ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ភាពបម្រែបម្រួលរបស់ហុងកុងបន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសចិនវិញ
2022-06-30 13:28:47cri
Share with:

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីឆ្លងកាត់ទុក្ខវេទនាអស់រយៈពេលមួយរយឆ្នាំ ហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញ រដ្ឋាភិបាលមជ្ឈិមចិនចាប់ផ្តើមអនុវត្តអធិបតេយ្យភាពឡើងវិញចំពោះហុងកុង  ។ ស្ទើរតែមួយប៉ប្រិចភ្នែក ហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសវិញ២៥ឆ្នាំហើយ ក្នុងអំឡុងពេល២៥ឆ្នាំនេះ ហុងកុងកើតមានភាពបម្រែបម្រួលយ៉ាងជ្រាលជ្រៅ ។

ចាប់តាំងពីហុងកុងវិលត្រឡប់ចូលមាតុប្រទេសវិញមក ជានិច្ចកាល រដ្ឋាភិបាលមជ្ឈិមចិនតែងតែប្រកាន់ខ្ជាប់គោលបំណងដើមនៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ”ដែលបានកំណត់ដោយច្បាប់មូលដ្ឋាន ហើយចាត់ទុកការស្វែងរកវិបុលភាពនិងស្ថិរភាពជាភារកិច្ចចម្បង និងចាត់ទុកការបង្កើនសុខសុភមង្គលរបស់អ្នកក្រុងហុងកុងជាអាទិភាព ។ កាលពីឆ្នាំ១៩៩៧ ផលិតផលក្នុងស្រុកសរុបគឺGDPនៃក្រុងហុងកុងមានចំនួន១,៣៧ទ្រីលានប្រាក់ហុងកុង  គិតជាមធ្យមក្នុងមនុស្សម្នាក់ៗគឺ១៩២០០០ប្រាក់ហុងកុង ដល់ឆ្នាំ២០២១ GDPនៃក្រុងហុងកុងបានឡើងដល់២,៨៦ទ្រីលានប្រាក់ហុងកុង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានលើសពី៣៨ម៉ឺនប្រាក់ហុងកុង ។ ជាពិសេស ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយមកពីកត្តាជាច្រើន ដូចជាសណ្តាប់ធ្នាប់អន្តរជាតិមានភាពមិនប្រាកដប្រជានិងការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម បានបណ្តាលឱ្យសេដ្ឋកិច្ចសកលមានភាពថមថយចុះ ប៉ុន្តែការអភិវឌ្ឍខាងសេដ្ឋកិច្ចរបស់ហុងកុងបានរក្សាការរីកចម្រើនប្រកបដោយភាពនឹងនរជាទូទៅ ។

បន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់ហុងកុងត្រូវបានបង្កើនឡើងជាបន្តបន្ទាប់ វិទ្យាស្ថានសិក្សាស្រាវជ្រាវFraser របស់ប្រទេសកាណាដាបានចេញផ្សាយ«របាយការណ៍ស្តីពីសេរីភាពខាងសេដ្ឋកិច្ចនៅលើពិភពលោកប្រចាំឆ្នាំ២០២១» ដោយបានវាយតម្លៃជាថ្មីម្តងទៀតថា ហុងកុងជាអង្គភាពសេដ្ឋកិច្ចដែលមានសេរីភាពជាងគេនៅលើពិភពលោក ។ “សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោក”នៅខែមិនាឆ្នាំ២០២២បានបង្ហាញថា ហុងកុងកាន់លំដាប់ថ្នាក់ទីបីក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោកទាំងមូល បន្ទាប់ពីក្រុងញូវយ៉កនិងក្រុងឡុងដ៍ ។

   ភាពបម្រែបម្រួលដែលកាន់តែសំខាន់ទៅទៀត គឺចាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ហុងកុងបានរួមបញ្ចូលក្នុងការអភិវឌ្ឍជាទូទៅរបស់ប្រទេសចិនជាសន្សឹមៗ ។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ «ផែនការអភិវឌ្ឍន៍នៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ»បានដាក់ចេញជាផ្លូវការ តំបន់នេះជាតំបន់មួយនៃប្រទេសចិនដែលមានកម្រិតបើកទូលាយខ្ពស់ជាងគេនិងមានភាពរស់រវើកខាងសេដ្ឋកិច្ចខ្លាំងជាងគេ ។ ឆ្នាំ២០២១ ទំហំសេដ្ឋកិច្ចសរុបនៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ មានចំនួនប្រហែល១២,៦ទ្រីលានយាន់ប្រាក់ចិន ។ រដ្ឋាភិបាលប្រជាជនមជ្ឈិមចិនបានខិតខំប្រឹងប្រែងក្រាលផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់សម្រាប់ហុងកុង ។

២៥ឆ្នាំកន្លងមកនេះ ហុងកុងក៏បានជួបប្រទះការប្រឈមជាច្រើន ដូចជាវិបត្តិហិរញ្ញវត្ថុ ជំងឺសារស៍ ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺកូវីដ១៩ជាដើម ហើយក៏មានបញ្ហាអត្រាបាត់អាជីពខ្ពស់ និងកំណើនប្រាក់ចំណូលធ្លាក់ចុះដែរ ប៉ុន្តែខណៈពេលហុងកុងជួបប្រទះភាពលំបាក ជានិច្ចកាល មាតុប្រទេសតែងតែផ្តល់ជំនួយយ៉ាងទាន់ពេល ។ ខណៈពេលហុងកុងផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលមជ្ឈិមនិងស្ថាប័នពាក់ព័ន្ធនៃតំបន់នានារបស់ប្រទេសចិនបានផ្តល់ជំនួយយ៉ាងពេញទំហឹង ដើម្បីជួយហុងកុងឆ្លើយតបនឹងជំងឺកូវីដ១៩ ។សម្ភារៈវេជ្ជសាស្ត្រនិងសម្ភារៈប្រើប្រាស់បន្ទាន់ត្រូវបានដឹកជញ្ជូនទៅកាន់ហុងកុងដោយទាន់ពេលវេលា មន្ទីរពេទ្យជាបណ្តោះអាសន្នត្រូវបានសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់យ៉ាងឆាប់រហ័ស អ្នកជំនាញខាងបង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងបុគ្គលិកពេទ្យមួយក្រុមនិងមួយក្រុមទៀតបានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ទៅកាន់ហុងកុង ។

កាលពីបីឆ្នាំមុន ហុងកុងបានកើតមានភាពរកាំរកូសស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុង ដែលបានផ្ទុះបាតុកម្មនិងការតវ៉ានៅតាមផ្លូវជាបន្តបន្ទាប់ រហូតដល់កើតមានការប៉ះទង្គិចដោយកម្លាំងហិង្សាជាច្រើនលើក ត្រូវគេចាត់ទុកថាជាពេលវេលាងងឹតបំផុតតាំងពីហុងកុងវិលត្រឡប់ចូលមាតុប្រទេសចិនវិញមក ។ ប្រឈមនឹងសភាពការណ៍ដ៏លំបាក រដ្ឋាភិបាលមជ្ឈិមចិនបានដាក់ចេញច្បាប់សន្តិសុខជាតិនៅហុងកុងដោយទាន់ពេលវេលា ហើយបានធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងមានសុក្រឹតភាពដែលបានតាំងមូលដ្ឋានសម្រាប់ឱ្យប្រជាធិបតយ្យអាចរីកច្រើនដោយរឹងមាំនៅហុងកុងប្រការនេះមានឥទ្ធិពលយ៉ាងស៊ីជម្រៅនិងវែងឆ្ងាយចំពោះវិបុលភាពនិងស្ថិរភាពរបស់ហុងកុង ។

ហុងកុងជាចិនហុងកុង ក្នុងយុគសម័យដែលមានបម្រែបម្រួលមួយពព្រិចភ្នែក អ្វីដែលមិនបានកែប្រែក្នុងរយៈពេល២៥ឆ្នាំ គឺពាក្យសន្យាស្តីពី “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ” អ្វីដែលមិនបានកែប្រែ គឺការគាំទ្រពីមាតុប្រទេស ។ អ្វីដែលបានកែប្រែក្នុងរយៈពេល២៥ឆ្នាំ គឺហេដ្ឋរចនាសម័្ពន្ធមានភាពកាន់តែទំនើប ទីក្រុងកាន់តែស្អាត កិច្ចការសង្គមកាន់តែមានវឌ្ឍនភាព ទំនាក់ទំនងរវាងហុងកុងនិងចិនដីគោកមានភាពកាន់តែជិតស្និទ្ធ និយាយជារួម ហុងកុងបានប្រែទៅជាមានភាពកាន់តែល្អប្រសើរ ។ ជឿជាក់ថា ឈរនៅទីចាប់ផ្តើមថ្មី ហុងកុងពិតជានឹងមានអនាគតកាន់តែត្រចះត្រចង់ជាក់ជាមិនខាន !

 


អ្នកបកប្រែ:郭翔青
ប្លុកពិសេស