យប់ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកំពូល BRICS លើកទី ១៤ តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោកMatemela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិខាងត្បូង លោកJair Messias Bolsonaro ប្រធានាធិបតីប្រេស៊ីល លោក Putin ប្រធានាធិបតីរុស្ស៊ីនិងលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញវត្តមាន។
លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «បង្កើតទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់ ចាប់ផ្តើមដំណើរថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS»។ លោកបានលើកឡើងថា ប្រទេស BRICS គួរផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គ្នា អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ គាំពារសច្ចភាព ប្រឆាំងនឹងអនុត្តរភាព គាំពារយុត្តិធម៌ ប្រឆាំងនឹងការធ្វើបាប គាំពារសាមគ្គីភាព ប្រឆាំងនឹងការបំបែកបំបាក់។ ភាគីចិនរីករាយរួមសហការជាមួយដៃគូប្រទេស BRICS ក្នុងការជំរុញគំនិតផ្តួចផ្តើមសន្តិសុខសកលឱ្យអនុវត្តជាក់ស្តែង ដើរលើផ្លូវសន្តិសុខបែបថ្មីដែលសន្ទនាតែមិនបដិបក្ខ ចងមិត្តភាពតែមិនចងបក្សពួក ឈ្នះ-ឈ្នះតែមិនលេងល្បែងផលបូកសូន្យ ដើម្បីបំពេញបន្ថែមស្ថិរភាពនិងថាមពលវិជ្ជមានដល់ពិភពលោក។
ជុំវិញប្រធានបទ"បង្កើតទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់ រួមគ្នាបង្កើតយុគសម័យអភិវឌ្ឍន៍សកលថ្មី" មេដឹកនាំប្រទេសទាំង ៥ បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS លើគ្រប់វិស័យ និងបញ្ហាសំខាន់ៗដែលយកចិត្តទុកដាក់ដូចគ្នា ហើយបានឈានដល់គំនិតឯកភាពសំខាន់ៗជាច្រើន។កិច្ចជំនួបលើកនេះបានចេញផ្សាយ«សេចក្តីប្រកាសក្រុងប៉េកាំងនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៤ »៕