ពេលថ្ងៃត្រង់នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ១៩៨៩ ព្រះអាទិត្យក្តៅខ្លាំង។
ក្បែរវិមានWenchang ស្ថិតនៅមាត់ច្រកឃុំ Xiadang ស្រុកShouning មនុស្សមួយក្រុមកំពុងដើរចុះពីផ្លូវភ្នំដ៏រដិបរដុប និងមានព្រៃស្មៅ ។ ពួកគេពាក់មួកស្មៅ ញើសបែកជោកខ្លួន ។ អ្នកដែលដើរនៅមុខគេគឺលោក Xi Jinping ដែលកាលនោះបំពេញការងារជាលេខាបក្សប្រចាំតំបន់ Ningde ។
“អភិបាលខេត្តមកហើយ!” អ្នកភូមិបាននាំគ្នាប្រកាសដំណឹងនេះ។ កម្មាភិបាលឃុំបំពេញការងារកាលនោះបានរំលឹកថា " លោក Xi Jinping និងក្រុមការងារត្រូវបានប្រជាជនក្នុងភូមិស្វាគមន៍យ៉ាងកក់ក្តៅ អ្នកភូមិបាននិយាយថា លោកជាមន្ត្រីឋានៈខ្ពស់បំផុតដែលបានមកដល់ទីនេះ។ ដូចនេះហើយអ្នកទាំងអស់គ្នាបានដឹកធុងទឹករៀងៗខ្លួន ក្នុងធុងនោះជាភេសជ្ជៈធ្វើពីឱសថស្មៅដែលជាទឹកតែរុក្ខជាតិប្រពៃណីក្នុងតំបន់ និងបបរសណ្តែកខៀវ។"
ឃុំ Xiadang ពេលចាប់ផ្តើមកសាងពីខែតុលា ឆ្នាំ១៩៨៧ ជាទីកន្លែងក្រខ្សត់បំផុតក្នុងតំបន់ ដែលគ្មានផ្លូវថ្នល់ គ្មានទឹកម៉ាស៊ីន គ្មានអំពូលអគ្គិសនី គ្មានប្រាក់ចំណូលហិរញ្ញវត្ថុនិង គ្មានកន្លែងធ្វើការរដ្ឋឡើយ។
ផ្លូវបើកបរមិនទាន់មាន ផ្លូវភ្នំពិបាកដើរ ចង់ទៅភូមិជាប់គ្នាណាមួយ មានតែដើរឆ្លងកាត់ភ្នំចម្ងាយជាង១០គីឡូម៉ែត្រ។ អ្នកលក់មិនហ៊ានដឹកជញ្ជូនវត្ថុធាតុរាវចូលភូមិទេ ព្រោះខ្លាចវាកំពប់នឹងខាតដើមអស់រលីង។ អ្នកភូមិជាច្រើនមិនដែលស្គាល់ទឹកស៊ីអ៊ីវទេ។
គ្មានអគ្គិសនី អ្នកភូមិមានតែអុជទៀន គោមឬស្សី ដើម្បីបំភ្លឺនៅពេលយប់។ សាលារៀនខ្លះគ្មានបន្ទប់រៀន ក្មេងៗមានតែចូលរៀនតាមវត្ត។ ពេញមួយឆ្នាំកម្រមានឱកាសចាក់បញ្ចាំងភាពយន្ត ចាក់រួចហើយកូនក្មេងៗបានរត់ទៅខាងក្រោយផ្ទាំងក្រណាត់បញ្ចាំងចង់រើសយក “សំបកគ្រាប់កាំភ្លើង” ដែលបានធ្លាក់ក្នុងរឿងភាពយន្ត។
នាខែមករាឆ្នាំ ១៩៨៨ ឃុំXiadang បានបង្កើតឡើងដែលកាលនោះកម្រិតប្រាក់ចំណូលពេញមួយឆ្នាំសម្រាប់កសិករម្នាក់ៗមិនដល់២០០យាន់ផង ។ ក្រុមដឹកនាំឃុំព្រួយបារម្ភយ៉ាងខ្លាំងនឹងរឿងធ្វើផ្លូវតភ្ជាប់ទៅខាងក្រៅ តើគួរជួយអ្នកភូមិឱ្យចេញផុតពីភាពក្រីក្រតាមមធ្យោបាយអ្វី។
ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៨៩ លោក Xi Jinping បានមកធ្វើការផ្ទាល់នៅឃុំXiadang ។
លេខាបក្សប្រចាំតំបន់ពិតជាមក! អ្នកភូមិរំភើបផងអរផង ។ ព្រោះមិនដែលទទួលបដិសណ្ឋារកិច្ចមន្ត្រីជាន់ខ្ពស់បែបនេះទេ វិហារដែលជាកន្លែងធ្វើការបណ្តោះអាសន្នជាប់នឹងក្រោលគោ ណាមួយមិនស្អាត ធុំក្លិនខ្លាំងផង។ មន្ត្រីថ្នាក់លើមួយក្រុមធំបានមកធ្វើការសិក្សាស្វែងយល់ក្នុងឃុំ តើត្រូវរៀបទីណាឱ្យពួកគេសម្រាកកាយទីណាសម្រាប់ប្រជុំ ?
អ្នកភូមិបានរកកន្លែងជាច្រើន មានតែស្ពានតាមមាត់ភូមិស្អាតជាងគេ ប៉ុន្តែស្មៅដុះពេញ ហើយអាចម៍គោក៏នៅពេញស្ពានដែរ ពួកគេបានប្រញាប់បោសសម្អាត។
អ្នកភូមិបានយក តុ កៅអី និងចានលាងមុខពីផ្ទះមក ដើម្បីទុកទទួលភ្ញៀវ។
ថ្ងៃនោះជិតដល់រដូវកាលDashuតាមច័ន្ទគតិចិន ដែលជាអំឡុងពេលក្តៅបំផុតពេញមួយឆ្នាំ។ ព្រលឹមឡើង លោក Xi Jinping និងសហការីបានចេញដំណើរពីស្រុក បានជិះឡានជាង ២ ម៉ោង គ្មានផ្លូវសម្រាប់ឡានចូលទេ អ្នកទាំងអស់គ្នាក៏បានពាក់មួកស្មៅ រុំកន្សែងបង់ក កាន់ឈើច្រត់ ក្រោមថ្ងៃក្ដៅចែស ដើរតាមផ្លូវភ្នំចោត។ តាមផ្លូវប្រជាជនបានយកទឹកតែត្រជាក់និងទឹកសណ្តែកខៀវមកជូនពួកគេ ហូបរួចហើយបន្ដដំណើរទៀត។
ចំណាយរយៈពេល២ម៉ោងទៀត ទើបទៅដល់ភូមិXiadang ។ គ្រប់គ្នាក៏បែកញើសពេញខ្លួន។ កម្មាភិបាលភូមិបានរុំព័ទ្ធតង់ប្លាស្ទិកមួយលើស្ពាន ដើម្បីឱ្យភ្ញៀវងូតទឹកដូរខោអាវ។ លោក Xi Jinpingដូចអ្នកទាំងអស់គ្នាអញ្ចឹង យកទឹកមួយធុងស្រោចពីក្បាលដល់ចុងជើង ប្តូរខោអាវហើយចាប់ផ្តើមប្រជុំ។
លើវេទិកាមានតុមួយ កៅអីបី ហើយកម្រាលតុគឺជាកម្រាលពូកដែលអ្នកភូមិយកមកពីផ្ទះរបស់ខ្លួន។
លោក Xi Jinping បានអញ្ជើញលេខាបក្សប្រចាំឃុំឱ្យអង្គុយនៅកណ្តាល លោកបាននិយាយថា៖ “ យើងគោរពកម្មាភិបាលមូលដ្ឋាន ។ លោករាយការណ៍ការងារចុះ កុំខ្វល់អី យើងស្តាប់លោករាយការណ៍។”
ស្តាប់រួច លោក Xi Jinping បានកំណត់ចំណុចសំខាន់ ដើម្បីជួយគាំទ្រជំហានដំបូង។
បាយថ្ងៃត្រង់ហូបលើស្ពាន។ អង្គុយលើកៅអីខ្ពស់ទាប វែងខ្លី ហូបខ្យង អន្ទង់ដែលជាមុខម្ហូបនៅតាមជនបទ អ្នកទាំងអស់គ្នាហូបឆ្ងាញ់ណាស់។
បន្ទាប់ពីបាយថ្ងៃត្រង់រួច សម្រាកបន្ដិច លោក Xi Jinping បានធ្វើដំណើរទស្សនកិច្ចតាមគ្រួសារក្រីក្រ។
វេលាម៉ោង ៣ រសៀល លោក Xi Jinping បានលើកឡើងថាទៅពិនិត្យកំណាត់ផ្លូវដែលគ្រោងជួសជុលនិងធ្វើថ្មី។
នោះជាផ្លូវក្នុងភ្នំ ចង្អៀត ខានមានមនុស្សដើរយូរហើយ ដុះស្មៅ ដើមបន្លាពាសពេញ។
ដើរតាមព្រៃស្មៅនៅថ្ងៃក្តៅខ្លាំង ហាក់ដូចដាក់ក្នុងលើឡចំហុយអ៊ីចឹង អ្នកទាំងអស់សុទ្ធតែហូរញើសសស្រាក់ ដង្ហក់ឥតឈប់។ បើស្រេកទឹក មានតែក្បង់ទឹកអូរយកមកផឹក លាងមុខបន្តិច ក៏ដើរបន្តទៀត។ ពេលបានបញ្ចប់ការពិនិត្យត្រឡប់មកដល់ទីរួមស្រុកវិញ ជិតដល់វេលាម៉ោង៨ យប់ហើយ។
អភិបាលរងស្រុកShounong នាពេលនោះបានសរសេរកំណត់ហេតុប្រចាំថ្ងៃនោះថា៖ ថ្ងៃនេះ បានជិះឡានរយៈពេល៥ម៉ោង ដើររយៈពេល៤ម៉ោង ប្រជុំសំណេះសំណាលអំពីការលុបបំបាត់ភាពក្រីក្ររយៈពេល ២ម៉ោង... ត្រឡប់មកវិញមនុស្សជាច្រើនទើបឃើញថា ពងបែកពេញបាតជើង និងម្រាមជើង។
កម្មាភិបាលឃុំបានសួរលោក Xi Jinping ៖ ថ្ងៃនេះពិតជានឿយហត់ខ្លាំង តើសុខភាពយ៉ាងម៉េចដែរ?
លោក Xi Jinping តបថា៖ មិនអីទេ កាលពីក្មេងខ្ញុំធ្វើការនៅភូមិ ស្នាក់នៅរូងyaodong ត្រូវចៃខាំឡើងហើមស្បែកឡើងពងបែករលួយ។ ពេលថ្ងៃធ្វើពលកម្ម រែកទម្ងន់៥០គីឡូ១០០គីឡូ ប្រើស្មាតែមួយខាងមិនបាច់ប្តូរមួយខាងទៀតនោះទេ។
បាយល្ងាចរួចហើយ លោក Xi Jinping បានទៅដើរលំហែកាយក្នុងទីរួមស្រុក ឃើញបណ្ណគារស៊ីនហួរ “នឹកមិនដល់ទេបណ្ណគារស្រុកមានសៀវភៅល្អៗច្រើនម្ល៉េះ!” លោកក៏ទិញបានសៀវភៅ៨-៩ក្បាល។
ព្រឹកថ្ងៃបន្ទាប់ លោក Xi Jinping បានកោះធ្វើប្រជុំធ្វើការនៅនឹងកន្លែង។
អំពីស្រុកShouning លោកបានលើកឡើងថា៖ ទីនេះភ្នំបៃតងស្អាតដូចថ្មយក់ ទឹកទន្លេថ្លាឈ្វេង អាចអភិវឌ្ឍយ៉ាងទូលំទូលាយបាន។
ចំពោះឃុំ Xiadang លោកបានលើកឡើងថា បើមិនអាចចេញផុតពីភាពក្រីក្រ យើងខ្ញុំខ្មាស់អៀនចំពោះបងប្អូនទាំងអស់គ្នាណាស់។
ការប្រជុំបានកំណត់តែម្តង ផ្តល់ថវិការចំនួន៧២ម៉ឺនយាន់ឱ្យឃុំ Xiadang ដើម្បីធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះទឹកប្រាក់ចំនួន ៤០ ម៉ឺនយាន់សម្រាប់កសាងទំនប់វារីអគ្គិសនី ដើម្បីដោះស្រាយបញ្ហាប្រើថាមពលអគ្គិសនីរបស់ប្រជាជននិងការកសាងផ្លូវជាតិ។
៤ថ្ងៃបន្ទាប់ លោក Xi Jinping បានមកដល់ឃុំ Xiadang ម្តងទៀត។
កាលនោះឃុំ Xiadang បានរងគ្រោះលិចលង់ដោយទឹកភ្លៀវដ៏កាចសាហាវមិនធ្លាប់មានក្នុងមួយរយឆ្នាំកន្លងមក ។ ទឹកជំនន់បានបំផ្លាញគ្រឹះផ្លូវថ្នល់នៅភូមិពីរបីជុំវិញទាំងស្រុង។ លោក Xi Jinping បានដឹកនាំក្រុមកម្មាភិបាលដើរតាមត្រើយទន្លេភក់រអិល ដើរទៅកាន់កំណាត់ទន្លេខាងលើ ដើរក្នុងភ្លៀងចម្ងាយ៣គីឡូម៉ែត្រ ដើម្បីទៅស្វែងយល់ពីសភាពរងគ្រោះនៃភូមិពាក់ព័ន្ធ។
លោកបានសួរសុខទុក្ខគ្រួសារដែលរងគ្រោះ បានលើកទឹកចិត្តពួកគេឱ្យតស៊ូប្រឹងប្រែងឡើង កសាងជីវភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរតាមរយៈកម្លាំងញើសឈាមរបស់ខ្លួន។ ដល់វេលាម៉ោង២រសៀល ទើបលោកបានហូបបាយថ្ងៃត្រង់។
រឿងរ៉ាវនៅថ្ងៃនោះបានដិតជាប់ក្នុងដួងចិត្តរបស់អ្នកឃុំ Xiadang ជាថ្មីម្តងទៀត ។ ក្រោយមក ទោះជាស្ថិតក្នុងកាលៈទេសៈអាក្រក់ប៉ុណ្ណាក៏ដោយ ពួកគេមិនត្អូញត្អែរទេ បែរជាទ្រាំតស៊ូដើម្បីកសាងជីវភាពខ្លួន ឱ្យកាន់តែប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ឈានដល់ឆ្នាំ១៩៩១ ទីនេះបានដាក់ឱ្យដំណើរការនូវផ្លូវជាតិប្រវែង ១២,៥ គីឡូម៉ែត្រ។ក្រោយទៀត បណ្តាញផ្លូវជុំវិញឃុំ Xiadang បានពង្រីកកាន់តែធំទៅៗ៕