ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ សោកនាដកម្ម“រថយន្តដឹកជនអន្តោប្រវេសន៍”នៅរដ្ឋ Texas បានផ្តល់ការព្រមានដល់អ្នកនយោបាយអាមេរិក
2022-07-01 10:23:13cri
Share with:

ពេលថ្មីៗនេះ នៅរដ្ឋ Texas ប្រទេសអាមេរិកបានកើតមានករណីសោកនាដកម្មរថយន្តដឹកជនអន្តោប្រវេសន៍”មួយលើក ៖ បុគ្គលិកអនុវត្តច្បាប់របស់អាមេរិកបានរកឃើញសាកសពជនអន្តោប្រវេសន៍ជាច្រើននៅក្នុងរថយន្តកាម៉្ញុងដែលត្រូវគេបោះបង់ចោលនៅទីក្រុងSanAntonio រដ្ឋ Texas ។ បច្ចុប្បន្ននេះ ចំនួនមនុស្សស្លាប់បានឡើងដល់៥១នាក់ ។នេះជាព្រឹត្តិការណ៍ជនអន្តោប្រវេសន៍ស្លាប់ដ៏ធ្ងន់ធ្ងរបំផុតនៅអាមេរិកក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ។

  ក្រោយពីសោនាដកម្មកើតឡើង សហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាងជាទូទៅ ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានចេញសេចក្តីថ្លែងការណ៍ដោយសម្តែងនូវទុក្ខក្រៀមក្រំផងដែរ ។ នេះមិនមែនជាលើកទីមួយទេដែលសោកនាដកម្មស្រដៀងគ្នាបានកើតឡើងនៅអាមេរិក។ សូមយកទីក្រុង San Antonio ជាឧទាហរណ៍ នៅឆ្នាំ២០១៧ មានជនអន្តោប្រវេសន៍១០នាក់ត្រូវបានជាប់គាំងនៅក្នុងរថយន្តកាម៉្ញុងមួយគ្រឿងនៅទីក្រុងនេះ ហើយស្លាប់ដោយសារក្តៅពេក ការថប់ដង្ហើនិងខ្វះទឹក។ នៅឆ្នាំ២០០៣សាកសពជនអន្តោប្រវេសន៍ចំនួន១៩នាក់ត្រូវបានរកឃើញនៅក្នុងរថយន្តកាម៉្ញុងដ៏ក្តៅនៅភាគអាគ្នេយ៍នៃទីក្រុងនេះ។ ហេតុអ្វីបានជាបញ្ហាអំពីជនអន្តោប្រវេសន៍ខុសច្បាប់របស់អាមេរិកមិនត្រូវបានដោះស្រាយជាប់ហូតមក? មូលហេតុសំខាន់មួយគឺជម្លោះរវាងបក្ស។ អាមេរិកនឹងរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅឆ្នាំនេះ ហើយបញ្ហាអំពីជនអន្តោប្រវេសន៍បានក្លាយជាថ្នូរនយោបាយសម្រាប់បក្សទាំងពីរធ្វើការប្រកួតប្រជែង ។នៅពេលទើបឡើងកាន់អំណាច លោកBidenប្រធានាធិបតីអាមេរិកធ្លាប់បានសន្យាថានឹងធ្វើកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយចំពោះសេចក្តីព្រាងច្បាប់ស្តីពីជនអន្តោប្រវេសន៍  ប៉ុន្តែដោយសារបានរងឥទ្ធិពលពីជម្លោះរវាងបក្ស បានជារហូតដល់បច្ចុប្បន្ននេះមិនទាន់ទទួលប្រសិទ្ធភាពអីសោះ ។

   ទាក់ទិននឹងករណីសោនាដកម្មរថយន្តដឹកជនអន្តោប្រវេសន៍”ដែលកើតនៅនៅរដ្ឋTexas ភាគីអាមេរិកបានអះអាងថា នៅតែកំពុងធ្វើការស៊ើបអង្កេត។ យោងតាមភាគីម៉ិកស៊ិកបានទម្លាយឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មានជនជាតិម៉ិកស៊ិក ជនជាតិហ្គាតេម៉ាឡានិងជនជាតិហុងឌូរ៉ាស។ ក្នុងបរិបទដែលអាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាមេរិកឡាទីនអស់រយៈពេលជាច្រើនឆ្នាំ បញ្ហាអំពីជនអន្តោប្រវេសន៍ខុសច្បាប់ គឺជាផលចង្រៃនៃអនុត្តរភាពបែបអាមេរិក ។

      លោកLopezប្រធានាធិបតីម៉ិកស៊ិកបាននិយាយត្រង់ៗថា ប្រសិនបើរដ្ឋាភិបាលអាមេរិក មិនចង់ឱ្យជនអន្តោប្រវេសន៍បន្តហូរចូល នោះគួរតែជួយបណ្តាប្រទេសនានានៅអាមេរិកកណ្តាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ។ លោកបានពិភាក្សាអំពីរឿងនេះជាមួយលោកBiden ប្រធានាធិបតីអាមេរិករួចហើយ ប៉ុន្តែអាមេរិកនៅតែមានសកម្មភាពយឺតយ៉ាវ។

នៅក្នុងកិច្ចប្រជុំកំពូលទ្វីបអាមេរិកដែលបានធ្វើឡើងមុននេះមិនជាយូរប៉ុន្មាន លោក Biden បានសន្យាថានឹងបង្កើនកម្លាំងជួយបណ្តាប្រទេសនានានៅអាមេរិកឡាទីនឱ្យដោះស្រាយបញ្ហាជនអន្តោប្រវេសន៍និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែរហូតដល់ពេលនេះ មានតែការបង្ហាញអាកប្បកិរិយាតាមតែមាត់ប៉ុណ្ណោះទេ។ ផែនការទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចរវាងអាមេរិកនិងបណ្តាប្រទេសនានានៅអាមេរិកឡាទីនដែលគាត់បានប្រកាសនេះ ក៏ត្រូវទីភ្នាក់ងារសារព័ត៌មានបារាំងបកស្រាយថា "គំនិតច្រើនជាងការសន្យាជាក់ស្តែង វាមិនបានសន្យាថានឹងបើកចំហទីផ្សារកាន់តែច្រើន ឬចាក់បញ្ចូលប្រាក់ទុនកាន់តែច្រើននោះទេ"។

    ការកើតករណីសោកនាដកម្ម"រថយន្តដឹកជនអន្តោប្រវេសន៍" បានផ្តល់ការព្រមានដល់អ្នកនយោបាយអាមេរិក។ ប្រសិនបើអ្នកនយោបាយអាមេរិក "យកចិត្តទុកដាក់"យ៉ាងពិតប្រាកដចំពោះប្រជាជនអាមេរិកឡាទីន នោះពួកគេគួរតែបោះបង់ចោល "គោលលទ្ធិ Monroe"និងទង្វើអនុត្តរភាពក្នុងពេលឆាប់ៗ ហើយចាត់វិធានការយ៉ាងប្រាកដប្រជា ដើម្បីធានាសិទ្ធិមនុស្សរបស់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ជៀសវាងកុំឱ្យសោកនាដកម្មមនុស្សធម៌កាន់តែច្រើនកើតឡើងទៀត៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស