ឆ្នាំនេះ ជាខួបទី១០១នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក៏ជាឆ្នាំដែលនឹងបើកធ្វើសមាជលើទី ២០នៃបក្សកុម្មុយនិស្តចិនផងដែរ ។ សមាជលើទី ២០នៃបក្សកុម្មុយនិស្តចិនជាមហាសន្និបាតដ៏សំខាន់មួយលើករបស់ប្រទេសចិនក្នុងពេលឈានចូលដំណើរថ្មី ដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅកាន់គោលដៅតស៊ូមួយរយឆ្នាំទីពីរ ។ ដូច្នេះ ប្រទេសចិនបានរៀបចំធ្វើការងារសុំមតិយោបល់ក្នុងសង្គមតាមរយៈបណ្តាញអ៊ីនធឺណែតដែលបានដំណើរការអស់រយៈពេល១ខែ នេះជាលើកទីមួយហើយដែលសមាជិកបក្សកុម្មុយនិស្តចិនសុំយោបល់ដោយសាធារណៈក្នុងសង្គមទាំងមូលក្នុងប្រវត្តិសាស្ត្របក្សកុម្មុយនិស្តចិន។ សកម្មភាពលើកនេះបានទទួលការចាប់អារម្មណ៍និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនចិន ដោយបានលើកឡើងមតិនិងសេចកី្តស្នើប្រកបដោយលក្ខណៈស្ថាបនាជាច្រើន ហើយប្រមូលបានមតិយោបល់សរុបជាង៨៥៤២០០០ ចំណុច ។
នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់សេចក្តីណែនាំដ៏សំខាន់ចំពោះការងារសិក្សាស្រាវជ្រាវពីមតិយោបល់របស់អ្នកប្រើបណ្តាញអ៊ីនធឺណែតស្តីពីសមាជលើកទី២០នៃបក្សកុម្មុយនិស្តចិន ដោយបានគូសបញ្ជាក់ថាក្នុងសភាពការណ៍ថ្មី ត្រូវរៀនចេះប្រើប្រាស់មធ្យោបាយដូចជាបណ្តាញអ៊ីនធឺណែតជាដើម ដើម្បីយល់ដឹងពីតម្រូវការរបស់ប្រជាជន សុំយោបល់ពីប្រជាជន ស្តាប់សម្លេងរបស់ប្រជាជននិងគោរពមតិរបស់ប្រជាជនឱ្យបានល្អ ក្នុងន័យធ្វើការងារគ្រប់ផ្នែករបស់បក្សនិងរដ្ឋឱ្យបានកាន់តែល្អប្រសើរ ។
ការសុំយោបល់របស់ប្រជាជននិងយល់ដឹងពីមតិរបស់ប្រជាជនតាមរយៈបណ្តាញអ៊ីនធឺណែត បានបង្ហាញពីឥរិយាបថដ៏ល្អរបស់បក្សកុម្មុយនិស្តចិនដែលបានផ្សព្វផ្សាយប្រជាធិបតេយ្យនិងប្រមូលមតិពីគ្រប់មជ្ឈដ្ឋាន ។ ក្នុងប្រវត្តិសាស្ត្រមួយរយឆ្នាំ ជានិច្ចកាល បក្សកុម្មុយនិស្តចិនតែងតែចាត់ទុកការស្វែងរកសុភមង្គលជូនដល់ប្រជាជនចិនជាគោលបំណងដើមនិងភារកិច្ចរបស់ខ្លួន ក្រៅពីផលប្រយោជន៍របស់រដ្ឋ ប្រជាជាតិនិងប្រជាជន បក្សកុម្មុយនិស្តចិនគ្មានផលប្រយោជន៍ពិសេសផ្ទាល់ខ្លួននោះឡើយ ។ បក្សកុម្មុយនិស្តចិនបានតម្កល់ទុកផលប្រយោជន៍របស់ប្រជាជនក្នុងឋានៈចម្បងជាប់រហូតមក ហើយចាត់ទុកក្តីបំណងរបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរជាគោលដៅតស៊ូរបស់ខ្លួន ។
រំលឹកឡើងវិញពីប្រវតិ្តដ៏មហាអស្ចារ្យរបស់បក្សកុម្មុយនិស្តចិនដ៏ត្រចះត្រចង់ អ្នកផងទាំងពួងបានសម្គាល់ឃើញថា ៖ បក្សកុម្មុយនិស្តចិនបានធ្វើការកែទម្រង់ចំពោះខ្លួនឯងនិងធ្វើឱ្យមានភាពឆ្នើមជាងខ្លួនឯង ដោយពឹងផ្អែកលើប្រជាជនចិន ។ ឆ្នាំ២០២១ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនបានឡើងដល់១១០ទ្រីលានយ៉ាន់ប្រាក់ចិន ដែលបានកាន់លំដាប់ថ្នាក់ទីពីរនៅលើពិភពលោក ។ កម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេសនិងកម្លាំងជាតិចម្រុះរបស់ប្រទេសចិនបានឡើងដល់កម្រិតថ្មី សេដ្ឋកិច្ចចិនបានឆ្ពោះទៅកាន់ផ្លូវអភិវឌ្ឍន៍ដែលកាន់តែមានគុណភាពខ្ពស់និងកាន់តែមាននិរន្តរភាព ។ និយាយចំពោះពិភពលោក កំណើនសេដ្ឋកិច្ចចិនបានផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចសកលបានលើសពី៣០ភាគរយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក មិនថាប្រទេសរីកលូតលាស់ឬមួយក៏ប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏សុទ្ធតែទទួលបានកាលានុវត្តភាពដ៏ធំធេងពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ។
សមិទ្ធផលដ៏ត្រចះត្រចង់ដែលបក្សកុម្មុយនិស្តចិនទទួលបានបានបញ្ជាក់ថា ប្រជាជនចិនបានជ្រើសរើសផ្លូវអភិវឌ្ឍន៍ដែលសមស្របខ្លួនឯងជាងគេ ។ បក្សកុម្មុយនិស្តចិនបានចាត់ទុកការស្វែងរកសុខសុភមង្គលជូនប្រជាជនជាគោលបំណងដើមនិងភារកិច្ចរបស់ខ្លួន ខណៈពេលដែលប្រឈមនឹងឱកាសនិងភាពលំបាក បក្សកុម្មុយនិស្តចិនតែងតែប្រកាន់យកស្មារតីឧស្សាហ៍ព្យាយាមនិងតស៊ូជាប់ជានិច្ច ដឹកនាំប្រជាជនចិនទទួលបានជោគជ័យជាបន្តបន្ទាប់ ។ នៅពេលអនាគត បក្សកុម្មុយនិស្តចិននឹងទទួលបានសមិទ្ធផលកាន់តែធំធេង ក្នុងន័យបន្តរួមចំណែកកាន់តែថ្មីនិងកាន់តែធំ ដើម្បីវឌ្ឍនភាពរបស់សង្គមមនុស្សជាតិទាំងមូល !