ចាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះឡើងកាន់មុខតំណែងមក ភាគីអាមេរិកបានអះអាងជាច្រើនលើកថា នឹងបង្កបង្កើត “របងការពារ”សម្រាប់ឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក ប៉ុន្តែ “របងការពារ”ជាស្អី អាមេរិកមិនបាននិយាយឱ្យបានច្បាស់ទេ ហើយក៏គ្មានសិទ្ធិសន្និដានដោយឯកតោភាគីនោះដែរ។ ថ្ងៃទី៩ ខែកក្កដា កិច្ចជំនួបរបស់រដ្ឋមន្ត្រីការបរទេសចិននិងអាមេរិកធ្វើឱ្យពិភពលោកមើលបានច្បាស់ថា ដើមឡើយ “របងការពារ”របស់ទំនាក់ទំនងរវាងចិននិងអាមេរិកមានវត្តមានជាយូរមកហើយ អាមេរិកគួរតែទទួលភារកិច្ចជាក់ស្តែងដើម្បីពង្រឹង “របងការពារ”នេះ ហើយសម្ដីនិងទង្វើត្រូវឱ្យស្របគ្នា។
ហេតុអ្វីបានជាអាមេរិកបានលើកឡើងជាច្រើនលើកថានឹងបង្កបង្កើត “របងការពារ” ? ប្រការនេះអាចបង្ហាញថា អាមេរិកបានគិតពិចារណាដល់សារសំខាន់និងភាពបន្ទាន់នៃការគ្រប់គ្រងការខ្វែងគំនិតរវាងចិននិងអាមេរិក ហើយចង់រក្សាស្ថិរភាពនៃខ្សែក្រហមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិក ម្យ៉ាងទៀត អាមេរិកមិនប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះមូលហេតុពីឬគល់ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកធ្លាក់ក្នុងភាពជាប់គាំង និងមិនបានគិតពិចារណាពីកំហុសរបស់ខ្លួន តែបែរជាប៉ុនប៉ងទម្លាក់កំហុសទៅឱ្យប្រទេសចិន និងលេងឧបាយកលបំភាន់ភ្នែក ដើម្បីទម្លាក់កំហុសរបស់ខ្លួន ។
៥០ឆ្នាំកន្លងមក ជានិច្ចកាល ប្រទេសចិនតែងតែធ្វើការខិតខំប្រឹងប្រែងដើម្បីគាំពារ “របងការពារ”នេះ តែអាមេរិកបែរជាជៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនឥតឈប់ឈរ និងអនុវត្តគោលនយោបាយ “ទប់ស្កាត់ចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស” ឃុបឃិតគ្នាបង្កើតជាក្រុមសម័្ពន្ធតូចដើម្បីទប់ស្កាត់ប្រទេសចិន បណ្តាលឱ្យ “របងការពារ”នៃទំនាក់ទំនងរវាងចិននិងអាមេរិកមានភាពបន្ធូរបន្ថយនិងត្រូវបំផ្លិចបំផ្លាញ រហូតដល់លេចចេញនិន្នាការមានគ្រោះថ្នាក់ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ។
នាពេលថ្មីៗកន្លងទៅនេះ ពេលថ្លែងសុន្ទរកថា លោក Blinken បានអះអាងថា នឹង “បង្កបង្កើតបរិវេណយុទ្ធសាស្ត្រនៅជុំវិញប្រទេសចិន” ឃោសនាបំប៉ោងថាអង្គការណាតូនឹងលូកដៃចូលតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់បានបង្ករឿងឥតឈប់ឈរក្នុងបញ្ហាតៃវ៉ាន់និងស៊ីនជាំងជាដើម ក្រុងវ៉ាស៊ីនតោនបាននិងកំពុងដាក់សម្ពាធទៅលើប្រទេសចិនថែមមួយកម្រិតទៀត ។ នៅពីក្រោយនេះ មានកត្តាជ្រាលជ្រៅពោលគឺអាមេរិកបានល្មើសនឹងគោលបំណងដើមនៅពេលទើបបង្កើតទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏មានមូលហេតុដែលថា ដើម្បីបណ្តើមបានសន្លឹកឆ្នោត អ្នកនយោបាយអាមេរិកទាំងឡាយបាននិងកំពុងស្វែងនូវ “ភាពត្រឹមត្រូវខាងនយោបាយ” ពោលគឺនឹងបង្ហាញសាច់ដុំចំពោះប្រទេសចិន ។
ក្នុងបរិបទបែបនេះ ភាគីអាមេរិកអះអាងថា នឹងពង្រឹង “របងការពារ” នោះភារកិច្ចជាបន្ទាន់ គឺត្រូវបំពេញពាក្យសន្យាចំពោះប្រទេសចិន ។ ក្នុងកិច្ចជំនួបលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏លម្អិតស្តីពីតើអាមេរិកគួរតែធ្វើយ៉ាងណាសម្រាប់អនុវត្តពាក្យសន្យាអំពី “ការមិនស្វែងរក៤ចំណុចនិងគ្មានចេតនាមួយចំណុច” ហើយបានវែកញែកថា រឿងអីជារឿងដែលអាមេរិកគួរតែធ្វើ និងរឿងអីជារឿងដែលអាមេរិកមិនត្រូវធ្វើ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានលើកឡើងបញ្ជី៤ច្បាប់ជូនចំពោះអាមេរិក គឺ៖ បញ្ជីគោលនយោបាយនិងពាក្យសំដីចំពោះប្រទេសចិនដែលអាមេរិកគួរតែកែតម្រូវ បញ្ជីសំណុំរឿងដ៏សំខាន់ដែលប្រទេសចិនយកចិត្តទុកដាក់ បញ្ជីសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងចិនដែលប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ និងបញ្ជីកិច្ចសហប្រតិបតិ្តការ៨វិស័យរវាងចិននិងអាមេរិក ។
បើចង់អភិវឌ្ឍទំនាក់ទំនងដ៏វិជ្ជមានជាមួយប្រទេសចិន នោះអាមេរិកមិនត្រូវនិយាយផ្សេងធ្វើផ្សឹងជាដាច់ខាត ។ ប្រវតិ្តសាស្ត្របានបញ្ជាក់រួចហើយ មានតែប្រកាន់ខ្ជាប់ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ទើបអាចបង្កបង្កើត “របងការពារ”សម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិកដ៏ពិតប្រាកដ ៕