ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅតំបន់មជ្ឈិមបូព៌ាដែលមានគោលបំណងស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនពិតជានឹងទទួលបរាជ័យជាក់ជាមិនខាន
2022-07-19 14:44:41cri
Share with:

    នៅថ្ងៃទី ១៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ ខណៈពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានទៅដល់ទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា អ្វីៗដែលទទួលការវិលត្រឡប់មកវិញរបស់លោក គឺ ការនិយាយផ្គើននិងសើចចំអកពីប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់អាមេរិក ។ ទស្សនាវដ្តីThe New Yorkerរបស់អាមេរិកបានវាយតម្លៃថា ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃបានរំលេចនូវការទទួលបរាជ័យទាំងស្រុងរបស់លោក ចូ បៃដិន ក្នុងគោលនយោបាយនៅមជ្ឈិមបូព៌ា ។

    សូមបញ្ជាក់ថា បញ្ហាថាមពលគឺជាការរៀបចំចាត់ចែងដ៏សំខាន់ក្នុងដំណើរទស្សនកិច្ចលើកនេះ ។ នៅថ្ងៃដែលលោកបានជិះយន្តហោះទៅដល់អ៊ីស្រាអែល ក្រសួងការងារអាមេរិកបានចេញផ្សាយសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់CPIរបស់អាមេរិកនៅខែមិថុនា ឆ្នាំ២០២២ ដោយបង្ហាញថា បានកើនឡើង ៩.១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជិត ៤១ ឆ្នាំកន្លងទៅ ។ ទិន្នន័យនេះមិនត្រឹមតែបានបណ្តាលឱ្យអត្រាគាំទ្ររបស់លោក ចូ បៃដិនធ្លាក់ចុះយ៉ាងខ្លាំងបំផុតប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ជាក់ថែមមួយកម្រិតទៀតនូវគោលបំណងរបស់លោកក្នុងដំណើរទស្សនកិច្ចលើកនេះផងដែរ ។ ដូចការវិភាគរបស់កាសែតThe New York Timesដែលបានលើកឡើងថា តើត្រូវនិយាយបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីតឱ្យបង្កើនបរិមាណផលិតប្រភពធនធានប្រេងកាតនិងឧស្ម័នយ៉ាងដូចម្តេច គឺជាចំណុចលេចធ្លោគួរឱ្យចាប់អារម្មណ៍បំផុតដែលត្រូវទទួលស្គាល់ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិនៃដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅមជ្ឈិមបូព៌ា ។

    ប៉ុន្តែ បើសិនជាមើលសេចក្តីថ្លែងការណ៍រួមយ៉ាងល្អិតល្អន់ដែលបានចេញផ្សាយបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោក ចូ បៃដិន និងមេដឹកនាំអារ៉ាប៊ីសាអូឌីតអាចឃើញថា ភាគីអារ៉ាប៊ីសាអូឌីតមិនបានសន្យាយ៉ាងជាក់លាក់ចំពោះការបង្កើនបរិមាណផលិតប្រេងកាតយ៉ាងខ្លាំងនោះទេ ។ លោក Adel bin Ahmed Al-Jubeir រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានលើកឡើងថា តើអារ៉ាប៊ីសាអូឌីតនឹងបង្កើនបរិមាណផលិតប្រេងកាតឬអត់ វាស្ថិតនៅលើបញ្ហាថា តើទីផ្សារមានកង្វះខាតក្នុងការផ្គត់ផ្គង់ឬទេ ? ។

    ព្រមពេលជាមួយគ្នានេះ អ្វីដែលហៅថា គោលដៅរបស់អាមេរិកដែលប៉ុនប៉ងពង្រឹងប្រព័ន្ធសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាក៏ទទួលបរាជ័យផងដែរ ។ មុនពេលបំពេញទស្សនកិច្ច ប្រព័ន្ធសារព័ត៌មានអាមេរិកធ្លាប់ទម្លាយឱ្យដឹងថា លោក ចូ បៃដិន នឹងបង្កើតជាសម័្ពន្ធយោធាដែលបូករួមទាំងប្រទេសឈូងសមុទ្រនិងអ៊ីស្រាអែលនៅឯកិច្ចប្រជុំកំពូលអំពី"សន្តិសុខនិងការអភិវឌ្ឍ"ដែលបើកធ្វើនៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត រហូតដល់បង្កបង្កើតជា"អង្គការណាតូនៅមជ្ឈិមបូព៌ា" ។ យ៉ាងណាមិញ លោក Mustafa Kadhemi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានអះអាងថា អ៊ីរ៉ាក់មិនធ្លាប់មានពីមុនហើយនៅពេលអនាគតក៏នឹងមិនចូលរួមសម្ព័ន្ធមិត្តយោធាក្នុងតំបន់ណាមួយនោះឡើយ ។ ប្រការនេះអាចឃើញថា ប្រទេសមជ្ឈិមបូព៌ាបានដឹងច្បាស់ហើយថា អ្វីដែលហៅថា "អង្គការណាតូនៅមជ្ឈិមបូព៌ា"គឺជាបក្ខពួកតូចដែលប៉ុនប៉ងបង្កការបដិបក្ខគ្នា វានឹងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន ។

    ចំណែកគោលបំណងរបស់អាមេរិកដែលប៉ុនប៉ងបណ្តេញចិននិងរុស្ស៊ីឱ្យចេញពីតំបន់មជ្ឈិមបូព៌ា វាកាន់តែជាសុបិនពេលថ្ងៃ ។ តំបន់មជ្ឈិមបូព៌ាមិនមែនជា"ទីធ្លាខាងក្រោយ"របស់អ្នកណានោះទេ ហើយសូមស្វាគមន៍ប្រទេសទាំងអស់ដែលបាននិងកំពុងជួយដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួនដោយស្មោះត្រង់ ។ លោក Adel bin Ahmed Al-Jubeir រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានបង្ហាញយ៉ាងជាក់លាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ទីផ្សារថាមពលនិងជាអ្នកវិនិយោគដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត ។

    ប្រឈមនឹងការពិតជាក់ស្តែង ប្រទេសមជ្ឈិមបូព៌ាបានដឹងច្បាស់ណាស់ថា៖អាមេរិកមិនដែលយកចិត្តទុកដាក់យ៉ាងពិតប្រាកដដល់ការអភិវឌ្ឍរបស់ប្រទេសមជ្ឈិមបូព៌ានោះទេ វាគ្រាន់តែចាត់ទុកមជ្ឈិមបូព៌ាជាឧបករណ៍នយោបាយនិងកូនអុកប៉ុណ្ណោះ ពោលគឺ បើសិនជាត្រូវការ ក៏យកមកប្រើប្រាស់ បើមិនត្រូវការ ក៏លះបង់ចោល ។

    ជាការពិតណាស់ មូលហេតុកាន់តែស៊ីជម្រៅគឺ ស្ថិតនៅលើនិម្មាបនកម្មពិភពលោកបាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងជាតិរបស់អាមេរិកកំពុងធ្លាក់ថមថយ ។ ដោយឡែកដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅមជ្ឈិមបូព៌ាដែលមិនទទួលបានលទ្ធផលអីសោះបានបង្ហាញឱ្យឃើញថា ឧបាយកលរបស់អ្នកនយោបាយអាមេរិកដែលប៉ុនប៉ងចាត់ទុកមជ្ឈិមបូព៌ាជាកូនអុកសម្រាប់ការបដិបក្ខគ្នាខាងភូមិសាស្ត្រនយោបាយនិងជាឧបករណ៍សម្រាប់ឆក់យកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនបានទទួលបរាជ័យទាំងស្រុង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស