យប់ថ្ងៃទី២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍជាសកលតាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។ ខណៈពេលទើបចាប់ផ្តើមកិច្ចប្រជុំ លោក Xi Jinping បាននិយាយដល់រឿងរ៉ាវរបស់លោកដែលបានធ្វើជាកសិករនៅភូមិតូចមួយនៃតំបន់ខ្ពង់រាបដីលឿងកាលពីចុងទសវត្សរ៍ឆ្នាំ៦០នៃសតវត្សរ៍មុន ហើយបាននិយាយដល់ចំណាប់អារម្មណ៍របស់លោកផ្ទាល់ខ្លួនចំពោះនឿយហត់ក្នុងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះផងដែរ ។ ពាក់កណ្តាលសតវត្សរ៍ក្រោយ លោក Xi Jinping បានធ្វើដំណើរទៅដល់តំបន់នោះម្តងទៀត លោកប្រធានបានថ្លែងថា “បានមើលឃើញអ្នកស្រុកទាំងឡាយលែងព្រួយបារម្ភដល់ការហុបចុកនិងស្លៀកពាក់ទៀតហើយ ហើយសុទ្ធតែមានទឹកមុខញញឹមដ៏សប្បាយរីករាយ ។”
ដំណើរជីវិតរបស់អ្នកដឹកនាំចិនរូបនេះបានបង្ហាញពីភាពសាមញ្ញមួយ ពោលគឺ៖ មិនថារស់នៅប្រទេសណា តំបន់ណា ឬមួយក៏នៅជនបទនិងទីក្រុងក៏ដោយ ក្តីបំណងរបស់មនុស្សម្នាក់ៗដែលចង់ស្វែងរកជីវភាពរស់នៅប្រកបដោយសុភមង្គល គឺដូចគ្នាដែរ ដូចនេះ និយាយចំពោះអ្នកកាន់អំណាច “មានតែស្វែងរកការអភិវឌ្ឍឥតឈប់ឈរ ទើបអាចសម្រេចបាននូវសុបិន្តរបស់ប្រជាជនដែលចង់បានជីវភាពរស់នៅប្រកបដោយសុភមង្គល និងសង្គមប្រកបដោយស្ថិរភាព” ។ ហើយនេះក៏ជាគោលបំណងដើមនិងភារកិច្ចរបស់កិច្ចប្រជុំប្រទេស BRICS ក្រោមប្រធានបទស្តីពីការផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ដែលជំរុញដោយប្រទេសចិន ប្រធានតាមវេននៃកិច្ចប្រជុំឆ្នាំនេះផងដែរ ។
បច្ចុប្បន្ននេះ យើងបាននិងកំពុងឋិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងក្លានិងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ដូច្នេះ ការអភិវឌ្ឍកាន់តែប្រកបដោយភាពបន្ទាន់ ។ ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពនៃអង្គការសហប្រជាជាតិឆ្នាំ២០៣០ក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ។
តើធ្វើយ៉ាងម៉េចទើបអាចដោះស្រាយ “ឱនភាពអភិវឌ្ឍ” ? ចម្លើយគឺ៖ត្រូវតម្កល់ទុកការអភិវឌ្ឍជាអាទិភាពនៃរបៀបវារៈអន្តរជាតិ ។
កាលពីខែកញ្ញាឆ្នាំមុន ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល ក្នុងន័យជំរុញសហគមន៍អន្តរជាតិផ្តោតសំខាន់ជាថ្មីឡើងវិញដល់បញ្ហាអភិវឌ្ឍន៍ ។ ការរៀបចំកិច្ចប្រជុំសន្ទនាស្តីពីការអភិវឌ្ឍជាសកលលើកនេះ ជាសញ្ញាកត់សម្គាល់ថា គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលបានចាប់ផ្តើមអនុវត្តជាក់ស្តែងហើយ ។ ក្នុងកិច្ចប្រជុំសន្ទនា លោក Xi Jinping បានលើកឡើងដល់ការរួមគ្នាបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថែមមួយកម្រិតទៀត ពោលគឺផ្តល់ផលប្រយោជន៍ជាទូទៅប្រកបដោយតុល្យភាព សម្របសម្រួលគ្នានិងមានបរិយាប័ន្ន ធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ និងស្វែងរកភាពរុងរឿងជាមួយគ្នា ។
គំនិតផ្តួចផ្តើមទាំងនេះផ្តោតសំខាន់ទៅលើសុខសុភមង្គលរបស់មនុស្សលោកទាំងមូល ។ ប្រទេសចិនមានការអនុវត្តដូចនឹងពាក្យសំដីលើការជំរុញអភិវឌ្ឍន៍ ។ ក្នុងអំឡុងពេលកិច្ចប្រជុំ លោក Xi Jinping បានប្រកាសវិធានការសំខាន់របស់ប្រទេសចិនដើម្បីអនុវត្តគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល ក្នុងនោះបូករួមទាំងការបង្កើត “មូលនិធិការអភិវឌ្ឍជាសកលនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍ ” បន្ថែមការទម្លាក់ថវិកាដល់មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍របស់ចិននិងអង្គការសហប្រជាជាតិ និងបង្កើតមជ្ឈមណ្ឌលជំរុញកាអភិវឌ្ឍពិភពលោកទាំងមូលជាដើម ។ ក្រៅពីនេះ កិច្ចប្រជុំសន្ទនានាថ្ងៃទី២៤ ក៏បានប្រកាសបញ្ជីលទ្ធផលមួយច្បាប់ដែលមានវិធានការ៣២ផ្នែក និងបានគ្របដណ្តប់៨វិស័យ ពោលគឺការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩និងវ៉ាក់សាំង ការរួមបញ្ចូលទុនធ្វើការអភិវឌ្ឍ បម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍបៃតង ឧស្សាហូបនីយកម្ម សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់គ្នាក្នុងយុគសម័យឌីជីថលជាដើម ។
មជ្ឈដ្ឋានក្រៅវាយតម្លៃថា នេះជា “ឆ្នាំចិនរបស់ BRICS ”ពិតប្រាកដ ៕