***
នៅចន្លោះពីខែមិថុនាឆ្នាំ១៩៨៥ដល់ខែតុលាឆ្នាំ២០០២ លោក Xi Jinping បានបម្រើការងារនៅខេត្តហុកគៀន។ សៀវភៅ« មុខមាត់ថ្មីនៃទឹកដីហុកគៀន-ដានជើងរបស់លោក Xi Jinping នៅហុកគៀន»បានកត់ត្រានូវរឿងរ៉ាវបំពេញការងាររបស់លោក។ ខាងក្រោមនេះសូមផ្តល់ជូនរឿងរ៉ាវអំពី «អ្នករស់នៅលើទូកឡើងលើច្រាំង ចេញផុតពីភាពក្រីក្រ» ដែលដកស្រង់ចេញពីជំពូក “ រើចេញពីទីលំនៅក្រលំបាក ដកឫសគល់នៃភាពក្រីក្រ ” នៃសៀវភៅនេះ។
***
សមុទ្រធំល្វឹងល្វើយ ប៉ុន្តែសម្រាប់អ្នកនេសាទដែលមាននៅផ្ទះលើទូក កន្លែងស្នាក់នៅតូចចង្អៀតណាស់។ ទូកនេសាទទាំងនេះមានបណ្តោយប្រហែល៧ម៉ែត្រ ទទឹងមិនគ្រប់ ២ម៉ែត្រ៖ កាប៊ីននៅក្បាលទូកផ្ទុកទឹកសាប កាប៊ីនទី២ផ្ទុកឧបករណ៍នេសាទនិងត្រីដែលចាប់បាន ផ្នែកកណ្តាលជាកន្លែងស្នាក់នៅ អង្ករ ភួយគលើគ្នា ការហូប ការគេងសុទ្ធតែនៅទីនេះ ឯនៅកន្សៃទូកមានហ៊ុមក្រណាត់ខ្មៅគឺជាបង្គន់។
មាន់ ទា ក្ងានដែលអ្នករស់នៅលើទូកចញ្ចឹមរស់នៅលើទូកជាមួយមនុស្ស។ កាលណាចេញទៅចាប់ត្រីលើសមុទ្រ ខ្លាចកូនៗធ្លាក់ក្នុងទឹក ក៏ចងពួកគេជាមួយទូក ។ កាលណាទូកណែនពេកនៅជុំគ្នាពុំបាន ពួកគេនឹងចែកផ្ទះ។ ការចែកផ្ទះរបស់អ្នករស់នៅលើទូក គឺថែមទូកមួយគ្រឿងទៀត ដើម្បីឱ្យកូនៗដែលពេញវ័យនៅដោយឡែកពីពុកម៉ែ។ ដោយសារស្នាក់នៅក្នុងទីចង្អៀតលើទូករយៈពេលយូរឆ្នាំ អ្នកស្នាក់នៅលើទូក ធម្មតាមានមាឌស្គមតូច ជើងកោង។
បន្ទាប់ពីប្រទេសចិនថ្មីបានបង្កើតឡើង អ្នកស្នាក់នៅលើទូកចាប់ផ្តើមរើផ្ទះមកលើដីគោកជាបណ្តើរៗ។ ប៉ុន្តែ រហូតដល់ឆ្នាំ ១៩៩៧ នៅភាគខាងកើតខេត្តហុកគៀន អ្នកដែលស្នាក់នៅលើទូកដែលត្រូវរើផ្ទះមកលើដីគោកនៅតែមានចំនួនលើសពីរាប់ម៉ឺននាក់។
ថ្ងៃមួយនៃចុងខែមេសា ឆ្នាំ ១៩៩៨ នៅឆ្នេរភូមិបៃតូវ ឃុំយេនធាន ស្រុកស្យាភូ ទូកជាច្រើនគ្រឿងចតជាជួរ ទូករបស់ក្រុមគ្រួសារលោក Yang Yongxiong ចតនៅទីជិតនឹងច្រាំង។ ជិតដល់ពេលថ្ងៃត្រង់ ពួកគេទើបដាំស្លរួច ក៏ឃើញមនុស្សមួយក្រុមដើរមកកាន់ទូករបស់ខ្លួន ហើយលើកឡើងថាចង់ឡើងទូកមើលមើល៍។ សម្ភារៈប្រើប្រាស់ដាក់ពេញទូក មិនសូវមានកន្លែងទំនេរទេ។ លោក Yang Yongxiong ក៏នាំប្រព័ន្ធនិងកូនៗចាំនៅមាត់ច្រាំង សល់តែឳពុកអាយុប្រហែល ៨០ ឆ្នាំនៅទទួលភ្ញៀវលើទូក។ បន្ទាប់ពីណែនាំ ទើបលោក Yang Yongxiong ស្គាល់ថា លោក Xi Jinping លេខារងបក្សប្រចាំខេត្តមកស្វែងយល់ជីវភាពរបស់អ្នកស្នាក់នៅលើទូក។
លោក Xi Jinping រាងខ្ពស់ ឯកាប៊ីនទូកទាប លោកដើរចូលយ៉ាងពិបាក។លោកតាYang បានរៀបដុំឈើដែលប្រើជាខ្នើយផងជាកៅអីផង ដើម្បីអញ្ជើញភ្ញៀវអង្គុយ។
“លោកតាស្នាក់នៅលើទូកចាប់ពីពេលណា ឥឡូវជីវភាពយ៉ាងម៉េចដែរ ?” លោក Xi Jinping សួរត្រង់ៗ។
“ពេលដឹងក្តីគឺស្នាក់នៅលើទូកហើយ ពីមុនជីវិតជូរចត់ណាស់ បន្ទាប់ពីរំដោះជាតិទទួលបានដីឆ្នេរខ្លះ ជីវភាពធូរជាងមុន។ ”
“កាលពីទសវត្សឆ្នាំ ៦០ រដ្ឋាភិបាលបានជួយប្រជាជនដែលរស់នៅលើទូកឱ្យទៅរស់នៅលើគោក ហេតុអ្វីពេលនោះមិនបានទៅរស់នៅលើគោក?” “ស៊ាំនឹងជីវិតលើសមុទ្រយូរហើយ បើឡើងលើគោកខ្លាចថាមិនមានដី រស់នៅមិនបាន។ ” “តើឥឡូវចង់ទៅរស់នៅលើគោកច្រាំងទេ?”
“ឥឡូវបានឃើញអ្នកដទៃទៅរស់នៅលើគោកហើយទៅធ្វើការឱ្យគេ លក់គ្រឿងសមុទ្រ ជីវភាពប្រសើរឡើង បើមានឱកាសយើងខ្ញុំក៏ទៅដែរ។”
កាលនោះទោះមិនទាន់ដល់រដូវក្តៅក្តី ប៉ុន្តែបន្ទប់តូចចង្អៀតណាស់ មិនយូរប៉ុន្មាន ក្នុងទូកក៏ក្តៅស្អុះខ្លាំង។
សភាពការណ៍ថ្ងៃនោះ លោកតា Yang តែងយកទៅនិយាយជាមួយញាតិមិត្ត។
អ្នកស្នាក់នៅលើទូករើផ្ទះទៅស្នាក់នៅលើគោក ជាការងារពិបាក។ ក្រៅពីបញ្ហាផ្ទះ គឺត្រូវដោះស្រាយបញ្ហាមួយចំនួនដូចជា ការអប់រំរបស់ក្មេងៗ ដីធ្លី ទឹក អគ្គិសនី និងផ្លូវជាដើម។
នាចុងឆ្នាំ ១៩៩៨ លោក Xi Jinping ធ្វើជាអធិបតីក្នុងកិច្ចប្រជុំការងារជួយអ្នកស្នាក់នៅលើទូកឱ្យទៅរស់នៅលើគោកនៅក្រុងហ្វូអាន់ ។ លោកបាននិយាយថា ៖ "សមាជិកបក្សកុម្មុយនីស្តគេងមិនស្កប់ហូបមិនឆ្ងាញ់ទេបើបងប្អូនប្រជាពលរដ្ឋយើងនៅតែមានជីវភាពរស់នៅក្រលំបាក! បើអ្នកនេសាទស្នាក់នៅលើទូកមិនទាន់ទទួលបានជីវភាពធូរធារបង្អួរ នោះខេត្តទាំងមូលក៏មិនបានសម្រេចភាពធូរធារបង្គួរដែរ។ ការងារនេះចាំបាច់ត្រូវធ្វើឱ្យបានល្អ មិនបោះបង់ចោលអ្នកស្នាក់នៅលើទូកណាម្នាក់ទេ ទាំងអស់គ្នាសុទ្ធតែត្រូវមានជីវភាពរស់នៅដ៏សុភមង្គលយ៉ាងប្រាកដប្រជា។"
បន្ទប់មក ការងារជួយអ្នកស្នាក់នៅលើទូកឱ្យរើផ្ទះទៅស្នាក់នៅលើគោកបានត្រូវជំរុញយ៉ាងលឿន។
គ្មានដីធ្លីតើត្រូវធ្វើដូចម្តេច? ចាក់ដីបំពេញឆ្នេរដើម្បីបានទីកន្លែងសាងសង់លំនៅដ្ឋាន រដ្ឋបាលផ្តល់ដីធ្លីដោយឥតគិតថ្លៃ មិនយកពន្ធដីធ្លី។
កង្វះហេដ្ឋារចនាសម្ព័ន្ធតើត្រូវធ្វើដូចម្តេច? រដ្ឋាភិបាលទទួលខុសត្រូវការងារតភ្ជាប់ការងារ៥វិស័យគឺ ផ្លូវថ្នល់ អគ្គិសនី ទឹក ទូរគមនាគមន៍ សេវាវិទ្យុនិងទូរទស្សន៍។
គ្មានលុយសង់ផ្ទះថ្មីតើត្រូវធ្វើដូចម្តេច? រដ្ឋផ្តល់ថវិកាជួយសាងសង់លំនៅដ្ឋាន។
ផ្ទះល្វែងថ្មីមួយខ្នងហើយមួយខ្នងទៀតបានកសាងរួចយ៉ាងឆាប់រហ័ស ទីបំផុតអ្នកស្នាក់នៅលើទូកមានផ្ទះស្នាក់នៅលើគោក។
ឆ្នាំ ១៩៩៩ ក្រុមគ្រួសារលោក Yang Yongxiong បានរើទៅស្នាក់នៅក្នុងសហគមន៍រស់នៅ។ ផ្ទះទំហំ ៨០ ម៉ែត្រការ៉េ ដីធ្លីចាត់ចែងដោយរដ្ឋបាល ការសង់ផ្ទះបានចំណាយទឹកប្រាក់ចំនួន ១ម៉ឺន២ពាន់យាន់ ក្នុងនោះសមាជិកគ្រួសារម្នាក់ទទួលបានថវិកាឧបត្ថម១ពាន់យាន់ពីរដ្ឋបាល ចំណាយជាក់ស្តែងតែជាង ៦ ពាន់យាន់។
ជាង ២០ឆ្នាំបានកន្លងផុតទៅ លោក Yang Yongxiong នៅចាំច្បាស់ណាស់ថា នៅយប់ទីមួយដែលបានឡើងស្នាក់នៅលើគោក ក្នុងសហគមន៍ ផ្ទះណាៗក៏ភ្លឺ មនុស្សជាច្រើនពិបាកចូលគេង ព្រោះ “ស្រាប់តែមិនឃ្លេងឃ្លោងដោយសារទឹករលក បែរជាពុលគ្រែទៅវិញ ៕”