ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖មិនថាអាមេរិកបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងយ៉ាងណាក៏ដោយ ក៏ទីបំផុតនឹងឥតប្រយោជន៍បានឡើយ
2022-07-29 15:10:35cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកពីររូបបានឃោសនាបំប៉ោងពីបញ្ហាសមុទ្រចិនខាងត្បូងម្តងទៀត ដោយបានអះអាងថា ចិនបានធ្វើ “ទង្វើដាក់សម្ពាធនិងមិនទទួលខុសត្រូវ ”នៅសមុទ្រចិនខាងត្បូង ប្រការនេះមុខជានឹងបណ្តាលឱ្យកើតមានរឿងហេតុដ៏ធំជាមិនខាន ។ ហើយនៅថ្ងៃដដែល នាវាផ្ទុកយន្តហោះ Ronald Reaganរបស់កងទ័ពអាមេរិក បានធ្វើនាវាចរណ៍ចាកចេញពីកំពង់ផែសិង្ហបុរី ធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូងម្តងទៀត ។

      បើសិនជានិយាយដល់ទង្វើ “ប្រើអំណាចបង្ខិតបង្ខំ”  នោះនៅលើពិភពលោកទាំងមូល ប្រទេសណាអាចប្រៀបធៀបនឹងអាមេរិកបាន ? ក្នុងនាមជាប្រទេសនៅពីក្រៅតំបន់ ជាច្រើនឆ្នាំកន្លងមក អាមេរិកបានបង្ហាញសាច់ដុំនៅសមុទ្រចិនខាងត្បូង ដោយយកទង់ “សេរីភាពខាង នាវាចរណ៍”ធ្វើជាលេស នេះទើបជាមូលហេតុធំជាងគេដែលបណ្តាលឱ្យមានយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូង ។

     តាមការទម្លាយរបស់ផ្នែកយោធារបស់ចិនបានឱ្យដឹងថា  នៅកណ្តាលខែនេះ នាវាប្រដេញបំពាក់គ្រាប់មីស៊ីល Benfold របស់អាមេរិកបានសម្រុកចូលលំហសមុទ្រXi Sha របស់ប្រទេសចិន ដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន ។ យុទ្ធភូមិខាងត្បូងរបស់កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនកងទ័ពជើងអាកាសនិងជើងទឹកតាមដានឃ្លាំមើល ព្រមទាំងបញ្ចេញការព្រមាននិងបណ្តេញចេញ ។

      វាច្បាស់ណាស់ គឺអាមេរិកហ្នឹងឯង ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពនិងសន្តិសុខរបស់ចិន ក៏ដូចជាបានបំផ្លាញសន្តិភាពនិងស្ថិរភាពនៅតំបន់សមុ្រទចិនខាងត្បូង តែអាមេរិកបែរជាទម្លាក់កំហុសឱ្យគេ ហើយបានដាក់កំហុស “ការប្រើអំណាចបង្ខិតបង្ខំ”ដែលជាកំហុសរបស់ខ្លួនឯងទៅឱ្យប្រទេសចិនដែលគ្រាន់តែចង់ការពារអធិបតេយ្យភាពនិងសន្តិសុខប្រទេសជាតិ ក្នុងន័យអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងប្រទេសជុំវិញសមុទ្រចិនខាងត្បូង ។ បច្ចុប្បន្ននេះ ក្នុងបរិបទដែលអាមេរិកបានផ្តោតសំខាន់ទៅលើការប្រកួតប្រជែងជាមួយប្រទេសធំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សមុទ្រចិនខាងត្បូងបានក្លាយជាសន្លឹកបៀរដ៏សំខាន់របស់អាមេរិកសម្រាប់ដាក់សម្ពាធលើប្រទេសចិន ក៏ដូចជារក្សាអនុត្តរភាពរបស់ខ្លួនរួចទៅហើយ ។

      មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា នាពេលថ្មីៗកន្លងទៅនេះ លោក Joko Widodoប្រធានាធិបតីឥណ្ឌូណេស៊ីបានបំពេញទស្សនកិច្ចនៅប្រទេសចិន ភាគីទាំងពីរបានសម្រេចថា នឹងបង្កើនការប្រាស្រ័យទាក់ទងរវាងស្ថាប័នសមុទ្រលើគ្រប់វិស័យ អនុវត្តឱ្យបានល្អនូវគម្រោងមូលនិធិសហប្រតិបតិ្តការលើសមុទ្រ និងត្រួសត្រាយសក្តានុពលសេដ្ឋកិច្ចលើសមុទ្រ ព្រមទាំងបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការលើវិស័យសមុទ្រជាដើម ។ ហើយពេលមុននេះ ក្នុងកិច្ចសន្ទនាកំពូលសាងគ្រីឡាដែលបើកធ្វើនៅខែមិថុនា លោក Prabowo ក្រសួងការពារជាតិឥណ្ឌូណេស៊ីបានលើកឡើងយ៉ាងច្បាស់ថា “ឥណ្ឌូណេស៊ីនឹងមិនចូលក្នុងសម័្ពន្ធយោធាណាមួយទេ ” “បញ្ហាក្នុងតំបន់គួរតែដោះស្រាយតាមវិធីបែបអាស៊ី” ។

      ក្នុងនាមជាប្រទេសនាំមុខគេរបស់អាស៊ាន អាកប្បកិរិយារបស់ឥណ្ឌូណេស៊ីបានឆ្លុះបញ្ចាំងពីសម្លេងរួមរបស់ប្រទេសនៅតាមតំបន់សមុទ្រចិនខាងត្បូង ។ ឆ្នាំនេះ ជាខួបទី២០នៃការចុះហត្ថលេខាលើ « សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ។ ២០ឆ្នាំកន្លងមក បណ្តាភាគីនានាបានគោរពតាមការកំណត់នៃ « សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» បានរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ក៏ដូចជាបានរក្សាសេរីភាពនិងសុវត្ថិភាពនៃនាវាចរណ៍នៅសមុទ្រចិនខាងត្បូងផងដែរ ។ មិនថាអាមេរិកបានបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងយ៉ាងណាក៏ដោយ  ក៏វាប្រៀបដូចទឹកជោរអ៊ីចឹង រួចស្រកទៅវិញ ទីបំផុតនឹងឥតប្រយោជន៍បានឡើយ  ។

       ប្រវត្តិសាស្ត្រពិតជានឹងបញ្ជាក់ថា នៅលំហសមុទ្រចិនខាងត្បូងដែលមានសន្តិភាព អ្នកណាគ្រាន់ជាអ្នកដំណើរ អ្នកណាទើបជាម្ចាស់ផ្ទះពិតប្រាកដ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស