ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖យុវជនចិនក្នុងយុគសម័យថ្មីដែលមានសុបិនធ្វើឱ្យប្រទេសជាតិខ្លាំងក្លាក្នុងដូងចិត្ត ខិតខំធ្វើជាអ្នកឈានមុខដោយអង់អាចក្លាហាន
2022-07-13 09:13:52cri
Share with:

    មូលដ្ឋានគ្រឹះនៃទន្លេមួយគឺ ស្ថិតនៅត្រង់ប្រភព ចំណែកឯអនាគតនៃប្រទេសមួយវិញគឺ ស្ថិតនៅត្រង់យុវជន ។

    យុវជនគឺជាកម្លាំងដ៏វិជ្ជមាននិងរស់រវើកបំផុតក្នុងសង្គមទាំងមូល យុវជនជាក្តីសង្ឃឹមរបស់ប្រទេសជាតិ ហើយក៏ជាអនាគតរបស់ប្រទេសជាតិផងដែរ ។ យុវជនចិនជាកម្លាំងឈានមុខក្នុងការសម្រេចបាននូវភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញជាប់រហូតមក ។

    ដោយសារប្រវតិ្តកើតជំងឺមួយលើករបស់លោក Feng Zhiwei ជាយុវជនហុងកុងនៅកាលពីមុន ដូច្នេះ លោកក៏បានភ្ជាប់និស្ស័យជាមួយពេទ្យចិនសែ ។ កាលពីឆ្នាំ ២០១៨ បន្ទាប់ពីបានគិតពិចារណាដោយមធ្យ័ត ទីបំផុត លោក Feng Zhiwei បានសម្រេចចិត្តសិក្សាពីមុខវិជ្ជាពេទ្យចិនសែនៅសាកលវិទ្យាល័យឱសថនិងពេទ្យចិនសែ Nanjing ។ បន្ទាប់ពីចាប់ផ្តើមការសិក្សា      ជាផ្លូវការ លោក Feng Zhiwei ទើបមានអារម្មណ៏ថា ពេទ្យចិនសែមានភាពអស្ចារ្យនិងអច្ឆរិយ ។ ពេលអនាគត លោករំពឹងថា នឹងបន្តការសិក្សាដើម្បីក្លាយជាអ្នកបន្តវេនពេទ្យចិនសែឱ្យបានល្អ ។

    លោក Xu Danyang បានកើតក្រោយពីឆ្នាំ ១៩៩៥ ជាបុរាណវិទូម្នាក់ គឺជាបុរាណវិទូម្នាក់នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវវត្ថុបុរាណនិងបុរាណវិទ្យាខេត្ត Si chuan ។ ក្នុងចំណាប់អារម្មណ៍របស់មនុស្សភាគច្រើន បុរាណវិទូភាគច្រើនគឺជា អ្នកជំនាញនិងបញ្ញវន្តជើងចាស់ ។ យ៉ាងណាមិញ ក្នុងការងារបុរាណវិទ្យានៅជួរមុខរបស់ប្រទេសចិនតែងតែមានយុវជនជាច្រើននាក់បំពេញភារកិច្ចយ៉ាងឧស្សាហ៍ព្យាយាម ។ លោកបាននិយាយថា "រាល់ពេលដែលក្រឡេកទៅមើលពីវត្ថុបុរាណ សុទ្ធតែនឹងកើតមានការអង្រួនដូងចិត្តដែលមិនអាចពិពណ៌នាបាន "។ នៅកន្លែងបំពេញការងារបុរាណវិទ្យា អ្នកដែលដោះលេខសម្ងាត់អាថ៌កំបាំងនៃវត្ថុបុរាណដ៏មានតម្លៃទាំងនេះភាគច្រើន គឺ បុរាណវិទូដែលកើតក្រោយពីទសវត្សរ៍ឆ្នាំ ៩០ ។

    សូមបញ្ជាក់ថា យុវជនក្នុងយុគសម័យថ្មីនៃប្រទេសចិនពោរពេញទៅដោយភាពក្លៀវក្លា កម្លាំងរស់រវើក កាតព្វកិច្ចនិងទំនួលខុសត្រុវ ក្នុងដំណើរកសាងវិស្វកម្មដ៏សំខាន់ៗដែលឆ្លុះបញ្ចាំងពីកម្លាំងជាតិចម្រុះនិងផ្សព្វផ្សាយឆន្ទៈមុះមុតជាតិ ក្នុងគ្រាឆ្លើយតបនឹងភាពអាសន្នខាងវិបតិ្តសាធារណៈ ក្នុងគ្រាដ៏គន្លឹះប្រឈមនឹងការស្លាប់រស់ ពួកគេឥតរួញរាទេ ហើយបាននិងកំពុងធ្វើតាមពាក្យសន្យាចំពោះប្រទេសនិងប្រជាជនតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ។

    បន្ទាប់ពីបានផ្ទុះជំងឺកូវីដ ១៩ មក ក្រុមយុវជនឈានមុខជាង ៣២ ម៉ឺនក្រុមនិងយុវជនជាង ៥៥០ ម៉ឺន នាក់បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ យ៉ាងមមាញឹកលើគ្រប់វិស័យ ដូចជា សុខាភិបាលនិងសង្គ្រោះបន្ទាន់ គមនាគមន៍និងចរាចរណ៍ទំនិញព្រមនិងការស្ថាបនាវិស្វកម្មសំខាន់ៗជាដើមនិងបានរួមចំណែកយ៉ាងសំខាន់ក្នុងការយកឈ្នះលើសមរភូមិនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ជាពិសេស ក្នុងចំណោមគិលានុបដ្ឋាយិកាចំនួន ២៨៦០០ នាក់ក្នុងក្រុមជំនាញវេជ្ជសាស្ត្រដែលបានជួយខេត្តហ៊ូប៉ី អ្នកដែលមានអាយុជាង ៤០ ឆ្នាំឬ ៣០ ឆ្នាំមានចំនួនដល់ទៅ ៩០ ភាគរយនៃចំនួនគិលានុបដ្ឋាយិកាសរុប ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ពួកគេមិនខ្លាចពលីជីវិតនិងឧស្សាហ៍ព្យាយាមបំពេញការងារយ៉ាងអង់អាចក្លាហាន ហើយទទួលបានជ័យជម្នះក្នុងការសាកល្បងដ៏សំខាន់លើកនេះ ។

    មិនថាបំពេញការងារនៅកន្លែងវិស្វកម្មជាយុទ្ធសាស្ត្រ ដូចជា ការបង្ហូរឧស្ម័នធម្មជាតិពីភាគខាងលិចទៅខាងកើតនិងការផ្ទេរទឹកពីភាគខាងត្បូងទៅខាងជើងជាដើមឬមួយក៏នៅការដ្ឋាននៃគម្រោងជានីមិត្តសញ្ញា ដូចជា ស្ពានហុងកុង-ជូហៃ-ម៉ាកាវ អាកាសយានដ្ឋានអន្តរជាតិ Da xing ក្រុងប៉េកាំងនិងកុមប្រេស័រដើរដោយថាមពលនុយគ្លេអ៊ែរ"Hua long លេខ ១ "ក៏ដោយ ក៏ទង់នៃ"ក្រុមយុវជនឈានមុខ"និង"ក្រុមយុវជនពុះពារឧបសគ្គសំខាន់"បានបក់រវិចៗនៅគ្រប់ទីកន្លែង ។

    យុវជនចិនស្វែងរកវឌ្ឍនភាពខាងនយោបាយ ហើយឆន្ទៈរបស់ពួកគេដែលចង់ចូលជាសមាជិកបក្សកុម្មុយនីស្តចិននិងសម្ព័ន្ធយុវជនកុម្មុយនីស្តចិនបានលាន់ឮកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់ ។ យោងតាមទិន្នន័យស្ថិតិបានឱ្យដឹងថា គិតរហូតដល់ខែមិថុនា ឆ្នាំ ២០២១ សមាជិកបក្សកុម្មុយនីស្តចិនដែលមានអាយុក្រោម ៣៥ ឆ្នាំមានចំនួនសរុប ២៣ លាន ៦ សែន ៧ ម៉ឺន ៩ ពាន់នាក់ ត្រូវជា ២៤,៩ ភាគរយនៃបរិមាណសរុប ។ គិតរហូតដល់ដំណាច់ឆ្នាំ ២០២១ សមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្តចិនមានចំនួនសរុប ៧៣ លាន ៧ សែន ១ ម៉ឺន ៥ ពាន់នាក់ ។

    សង្គមគឺជាថ្នាក់រៀនដ៏សំខាន់សម្រាប់ការធំធាត់ឡើងនិងការអភិវឌ្ឍរបស់យុវជន ។ យុវជនចិនក្នុងយុគសម័យថ្មីប្រកាន់ខ្ជាប់នូវអាកប្បកិរិយាដែលកាន់តែមានជំនឿចិត្តលើខ្លួនឯងនិងស្មារតីដែលកាន់តែមានភាពម្ចាស់ការដើម្បីសម្របខ្លួនទៅនឹងសង្គម រួមបញ្ចូលជាមួយសង្គម ក៏ដូចជាចូលរួមក្នុងដំណើរការអភិវឌ្ឍនៃសង្គម ហើយបានក្លាយជាអ្នកផ្តួចផ្តើមនិងអ្នកអនុវត្តនៃកម្លាំងវិជ្ជមាន ។

    គិតរហូតដល់ដំណាច់ឆ្នាំ ២០២១ អ្នកស្ម័គ្រចិត្តចុះបញ្ជីក្នុងប្រព័ន្ធព័ត៌មានស្តីពីសេវាកម្មស្ម័គ្រចិត្តនៅទូទាំងប្រទេសចិនដែលមានអាយុពី ១៤ ដល់ ៣៥ ឆ្នាំមានចំនួនលើសពី ៩០ លាននាក់ ។ ពួកគេបាននិងកំពុងចូលរួមការងារនៅជួរមុខយ៉ាងសកម្មក្នុងគ្រប់វិស័យ ដូចជា កិច្ចកសាងសហគមន៍ ការប្រកួតកីឡាទ្រង់ទ្រាយធំ ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ សុខាភិបាលនិងការជួយសង្គ្រោះបន្ទាន់ជាដើម ដែលបានបង្កើតជាឥរិយាបថសង្គមថ្មីដែលសាមគ្គីគ្នានិងជួយយកអាសាគ្នាទៅវិញទៅមកប្រកបដោយសមភាពនិងសេចក្តីស្រឡាញ់ក្នុងសង្គមទាំងមូល។

    គិតរហូតដល់ឆ្នាំ ២០២១ យុវជនចំនួន ៤៧ ម៉ឺននាក់បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់កាគាំទ្រដល់វិស័យអប់រំ កសិកម្មនិងសុខាភិបាលនៅតំបន់មូលដ្ឋាន ចំណែកឯនិស្សិតវ័យក្មេងរាប់លាននាក់វិញបានចូលរួមសកម្មភាពអនុវត្តជាក់ស្ដែងក្នុងសង្គមគ្រប់បែបយ៉ាងដើម្បីបំពេញបំន្ថែមកម្លាំងចលករថ្មីសម្រាប់យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនិងជំរុញឱ្យជនបទមានភាពរុងរឿងឡើងវិញ ។

    យុវជនចិនក្នុងយុគសម័យថ្មីបង្ហាញឱ្យឃើញទៅកាន់ពិភពលោកនូវការស្រមើស្រមៃនិងកម្លាំងផលិតកម្ម ការរំដោះគំនិតនិងធ្វើការត្រួសត្រាយនិងស្វែងរកការរីកចម្រើន ក៏ដូចជាហ៊ានចូលរួមក្នុងការប្រកួតប្រជែងអន្តរជាតិដែលកាន់តែខ្លាំងក្លាពីមួយថៃ្ងទៅមួយថ្ងៃ ។ ដោយទទួលបានផលប្រយោជន៍ពីគោលនយោបាយល្អរបស់បក្សនិងរដ្ឋ ពួកគេបានក្លាយជាកម្លាំងរស់រវើកសម្រាប់ច្នៃប្រឌិតថ្មីនិងបង្កើតអាជីពក្នុងគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច សង្គម បច្ចេកវិទ្យានិងវប្បធម៌ជាដើម ។

    គួរបញ្ជាក់ដែរថា បុគ្គលិកសិក្សាស្រាវជ្រាវស្នូលនៃក្រុមផ្កាយរណប Beidou មានអាយុគិតជាមធ្យម គឺ ៣៦ ឆ្នាំ ក្រុមវិទ្យាសាស្ត្រ quantum មានអាយុគិតជាមធ្យម គឺ ៣៥ ឆ្នាំ ចំណែកឯក្រុមតេឡេស្កូប FAST របស់ចិនមានអាយុគិតជាមធ្យមត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ ។ ពួកគេបានលើកកម្ពស់យ៉ាងខ្លាំងនូវកម្លាំងចលករចំពោះការអភិវឌ្ឍនិងកម្លាំងប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសចិនតាមរយៈចំណេះដឹងនិងបច្ចេកវិជ្ជាដ៏ជំនាញរបស់ខ្លួន ។

    យុវជនជាអនាគតរបស់ប្រទេសជាតិ ហើយក៏ជាអនាគតរបស់ពិភពលោកផងដែរ ។ យុវជនចិនក្នុងយុគសម័យថ្មីមិនត្រឹមតែមានមនោសញ្ចេតនាស្នេហាមាតុប្រទេសផង ហើយក៏មានមនោសញ្ចេតនាយកចិត្តទុកដាក់ដល់មនុស្សជាតិដែរ ។ ពួកគេបាននិងកំពុងរៀនសូត្រយ៉ាងសកម្មនូវបទពិសោធដ៏មានតម្លៃនិងសមិទ្ធផលជាផ្លែផ្កានៃអរិយធម៌របស់ប្រទេសនានា រួមសហការជាមួយយុវជនប្រទេសនានាលើពិភពលោកដើម្បីជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យនិងសេរីភាព ក៏ដូចជាពួតដៃគ្នាដើម្បីត្រួសត្រាយអនាគតកាន់តែល្អបវររបស់មនុស្សជាតិផងដែរ ។

    អ្នកស្ម័គ្រចិត្តនៃគ្រូបង្រៀនភាសាចិនអន្តរជាតិដែលចាត់ទុកយុវជនជាតួអង្គសំខាន់បានបម្រើការងារផែ្នកភាសាចិនក្នុងប្រទេសជាង ១០០ ដែលបានជួយយុវជនប្រទេសនានាឱ្យរៀនវប្បធម៌ចិន ។ "កម្មវិធីសេវាកម្មយុវជនស្ម័គ្រចិត្តចិននៅបរទេស"បានចាត់បញ្ជូនយុវជនស្ម័គ្រចិត្តសរុបជាង ៧០០ នាក់ដើម្បីផ្តល់សេវាលើគ្រប់វិស័យ ដូចជា សុខាភិបាល បច្ចេកវិទ្យាផែ្នកកសិកម្មនិងការអភិវឌ្ឍសង្គមជាដើមក្នុងប្រទេសជាង ២០ នៅអាស៊ី អាហ្វ្រិកនិងអាមេរិកឡាទីន ។ ឆ្លងតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន យុវជនចិនបានបញ្ជាក់ទៅកាន់ពិភពលោកថា ឱ្យតែប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោករួមចិត្តរួមកម្លាំងនិងពួតដៃគ្នារីកចម្រើនទៅមុខ នោះ អនាគតនៃការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិពិតជានឹងមានភាពកាន់តែល្អបវរជាក់ជាមិនខាន ។

    គួររំលឹកថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក យុវជនចិនក្នុងយុគសម័យថ្មីបានចាត់ទុកការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញជាភារកិច្ចផ្ទាល់ខ្លួននិងបានបង្ហាញឱ្យឃើញនូវស្មារតីស្តីពីការមានជំនឿចិត្តលើខ្លួនឯងនិងខិតខំតស៊ូដោយឯករាជ្យម្ចាស់ការបានទទួលការយកចិត្តទុកដាក់យ៉ាងដិតដល់និងកោតសរសើរពីសំណាក់សហគមន៍អន្តរជាតិ ។

    នាពេលថ្មីៗកន្លងទៅនេះ វេបសាយនៃកាសែតThe Statesmanរបស់ឥណ្ឌាបានចេញផ្សាយអត្ថបទដោយអះអាងថា យុវជនរបស់ប្រទេសចិនកំពុងរស់នៅក្នុងដំណាក់កាលដ៏ល្អបំផុតនៃការអភិវឌ្ឍសង្គមរបស់ប្រទេសចិនដោយទទួលបានចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយ ។ ពួកគេមិនដែលខ្លាចការលំបាកណាឡើយ ធ្វើការតស៊ូព្យាយាមនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ចូលរួមក្នុងកិច្ចកសាងដើម្បីជំរុញឱ្យជនបទមានភាពរុងរឿងឡើងវិញ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមគ្រប់បែបយ៉ាង ។ ជាងនេះទៅទៀត ពួកគេមិនត្រឹមតែយកចិត្តទុកដាក់ដល់មាតុប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍរបស់មនុស្សជាតិទាំងមូលផងដែរ ។

    ក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន វេបសាយnippoរបស់ជប៉ុនបានចេញផ្សាយអត្ថបទដោយអះអាងថា យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិមួយលើកស្តីពីការ"តើលោកអ្នកសម្គាល់ឃើញថា ប្រទេសខ្លួនអាចទទួលបានការកែលម្អនៅពេលអនាគតឬទេ ?"ដែលបានធ្វើចំពោះយុវជនយុវនារីដែលមានអាយុពី ១៧ ដល់ ១៩ ឆ្នាំចំនួន ៦០០០ នាក់របស់ប្រទេសចំនួន ៦ ដូចជា ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស ចិន កូរ៉េខាងត្បូងនិងឥណ្ឌាបានបង្ហាញឱ្យឃើញថា យុវជនចិន ៩៥,៧ ភាគរយពោរពេញទៅដោយសេចក្តីសង្ឃឹមចំពោះអនាគតរបស់ប្រទេសខ្លួន ។

    ពិភពលោកនៅពេលអនាគត គឺពាក់ព័ន្ធដល់អនាគតនិងជោគវាសនារបស់យុវជនយុវនារីគ្រប់រូប ហើយក៏ស្ថិតនៅលើការខិតខំតស៊ូព្យាយាមរបស់យុវជនយុវនារីគ្រប់រូបផងដែរ ។ យុវជនចិនលើកគំនិតផ្តួចផ្តើមចំពោះយុវជនពិភពលោកថា៖គួរប្រកាន់ខ្ជាប់ការស្វែងរកគុណតម្លៃរួមដែលឆ្ពោះទៅរកភាពល្អប្រសើរ ប្រមូលផ្តុំកម្លាំងខិតខំប្រឹងប្រែងនិងជួយយកអាសាគ្នា បង្ហាញពីស្មារតីដែលពោរពេញទៅដោយភាពក្លៀវក្លានិងរស់រវើក តស៊ូព្យាយាមនិងរ៉ាប់រងកាតព្វកិច្ចដ៏សំខាន់ដើម្បីជំរុញការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសជាតិ ក៏ដូចជារួមចំណែកជាប្រាជ្ញាស្មារតីនិងកម្លាំងកាយចិត្តរបស់ចិនដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ ។

    នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដំណើរថ្មីនៃកិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយបានចាប់ផ្តើម ហើយផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ បានឈានចូលឆ្នាំទី ២ ។ ឈរនៅចំណុចប្រសព្វគ្នានៃប្រវត្តិសាស្ត្រ ជំនាន់វ័យក្មេងចិននឹងទទួលការ"បណ្តាក់វេន"ពីជំនាន់មុន ដូច្នេះ "តួអង្គសំខាន់" "កម្លាំងឈានមុខ"និង"កម្លាំងរស់រវើក"ដ៏ច្រើនរាប់មិនអស់នឹងរួមចំណែកជាកម្លាំងយុវភាពរបស់ខ្លួនក្នុងការសម្រេចបាននូវសុបិនចិនដែលស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍរបស់នាវាយយក្សចិនឱ្យធ្វើនាវាចរណ៍ទៅមុខប្រកបដោយភាពនឹងនរនិងរឹងមាំ ក៏ដូចជាបំពេញបំន្ថែមកម្លាំងជាបន្តបន្ទាប់ដើម្បីវិបុលភាពនិងស្ថិរភាពនៃពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស