ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ៩០ លាននាក់មិនមែនជាទីបញ្ចប់នៃ"សោកនាដកម្មរបស់អាមេរិក"នោះទេ
2022-07-22 15:09:53cri
Share with:

    យោងតាមទិន្នន័យស្ថិតិថ្មីបំផុតដែលចេញផ្សាយដោយសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា គិតមកទល់វេលាម៉ោង ៦ និង ២១ នាទីនៅថ្ងៃទី ២១ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង នៅទូទាំងសហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ៩០ លាន ១ ម៉ឺន ៣ ពាន់ ៤ រយនាក់និងករណីស្លាប់សរុបលើសពី ១ លាន ២ ម៉ឺន ៥ ពាន់ ៦ រយ នាក់ ទិន្នន័យទាំងពីរនេះសុទ្ធតែបានឈនៅលំដាប់ថ្នាក់ទី ១ លើទូទាំងពិភពលោក ។

    បើនិយាយចំពោះសហរដ្ឋអាមេរិក តើករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ៩០ លាននាក់ វាបង្កប់អត្ថន័យយ៉ាងណា ? ពោលគឺ គិតជាមធ្យម ក្នុងចំណោមរាល់ជនជាតិអាមេរិក ៣,៦ នាក់ ក៏មានម្នាក់ឆ្លងជំងឺកូវីដ ១៩ ដែរ ។ ប៉ុន្តែ សភាពការណ៍ជាក់ស្តែងប្រហែលមានភាពកាន់តែធ្ងន់ធ្ងរទៅទៀត ។ អ្នកជំនាញនិងប្រព័ន្ធសារព័ត៌មានអាមេរិកជាច្រើនបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ដោយសារជនជាតិអាមេរិកជាច្រើននាក់បាននិងកំពុងធ្វើតេស្តរកវីរុសដោយខ្លួនឯងនៅផ្ទះឬក៏មិនបានធ្វើតេស្តទាល់តែសោះ បានជាបណ្តាលឱ្យករណីឆ្លងជំងឺកូវីដ ១៩ ដ៏ពិតប្រាកដក្នុងក្របខណ្ឌទូទាំងអាមេរិកមានលទ្ធភាពត្រូវបានប៉ាន់ប្រមាណទាបយ៉ាងខ្លាំង ។

    តាំងពីចូលឆ្នាំនេះមក ករណីឆ្លងជំងឺកូវីដ ១៩ សរុបនៅសហរដ្ឋអាមេរិកបានវាយទម្លុះ ៦០ លាននាក់ ៧០ លាននាក់ ៨លាននាក់និង ៩០ លាននាក់ជាបន្តបន្ទាប់ ។ នៅពីក្រោយតួលេខដែលមានលក្ខណៈគ្រោះមហន្តរាយទាំងនេះ ជារឿងលម្អិតដ៏មានលក្ខណៈសោកនាដកម្មកាន់តែជាក់ស្តែង ពោលគឺ តាំងពីចូលឆ្នាំនេះមក នៅអាមេរិកបានរកឃើញកុមារលើសពី ៦ លាននាក់បានឆ្លងជំងឺកូវីដ ១៩ បច្ចុប្បន្ននេះ កុមារជាង ២៥ ម៉ឺននាក់នៅអាមេរិកបានក្លាយជា"កុមារកំព្រាកូវីដ ១៩ "ដោយសារកំព្រាឪពុកម្តាយឬអាណាព្យាបាលផ្សេងទៀត ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប្រហែលមានកុមារមួយជំនាន់ប្រឈមនឹងឧបសគ្គខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។ ទន្ទឹងមនឹងវីរុសកូវីដ ១៩ បម្លែងថ្មីប្រភេទ Omicron BA.5 និង BA.4 ពន្លឿនការចម្លងនៅទូទាំងពិភពលោក តាមការប៉ាន់ប្រមាណ នឹងមានប្រជាជនអាមេរិកលើសពីពាក់កណ្តាលរស់នៅតំបន់ដែលមានហានិភ័យខ្ពស់ ។

    គួររំលឹកថា ក្នុងនាមជាប្រទេសមហាអំណាចផុតលេខតែមួយគត់នៅលើពិភពលោក សហរដ្ឋអាមេរិកបែរជាបានក្លាយជា"ប្រទេសទទួលបរាជ័យធំជាងគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩" ។ ភាពខុសគ្នាយ៉ាងខ្លាំងនេះបានឆ្លុះបញ្ចាំងពីភាពជាប់គាំងនៃប្រព័ន្ធរបបនយោបាយរបស់អាមេរិកនិងការគ្មានប្រសិទ្ធភាពនៃអភិបាលកិច្ចប្រទេសជាតិ ហើយក៏បានឆ្លុះបញ្ចាំងពីមុខមាត់ពិតប្រាកដរបស់អ្នកនយោបាយអាមេរិកដែលតម្កល់ទុកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនលើអាយុជីវិតរបស់ប្រជាជនផងដែរ ។

    បច្ចុប្បន្ននេះ ខណៈពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកជិតចូលមកដល់ ការបដិបក្ខគ្នារវាងគណបក្សទាំងពីរក៏មានភាពកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រឈមនឹងបញ្ហាលំបាក់ជាច្រើនក្នុងស្រុកអាមេរិក ដូចជា អតិផរណាកើនឡើងយ៉ាងខ្លាំងនិងករណីអំពើហិង្សាដោយកាំភ្លើងកើតឡើងជាញឹកញាប់ជាដើម រដ្ឋាភិបាលអាមេរិកបាននិងកំពុងធ្លាក់ក្នុងភាពជាប់គាំងទៅហើយ ហើយក៏កាន់តែមិនអាចរំពឹងទុកថា ពួកគេនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនោះដែរ ។ ប្រការទាំងនេះមុខជានឹងបណ្តាលឱ្យទិន្នន័យអំពីការរីករាលដាលនៃជំងឺកូវីដ ១៩ បានកើនឡើងឥតឈប់ឈរជាក់ជាមិនខាន ចំណែកឯករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ៩០ លាននាក់គឺ មិនមែនជាទីបញ្ចប់នៃ"សោកនាដកម្មរបស់អាមេរិក"នោះឡើយ 

    ខណៈពេលដែលករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានឡើងដល់ ១ លាននាក់កាលពីពាក់កណ្តាលខែឧសភា ឆ្នាំនេះ  លោក ចូ បៃដិនប្រធានាធិបតីអាមេរិកបានពិពណ៌នាថា វាជា"កំណត់ត្រាសោកនាដកម្ម"មួយ ហើយបានដាស់តឿនប្រជាជនអាមេរិកកុំឱ្យមានភាពព្រងើយកន្តើយចំពោះទឹកចិត្តក្រៀមក្រំបែបនេះ ។ អ្វីដែលគួរឱ្យអស់សំណើចនោះ គឺ បច្ចុប្បន្ននេះ អ្នកដែលព្រងើយកន្តើយមិនអើពើរនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង គឺអ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនហ្នឹងឯង ។ ប្រឈមនឹងអាយុជីវិតដែលបាននិងកំពុងបាត់បង់ទៅជាបន្តបន្ទាប់និងក្រុមគ្រួសារជាច្រើនរាប់មិនអស់ដែលបាននិងកំពុងបាត់បង់សាច់ញាតិដោយសារជំងឺកូវីដ ១៩ ពាក្យស្លោកដែលហៅថា"ប្រជាធិបតេយ្យ"និង"សិទ្ធិមនុស្ស"ដែលពួកគេប៉ុនប៉ងវេចខ្ចប់និងឃោសនាបំប៉ោងនោះត្រូវបានបង្ខូចយ៉ាងធ្ងន់ធ្ងរជាយូរមកហើយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស