បីរួមគ្នាជួយតំបន់ Xizang បណ្តុះបណ្តាលធនធានមនុស្ស ដែលបានជំរុញយ៉ាងខ្លាំងក្លាឱ្យសេដ្ឋកិច្ចនិងសង្គមកិច្ចតំបន់ Xizang អភិវឌ្ឍយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ផងដែរថា ឆ្នាំ១៩៥១ GDPនៃតំបន់ Xizangត្រឹមតែ 129លានយាន់ប្រាក់ចិន មកដល់ឆ្នាំ២០២១ GDPនៃតំបន់ Xizang បានលើសពី 200ពាន់លានយាន់ប្រាក់ចិន។
បក្សកុម្មុយនីស្តចិនបានប្រកាន់ខ្ជាប់ការអភិវឌ្ឍដើម្បីប្រជាជន អភិវឌ្ឍផ្អែកលើប្រជាជន សមិទ្ធផលនៃការអភិវឌ្ឍចែករំលែកដោយប្រជាជន។ ប្រទេសចិនបានកសាងប្រព័ន្ធអប់រំ ប្រព័ន្ធរបបសន្តិសុខសង្គម និងប្រព័ន្ធសេវាវេជ្ជសាស្ត្រទ្រង់ទ្រាយធំបំផុតលើពិភពលោក...
សាមគ្គីគ្នា រួមចិត្តរួមថ្លើម ខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ថ្ងៃអនាគតនឹងទទួលបានជីវភាពរស់នៅកាន់តែល្អបវរថែមទៀត៕