ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកនយោបាយអង់គ្លេសដែលខំប្រឹងបង្ហាញមុខបង្ហាញមាត់របស់ខ្លួនលើផ្ទៃអន្តរជាតិមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន
2022-07-26 17:17:25cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ លោក Richard Moore ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស(ហៅកាត់ MI6 )បានអះអាងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាភារកិច្ចសំខាន់បំផុតសម្រាប់ប្រមូលការណ៍សម្ងាត់របស់ MI6 ហើយសារសំខាន់របស់វាបាន"លើសពីការប្រឆាំងភេរវកម្ម" ។ ក្រៅពីនេះ លោកក៏បានឃោសនាបំប៉ោងពីបញ្ហាច្រកសមុទ្រតៃវ៉ាន់ដោយយកការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនធ្វើជាលេសដោយបានអះអាងថា ប្រទេសលោកខាងលិចគួរបញ្ចេញសញ្ញាទៅកាន់ប្រទេសចិនថា "ប្រសិនជាបង្រួបបង្រួមតំបន់តៃវ៉ាន់ដោយប្រើកម្លាំងអាវុធ នោះវានឹងបណ្តាលឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ" នេះពិតជាដេកយល់សុបិនទាំងថ្ងៃ ។

    អាចនិយាយបានថា អ្វីដែលលោក Richard Moore បានឃោសនាបំប៉ោងថា "ការគំរាមកំហែងរបស់ចិន" តាមពិតទៅ គឺជាការចោទប្រកាន់និងមួលបង្កាច់ដោយចេតនាអាក្រក់ ដោយឡែកនៅចំពោះមុខការពិតជាក់ស្តែង ពាក្យភូតកុហកទាំងនេះនឹងត្រូវលាតត្រដាងយ៉ាងច្បាស់នៅទីបំផុត ។

    យោងតាមទិន្នន័យស្ថិតិដែលចេញផ្សាយដោយក្រសួងការពារជាតិចិនកាលពីខែឧសភា ឆ្នាំនេះបានឱ្យដឹងថា ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅនេះ កងទ័ពចិនបានចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិចំនួន ២៥ លើកជាបន្តបន្ទាប់ដែលបានចាត់បញ្ជូននាយទាហាននិងពលទាហានរក្សាសន្តិភាពសរុបជិត  ៥ ម៉ឺននាក់ ក្នុងនោះ មាននាយទាហាននិងពលទាហាន ១៦ នាក់បានពលីជីវិតដ៏មានតម្លៃរបស់ខ្លួន ។ គិតមកទល់ចុងខែឧសភា ឆ្នាំនេះ នៅតែមាននាយទាហាននិងពលទាហានចិនចំនួន ២២៤០ នាក់កំពុងបំពេញភារកិច្ចក្នុងតំបន់បំពេញភារកិច្ចរក្សាសន្តិភាពចំនួន ៧ និងទីស្នាក់ការទូទៅរបស់អង្គការសហប្រជាជាតិដដែល ។ ប្រទេសចិនជាប្រទេសដែលបានចាត់បញ្ជូនកងទ័ពរក្សាសន្តិភាពច្រើនបំផុតក្នុងចំណោមរដ្ឋសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ជាពិសេសគឺ "កងកម្លាំងមួកខៀវរបស់ចិន"បានទទួលគ្រឿងឥស្សរិយយសរបស់អង្គការសហប្រជាជាតិជាច្រើនលើកច្រើនសារ ហើយត្រូវបានប្រសិទ្ធនាមជា"កត្តាគន្លឹះនិងកម្លាំងគន្លឹះក្នុងសកម្មភាពរក្សាសន្តិភាព" ។ ក្រឡេកមកមើលអង់គ្លេសវិញ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អង់គ្លេសបានធ្វើតាមតែសម្ព័ន្ធមិត្តរបស់ខ្លួន គឺ សហរដ្ឋអាមេរិកដើម្បីញុះញង់ឱ្យបង្កភាពចលាចលនៅគ្រប់ទីកន្លែង លូកដៃជ្រាបចូល ផ្តួលរំលំនិងឈ្លានពានប្រទេសដទៃទៀតតាមតែទំនើងចិត្ត ក៏ដូចជាបង្កការបដិបក្ខគ្នាលើផ្ទៃអន្តរជាតិ ដែលបាននាំមកនូវភាពចលាចលនិងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ប្រទេសនិងតំបន់ជាច្រើន ហើយបានក្លាយជាការគំរាមកំហែងដ៏ពិតប្រាកដចំពោះសន្តិភាពពិភពលោក ។

    សូមយកសង្រ្គាមនៅអាហ្វហ្កានីស្ថានធ្វើជាឧទាហរណ៍ នៅពេលមុននេះមិនជាយូរប៉ុន្មាន ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេស BBC បានលាតត្រដាងអំពីសកម្មភាពអំពើហិង្សារបស់កងទ័ពអង់គ្លេសប្រចាំនៅអាហ្វហ្កានីស្ថានឱ្យដឹងថា អតីតសមាជិកនៃ Special Air Service (SAS)របស់អង់គ្លេសដែលបោះប្រចាំនៅអាហ្វហ្កានីស្ថានបានសម្លាប់ឈ្លើយសឹកនិងប្រជាជនសាមញ្ញដែលគ្មានអាវុធជាច្រើនលើក សឹងតែប្រកួតប្រជែងថា "តើអ្នកណាបានសម្លាប់មនុស្សច្រើនជាង" ក្នុងនោះ មានកងទ័ពមួយប្រហែលបានសម្លាប់ដោយខុសច្បាប់នូវមនុស្សចំនួន ៥៤ នាក់ក្នុងអំឡុងពេលបោះប្រចាំតាមវេនរយៈពេល ៦ ខែ ។ បន្ទាប់ពីព័ត៌មាននេះត្រូវបានបែកធ្លាយ អង់គ្លេសបានរងការថ្កោលទោសនិងតវ៉ាប្រឆាំងយ៉ាងក្រេវក្រោធពីសំណាក់សហគមន៍អន្តរជាតិ ។

    សូមបញ្ជាក់ថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីប្រទេសចិនដែលមិនអាចពុះបំបែកបាន នេះជាការពិតជាក់ស្តែងក្នុងប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន ! ប្រទេសចិនចាំបាច់ត្រូវសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិ ហើយក៏មុខជានឹងបង្រួបបង្រួមមាតុប្រទេសទាំងស្រុងជាក់ជាមិនខាន នេះជានិន្នាការប្រវត្តិសាស្ត្រដែលមិនអាចរារាំងបាន ។ ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវអនាគតនៃការបង្រួបបង្រួមដោយសន្តិវិធីនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដោយចិត្តស្មោះបំផុត ព្រមពេលជាមួយគ្នានេះ ចិនបាននិងកំពុងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព សន្តិសុខនិងបូរណភាពទឹកដីជាតិ ហើយដាច់ខាតមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់បំបែកបំបាក់តំបន់តៃវ៉ាន់ចេញពីប្រទេសចិនឡើយទោះតាមទម្រង់ណាក៏ដោយ ។ សូមដាស់តឿនលោក Richard Moore និងក្រុមផលប្រយោជន៍ដែលលោកបានតំណាងទាំងអស់កុំយកបញ្ហាតៃវ៉ាន់ធ្វើជាលេសដើម្បីខំប្រឹងបង្ហាញមុខបង្ហាញមាត់របស់ខ្លួនលើផ្ទៃអន្តរជាតិ បើពុំនោះសោត មុខជានឹងជួញទុក្ខដាក់ខ្លួនជាក់ជាមិនខាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស