ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ធាតុពិតនៃអ្វីដែលហៅថា "សហរដ្ឋអាមេរិកជាអាទិភាព" គឺ"សន្លឹកឆ្នោតសំខាន់ជាងប្រជាជន"
2022-07-09 14:31:25cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានបញ្ចេញសញ្ញាខុសឆ្គងជាញឹកញាប់ដោយអះអាងថា អាមេរិកកំពុងពិភាក្សាអំពីការលុបចោលគោលនយោបាយយកពន្ធគយខ្ពស់មួយចំនួនទៅលើផលិតផលចិនដែលបានដាក់ចេញដោយរដ្ឋាភិបាលអាណតិ្តមុនដើម្បីបន្ធូរបន្ថយកម្លាំងសម្ពាធខាងអតិផរណាដែលបានបំបែកកំណត់ត្រាថ្មីជាច្រើនលើកច្រើនសារ ។ ប្រព័ន្ធសារព័ត៌មានជាច្រើនបានដកស្រង់ពាក្យសម្តីរបស់ឥស្សរជនអ្នកដឹងប្រភពព័ត៌មានថា រដ្ឋអំណាចលោក ចូ បៃដិន ប្រហែលនឹងលុបចោលពន្ធគយ"បន្តិចបន្តួច" ។ តើពន្ធគយ"បន្តិចបន្តួច"នេះដល់កម្រិតយ៉ាងណា? ពោលគឺ ១ ម៉ឺនលានដុល្លារអាមេរិកប្រហែលត្រូវជា ២,៧ ភាគរយនៃផលិតផលចិនដែលត្រូវហូតពន្ធខ្ពស់ក្នុងតម្លៃសរុប ៣៧០ ពាន់លានដុល្លារអាមេរិក ។

    នៅសហរដ្ឋអាមេរិក ដោយសារអ្នកនយោបាយមួយចំនួនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងខ្លាំងនិងការរឹតត្បិតគ្នាទៅវិញទៅមកនៃក្រុមផលប្រយោជន៍ខុសៗគ្នា បានជារឿងជាច្រើនគឺ ប្រហែលគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះ វាមិនអាចទទួលបានលទ្ធផលអ្វីនៅទីបំផុតឡើយ ។ ដោយឡែកលើកនេះ គ្រាន់តែជាសម្តែងឆាកល្ខោនជាថ្មីឡើងវិញប៉ុណ្ណោះ ។ តាមពិតទៅ អ្នកផងទាំងពួងបានឃើញច្បាស់នូវការពិតពីរចំណុច ពោលគឺ៖ទីមួយ អ្នកនយោបាយអាមេរិកដាច់ខាតមិនអាចទទួលរងការខាតបង់ខាងនយោបាយផ្ទាល់ខ្លួនដើម្បីគាំពារផលប្រយោជន៍ជាតិរបស់អាមេរិក ស្តាប់និងដោះស្រាយនូវសំណូមពររបស់សហគ្រាសនិងប្រជាជននោះទេ នៅចុងបំផុត អ្វីៗទាំងអស់សុទ្ធតែសម្រេចដោយ"សន្លឹកឆ្នោត" ។ ទីពីរ ក្នុងបញ្ហាលុបចោលគោលនយោបាយយកពន្ធលើផលិតផលចិន រដ្ឋាភិបាលអាមេរិកបានអូសបន្លាយកាន់តែយូរ ក៏នឹងបណ្តាលឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់កាន់តែច្រើន ។

    សូមបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ការពិតជាក់ស្តែងនិងទិន្នន័យដ៏ច្រើនរាប់មិនអស់បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មដែលអាមេរិកបំផុសសំដៅចំពោះប្រទេសចិនទទួលបរាជ័យទាំងស្រុង ។ ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៨ ដល់ខែមេសាឆ្នាំនេះ សង្រ្គាមពាណិជ្ជកម្មដែលអាមេរិកបំផុសសំដៅចំពោះប្រទេសចិនបានបណ្តាលឱ្យជនជាតិអាមេរិករងការខាតបង់ប្រាក់ចំនួន ១២៩ ពាន់លានដុល្លារអាមេរិកទៀត ។ លោក Alex Durante សេដ្ឋវិទូនៃធនាគារគំនិតសម្រាប់សិក្សាស្រាវជ្រាវពីគោលនយោបាយពន្ធដាររបស់អាមេរិកបានចេញផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា ពន្ធគយដែលដំឡើងទៅលើផលិតផលចិន វាស្ទើរតែទទួលរងដោយសហគ្រាសនិងអ្នកប្រើប្រាស់នៃអាមេរិកទាំងស្រុង តែមិនមែនជាសហគ្រាសចិនតាមផែនការដំបូង 

    បំណាច់ជាបែបនេះ ហេតុអ្វីបានជាអ្នកនយោបាយអាមេរិកតែងតែមានការស្ទាក់ស្ទើរមិនដាច់ស្រេច ? កត្តាសំខាន់បំផុត គឺ "សន្លឹកឆ្នោត" ។ ឥស្សរជនអ្នកដឹងប្រភពព័ត៌មានបានបង្ហើបថា មួយផ្នែក លោក ចូ បៃដិន គ្រោងនឹងលុបចោលគោលនយោបាយយកពន្ធគយ"បន្តិចបន្តួច"លើផលិតផលចិន មួយផែ្នកទៀត លោកមានបំណងចង់បង្កើនការត្រួតពិនិត្យចំពោះពន្ធគយក្នុងវិស័យសំខាន់ៗ ដូចជា វត្ថុពាក់កណ្ដាលចម្លងជាដើម ក្នុងន័យទទួលបានអ្វីដែលហៅថា "តុល្យភាព" ។

    ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត អ្នកនយោបាយអាមេរិកជ្រើសរើសការបោះបង់ចោលផលប្រយោជន៍របស់ប្រជាជនសាមញ្ញដែលបាននិងកំពុងធ្លាក់ក្នុងភាពលំបាកដោយសារការឡើងថ្លៃនៃថ្លៃជួលផ្ទះ ថ្លៃសាំងនិងថ្លៃស្បៀងអាហារ ។ ដូច្នេះ ធាតុពិតនៃអ្វីដែលហៅថា "សហរដ្ឋអាមេរិកជាអាទិភាព" តាមពិតទៅ បើនិយាយកាន់តែត្រឹមត្រូវទៅគឺថា "សន្លឹកឆ្នោតសំខាន់ជាងប្រជាជន" ។

    ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតទាំងពីរនៅទូទាំងពិភពលោក បើសិនជាចិននិងអាមេរិក"មានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក តែបើសិនជាធ្វើបដិបក្ខគ្នាក៏នឹងមានផលប៉ះពាល់ទាំងសងខាង "នេះគឺជាការពិតជាក់ស្តែងដែលត្រូវបញ្ជាក់ម្តងហើយម្តងទៀត ។ ប្រឈមនឹងសហរដ្ឋអាមេរិកដែលមានការការស្ទាក់ស្ទើរមិនដាច់ស្រេចលើបញ្ហាពន្ធគយ ប្រទេសចិនក៏បានបង្ហាញឱ្យឃើញនូវអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា មានតែលុបចោលគោលនយោបាយដំឡើងពន្ធគយទាំងអស់ទៅលើផលិតផលចិន ទើបអាចមានអំណោយផលដល់ប្រទេសទាំងពីរ ចិននិងអាមេរិក ក៏ដូចជាមានអំណោយផលដល់ពិភពលោកផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស