ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធ្វើឱ្យយន្តហោះចម្បាំងលឿនដូចជាគ្រាប់កាំភ្លើង----រឿងរ៉ាវរបស់លោក Gu Songfen អ្នករចនាយន្តហោះនៃប្រទេសចិន
2022-06-24 18:13:58cri
Share with:

 


ព្រឹកថ្ងៃមួយនៅរដូវរងាឆ្នាំ១៩៦៩ នៅអាកាសយានដ្ឋានមួយកន្លែងនាជាយក្រុងShenyang ដែលជាទីក្រុងឧស្សាហកម្មធុនធ្ងន់នៅភាគឦសានប្រទេសចិន មានយន្តហោះចម្បាំងពីរគ្រឿងសំចតនៅទីនោះ។ ក្នុងនោះ យន្តហោះចម្បាំងមួយគ្រឿងដងខ្លួនស្រលូនវែង ប៉ុន្តែអ្វីដែលមិនស័ក្តិសមនឹងដងខ្លួនស្រលូនវែងរបស់វាគឺ ស្លាបរាងត្រីកោណមួយគូរបស់វាមើលទៅដូចជាតូចខ្លីខុសពីធម្មតា។ រូបរាងយន្តហោះទាំងមូល មើលទៅដូចជាគ្រាប់រ៉ុក្កែតដែលមានស្លាប។ ទោះជាមើលនៅក្នុងសម័យកាលនេះ វាពិតជាយន្តហោះចម្បាំងដែលមានល្បឿនលឿនខ្លាំង។

ផ្នែកខាងក្រៅនៃយន្តហោះចម្បាំងនេះមិនទាន់បញ្ចប់ការបាញ់ថ្នាំចុងក្រោយនោះទេ ត្រឹមតែបានបាញ់ថ្នាំការពារច្រែះពណ៌លឿងស្រាល។ វាហាក់ដូចជាយន្តហោះថ្មីនៅក្នុងស្ថានភាពសាកល្បង។យន្តហោះនេះគឺជាយន្តហោះចម្បាំងរយៈកំពស់ខ្ពស់ និងល្បឿនលឿនប្រភេទទី១ដែលស្រាវជ្រាវផលិតដោយប្រទេសចិន គឺម៉ូដែលJ-8

លោកGu Songfenនាយករងក្រុមអ្នករចនាយន្តហោះចម្បាំងJ-8កើតនៅឆ្នាំ១៩៣០ ក្នុងគ្រួសារបញ្ញវ័ន្តមួយនៅទីក្រុងSuzhou ប្រទេសចិន។ឪពុករបស់Gu Songfenឈ្មោះGu Tinglong គឺជាអ្នកសិក្សាសៀវភៅបុរាណ អ្នកគន្ថនិទ្ទេសនិងអ្នកសរសេរអក្សរផ្ចង់ដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសចិន។ ប្រហែលជាដោយសារតែទទួលឥទ្ធិពលពីឪពុករបស់គាត់ Gu Songfenចូលចិត្តអានខ្លាំងណាស់តាំងពីគាត់នៅក្មេង។ នៅឆ្នាំ១៩៥១ លោកGu Songfenបានបញ្ចប់ការសិក្សាពីដេប៉ាតេម៉ង់វិស្វកម្មអាកាសចរណ៍នៃសាកលវិទ្យាល័យគមនាគមន៍សៀងហៃ ហើយបានចូលធ្វើការនៅនាយកដ្ឋានឧស្សាហកម្មអាកាសចរណ៍នៅទីក្រុងប៉េកាំង ហើយភ្លាមៗនោះគាត់ត្រូវបានគេចាត់ឱ្យទៅការិយាល័យរចនាយន្តហោះនៃរោងចក្រផលិតយន្តហោះShenyang

មកដល់ឆ្នាំ១៩៦៥ ប្រទេសចិនសម្រេចស្រាវជ្រាវផលិតយន្តហោះចម្បាំងមួយប្រភេទ ដែលមានល្បឿន2,2ដងនៃល្បឿនសំឡេង និងអាចហោះដល់កំពស់លើសពី២០គីឡូម៉ែត។ យន្តហោះប្រភេទថ្មីនេះ ត្រូវបានគេហៅថា J-8

ពេលនោះ ការិយាល័យរចនាយន្តហោះនៃរោងចក្រផលិតយន្តហោះShenyangដែលធ្លាប់បានរចនាយន្តហោះJ1 បានផ្ដាច់ចេញហើយបង្កើតជាស្ថាប័នមួយផ្សេង ។ ស្ថាប័នថ្មីនេះមានឈ្មោះថា មន្ទីរស្រាវជ្រាវនិងរចនាយន្តហោះShenyang។ ថ្នាក់លើបានតែងតាំងលោកHuang Zhiqianជាប្រធានក្រុមអ្នករចនាJ-8និងGu Songfen ជាអនុប្រធានក្រុមអ្នករចនា។

Gu Songfenសំខាន់ផ្ដោតលើការរចនារូបរាងកម្លាំងឌីណាមីកអាកាសនៃយន្តហោះធុនថ្មី។ មុនការផលិតយន្តហោះJ-8 ជនជាតិចិនមិនធ្លាប់បានសិក្សាស្រាវជ្រាវនិងផលិតយន្តហោះលឿនជាងសំឡេងដោយខ្លួនឯងទេ។ ដូច្នេះហើយ ពួកគេមិនមានតម្រុយថា តើរូបរាងរបស់J-8គួរត្រូវរចនាយ៉ាងណានោះទេ។ Gu Songfenគ្មានជម្រើសអ្វីក្រៅពីដឹកនាំអ្នករចនាដើម្បីស្វែងយល់ពីការរចនា។

នៅថ្ងៃនេះ នៅក្នុងកិច្ចប្រជុំជាប្រចាំនៃមន្ទីររចនា អ្នកទទួលខុសត្រូវក្រុមគ្រឿងបង្គុំបានលើកដៃ ចង់ឡើងនិយាយ៖ ខ្ញុំចង់ផ្ដល់សំណើដល់លោកGu Songfen!" 

អ្នកទទួលបន្ទុកក្រុមគ្រឿងបង្គុំទើបតែនិយាយចប់ អ្នកទទួលបន្ទុកក្រុមកម្លាំងក៏បាននិយាយឡើងថា៖ "ពួកខ្ញុំក៏មានយោបល់ដែរ!"។

Huang Zhiqianបាននិយាយដោយចិត្តស្ងប់ថា គ្មានហេតុផលណាដែលត្រូវនិយាយខ្លាំងទេ អ្នកទាំងអស់គ្នាកុំបារម្ភ និយាយម្ដងម្នាក់មក។

Gu SongfenបានងាកទៅមើលHuang Zhiqian ហើយនិយាយថា ខ្ញុំទទួលយកមតិរបស់មិត្តរួមការងារទាំងអស់គ្នា។ ប៉ុន្តែ ខ្ញុំមិនអាចព្រងើយកន្តើយចំពោះកំហុសជាក់ស្តែងនៅក្នុងទិន្នន័យរូបរាង ហើយទុកឱ្យអ្នកទាំងអស់គ្នាបន្តដំណើរលើផ្លូវខុសកាន់តែឆ្ងាយនោះទេ។  ឥឡូវនេះយន្តហោះនៅតែនៅលើក្រដាស នៅមានពេលកែបាន គ្រាន់តែបន្ថែមការងារឱ្យពួកយើងជាអ្នករចនាប៉ុន្មានដងទៀតប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើយន្តហោះនេះត្រូវបានដាក់ឱ្យដំណើរការជាមួយនឹងគុណវិបត្តិនៃការរចនា ចេញជារូបរាងមកហើយ វានឹងពិបាកក្នុងការកែប្រែ នៅពេលនោះ នឹងធ្វើឱ្យមានការខ្ជះខ្ជាយកាន់តែខ្លាំងដល់ប្រទេសជាតិ។

ពាក្យសម្តីរបស់Gu Songfenបានធ្វើឱ្យប្រធានក្រុមអ្នករចនាផ្សេងទៀតនិយាយអ្វីលែងចេញ។

Huang Zhiqianបានលាតដៃ ហើយធ្វើកាយវិការសង្កត់ចុះក្រោម រួចនិយាយថា៖ មិត្តរួមការងារទាំងអស់គ្នា ដំណើរការរចនាពីមុនត្រូវបានដំណើរការសាជាថ្មី ហើយខ្ញុំជាប្រធានក្រុមអ្នករចនាមានទំនួលខុសត្រូវលើការងារនេះ។ ខ្ញុំយល់ស្របនឹងគំនិតរបស់លោកGu Songfen។  យើងធ្វើការរចនាយន្តហោះ ត្រូវមានភាពប្រាកដប្រជា។ ឱ្យតែរកឃើញបញ្ហានៅក្នុងដែនការងាររបស់ខ្លួន ត្រូវតែលើកឡើង។ ពួកយើងធ្វើការដដែលៗប៉ុន្មានដង មិនគួរឱ្យខ្លាចទេ។ អ្វីដែលគួរឱ្យខ្លាចដ៏ពិតប្រាកដនោះ គឺយន្តហោះដែលផលិតចេញមកខ្ទេចខ្ទីអស់!"។

"យន្តហោះJ-8 គឺជាផលិតផលជំនាន់ថ្មី ប្រសើរជាងមុន។ល្បឿននិងរយៈកម្ពស់ដែលវានឹងទៅដល់ គឺជាអ្វីដែលយើងមិនធ្លាប់បានទៅដល់ពីមុនមក។ គ្រប់ជំហានដែលយើងធ្វើឥឡូវនេះ គឺការស្វែងយល់ពីអ្វីដែលយើងមិនស្គាល់។ការស្វែងយល់ពីអ្វីដែលយើងមិនស្គាល់ មិនអាចចៀសផុតពីកំហុសបានឡើយ។ បើគិតតាមទស្សនៈមួយផ្សេងទៀត ការធ្វើឱ្យមានកំហុសក៏ជារឿងល្អដែរ។ ខ្ញុំគាំទ្រការសាកល្បងនិងកំហុសរបស់ក្រុមកម្លាំងឌីណាមីកអាកាស។ ជាមួយគ្នានេះ ក្រុមកម្លាំងឌីណាមីកអាកាស ខណៈពេលដែលការរចនារូបរាង គួរតែពង្រឹងការប្រាស្រ័យទាក់ទងជាមួយក្រុមផ្សេងទៀត និងស្តាប់ឱ្យបានពេញលេញនូវការផ្ដល់យោបល់របស់ក្រុមផ្សេងទៀត  ។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកGu Songfenបានដើរទៅមុខ ហើយចាប់ដៃលោកHuang Zhiqian ដោយនិយាយថា៖ "អរគុណណាស់ លោកHuang!"      

ម៉ោង ៣ ព្រឹកព្រលឹមថ្ងៃទី ៥ ខែកក្កដាឆ្នាំ ១៩៦៩។ ថ្ងៃនេះគឺជាថ្ងៃនៃការហោះហើរលើកដំបូងរបស់យន្តហោះចម្បាំង J-8

ថ្ងៃនេះ ក្រុង Shenyang មេឃស្រលះល្អ មិនសូវមានពពក ជាថ្ងៃល្អសម្រាប់ការហោះហើរ ។ នៅពេលដែលព្រះអាទិត្យទើបតែរះ បុគ្គលិករាប់ម៉ឺននាក់មកពីមន្ទីរស្រាវជ្រាវនិងរចនាយន្តហោះ Shenyang និងរោងចក្រផលិតយន្តហោះ Shenyang បានជួបជុំគ្នារៀងៗខ្លួននៅជុំវិញព្រលានយន្តហោះ ។ គ្រប់គ្នាបានសម្លឹងមើលទៅកាន់ទីលានចតយន្តហោះ ដើម្បីរង់ចាំមើលការហោះហើរដំបូងរបស់យន្តហោះ J-8

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់បុគ្គលិករាប់ម៉ឺននាក់នៃមន្ទីរស្រាវជ្រាវ និងរោងចក្រយន្តហោះ គំរូដំបូងនៃយន្តហោះ J-8 ត្រូវបានសាកល្បងផលិតដោយជោគជ័យ។ នៅពេលនេះ យន្តហោះថ្មីដែលលាបតែថ្នាំពណ៌លឿងស្រាល កំពុងចតនៅលើទីលានចតយន្តហោះ ទ្វារយន្តហោះបានបើកឡើង ហើយក្រុមការងារកំពុងដើរជុំវិញវាដើម្បីធ្វើការត្រួតពិនិត្យចុងក្រោយ។

  "ផាស់!"

គ្រាប់សញ្ញាពណ៌បៃតងត្រូវបានបាញ់ពីលើប៉ម។

«អ៊ូ...ហូង...» ទន្ទឹមនឹងសំឡេងម៉ាស៊ីនលាន់ឮពីស្រាលទៅខ្លាំង យន្តហោះ J-8 បានចេញដំណើរ ។ លោក Yin Yuhuan អ្នកបើកយន្តហោះសាកល្បងបានបញ្ជាចង្កូតយន្តហោះឱ្យវារត់ទៅតាមផ្លូវរត់ ។

លោក  Gu Songfen បានមើលនាឡិកាបន្តិចប្រកបដោយអារម្មណ៍តានតឹង  ភ្នែករបស់គាត់បានសម្លឹងមើលយន្តហោះរហូត ។ គាត់បានមើលឃើញថា យន្តហោះ J-8 បានរត់យ៉ាងលឿនតាមផ្លូវរត់ ក្បាលយន្តហោះបានងើយឡើងខ្ពស់ ហើយហោះផុតពីដី !

លោក Gu Songfen មានអារម្មណ៍ថា បេះដូងរបស់គាត់លោតញាប់យ៉ាងខ្លាំង !

យន្តហោះចម្បាំង J-8 មានល្បឿនលឿនដូចផ្កាយដុះកន្ទុយ ហើយបានឡើងលើមេឃខ្ពស់ ដោយមានល្បឿនលឿនលើសពីការរំពឹងទុករបស់លោក Gu Songfen ទៅទៀត។

" ជោគជ័យហើយ !"

" អស្ចារ្យណាស់ !"

ព្រលានយន្តហោះមានភាពអ៊ូអរណាស់ ហើយបុគ្គលិករាប់ម៉ឺននាក់បានស្រែកនិងទះដៃអបអរសាទរជាមួយគ្នា។

ការហោះហើរលើកដំបូងរបស់យន្តហោះ J-8 ទទួលបានជោគជ័យគាប់ប្រសើរ ប៉ុន្តែវាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ពោលគឺ ការហោះហើរលើកដំបូងគ្រាន់តែបញ្ជាក់ថា យន្តហោះអាចហោះឡើង និងចុះចតបាន។ ចំណែកឯ ថាតើយន្តហោះនេះអាចសម្រេចបាននូវតម្រូវការរបស់ទ័ពជើងអាកាស គឺត្រូវលឿនជាង ២.២ ដងនៃល្បឿនសំឡេង និងអាចហោះហើរដល់រយៈកម្ពស់ ២០ គីឡូម៉ែត្របានឬអត់ នៅត្រូវការបញ្ជាក់ដោយអ្នកបើកយន្តហោះសាកល្បងតាមរយៈការហោះហើរសាកល្បងជាក់ស្តែង ។ ប៉ុន្តែនៅក្នុងដំណើរការនៃការបញ្ជាក់នេះ យន្តហោះបានលេចចេញបញ្ហារញ្ជួយយ៉ាងខ្លាំង ។

បាតុភូតនេះគឺជាសភាពការណ៍មួយដែលយន្តហោះ supersonic ជាច្រើនបានជួបប្រទះក្នុងអំឡុងពេលដំណើរការស្រាវជ្រាវនិងផលិត ។ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទេ នោះការស្រាវជ្រាវនិងផលិតយន្តហោះ J-8 នឹងទទួលបរាជ័យ ។

"លោក Yin លោក Lu តើពួកលោកគិតថាធ្វើតាមរបៀបនេះកើតទេ ?"

លោក Gu Songfen បានមករកលោក Lu Mingdong ដែលជាអ្នកបើកយន្តហោះសាកល្បងម្នាក់ទៀតនៃយន្តហោះ J-8 ហើយបានលើកសំណើដល់ពួកគេថា យើងបិទអំបោះក្រហមនៅលើតួយន្តហោះ J-8 ជាមុនសិន ។ លោក Lu សូមលោកបើកយន្តហោះ JJ -6 ដើម្បីហោះតាមយន្តហោះ J-8 ព្រមនិងនាំអ្នកចេះប្រើកាមេរ៉ាម្នាក់នៅក្នុងកាប៊ីនខាងក្រោយ ។ ពួកលោកត្រូវហោះតាមយន្តហោះ J-8 ហើយហោះហើរក្នុងល្បឿន លឿនជាងសំឡេងដូចគ្នា។ ពួកយើងអាចវិនិច្ឆ័យលំហូរខ្យល់ដោយសង្កេតមើលស្ថានភាពអំបោះ និងរកមើលថាតើបញ្ហាស្ថិតនៅត្រង់ណា។ យកល្អ គឺប្រើម៉ាស៊ីនថត ថតយកស្ថានភាពអំបោះនោះមកឱ្យខ្ញុំមើល

លោក Lu Mingdong បានឆ្លើយតបថា៖ " បានតើស៎!"

បន្ទាប់មក លោក Gu Songfen បានឱ្យភរិយារបស់គាត់ទៅទិញអំបោះពណ៌ក្រហមសម្រាប់ប៉ាក់អាវជាច្រើន ។ អ្នកបច្ចេកទេសបានប្រើកាវពិសេសសម្រាប់អាកាសចរណ៍ដើម្បីបិអំបោះពណ៌ក្រហមនៅលើតួខ្លួនយន្តហោះ J-8

ការហោះហើរសាកល្បងបានចាប់ផ្តើមហើយ។ លោក Lu Mingdong បានបើកយន្តហោះJJ-6 ដែលមានផ្ទុកអ្នកបើកយន្តហោះម្នាក់ដែលចេះថតរូបទៅជាមួយគ្នា  ហើយហោះតាមយន្តហោះ J8 ឡើងលើមេឃខ្ពស់ ។

មួយម៉ោងក្រោយមក យន្តហោះទាំងពីរបានត្រឡប់មកវិញរៀងៗខ្លួន ។ នៅពេលដែលយន្តហោះ JJ-6 ចុះចតភ្លាម លោក Lu Mingdong បានបើកទ្វារហើយស្រែកទៅកាន់លោក Gu Songfen ថា "លោក Gu  រកឃើញបញ្ហាហើយ វាស្ថិតនៅក្នុងតួយន្តហោះខាងក្រោយ!"

លោក Gu Songfen បានយកកាមេរ៉ាពីអ្នកបើកបរ រួចឡើងជិះកង់ ប្រញាប់ទៅបន្ទប់ងងឹត។ បន្ទាប់ពីប្រតិបត្តិការមួយចំនួន រូបថតត្រូវបានផ្ដិតចេញមក ហើយលោក Gu Songfen បានពិនិត្យរូបភាពទាំងនេះម្ដងមួយៗ ។ សេចក្ដីសង្ឃឹមពីដំបូង បានប្រែក្លាយទៅជាការខកចិត្តដ៏ធំបន្តិចម្ដងៗ ខណៈដែលរូបភាពត្រូវបានបង្ហាញនៅចំពោះមុខគាត់ម្ដងមួយសន្លឹកៗ។

មើលពីរូបថត អំបោះនៅលើផ្ទៃតួយន្តហោះ រាយប៉ាយស្មើៗគ្នាទៅតាមលំហូរខ្យល់ ហើយមិនមានខ្យល់កួចទាល់តែសោះ។

"ហេ! មិនបានការទេ ! វាជារូបថតមិនបានការទាំងអស់!" លោក Gu Songfen បានបោះរូបថតទាំងនេះនៅលើតុ លើកដៃរបស់គាត់ឱបក្បាលហើយទម្លាក់កែងដៃទាំងពីរទៅលើតុ។

លោក Lu Mingdong យករូបថតនោះមកមើល ហើយនិយាយថា៖ "មិនត្រូវទេ! ហេតុអ្វីយើងថតមិនជាប់អញ្ចឹង? ពួកខ្ញុំឃើញខ្យល់កួចយ៉ាងច្បាស់ណាស់!"

តាមពិត ការផ្លាស់ប្តូរនៃលំហូរខ្យល់គឺជាដំណើរការប្រែប្រួលជាបន្តបន្ទាប់មួយ។ ប្រហែលលំហូរខ្យល់មានភាពរលូនណាស់មួយវិនាទីមុន តែចរន្តកួចបែរជាលេចចេញនៅវិនាទីបន្ទាប់។ អ្នកបើកយន្តហោះដែលថតរូបនោះ បានឃើញខ្យល់បក់បោកមានចរន្តកួច ប៉ុន្តែនៅពេលដែលគាត់ចុចកាមេរ៉ាថត ចរន្តកួចនោះក៏បាត់ទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ គេត្រូវតែប្រើម៉ាស៊ីនថតខ្សែភាពយន្តជំនាញល្បឿនលឿនដើម្បីថត។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌនៅពេលនោះមិនសូវជឿនលឿន ដែលប្រព័ន្ធឧស្សាហកម្មអាកាសចរណ៍ទាំងមូលមិនអាចស្វែងរកម៉ាស៊ីនថតខ្សែភាពយន្តល្បឿនលឿនមួយគ្រឿងបាននោះទេ។ ហើយបើទោះជាមានកាមេរ៉ាថតខ្សែភាពយន្តល្បឿនលឿនក៏ដោយ តើគេត្រូវយកវាឡើងទៅលើអាកាសដើម្បីថតក៏ជាបញ្ហាមួយដែរ។

លោកGu Songfen សម្លឹងមើលតុនៅពីមុខគាត់យ៉ាងយូរ។ ខណៈពេលដែលមនុស្សទាំងអស់គ្នាមានអារម្មណ៍ស្ទាក់ស្ទើរ និងមិនដឹងថាត្រូវនិយាយអ្វី លោកGu Songfen បាននិយាយថា "មើលទៅ ខ្ញុំត្រូវទៅហោះ ដោយផ្ទាល់ម្តង!"

"លោក? អត់ទេ អត់ទេ..." លោកLu Mingdong គ្រវីក្បាលរបស់គាត់មិនដាច់។

ហេតុអី? ខ្ញុំជាអ្នករចនា ខ្ញុំត្រូវទៅមើលកន្លែងមានបញ្ហាឱ្យច្បាស់នឹងភ្នែក ហើយខ្ញុំនឹងអាចដឹងពីរបៀបជួសជុលវា ខ្ញុំមិនត្រូវការកាមេរ៉ាទេ ខ្ញុំគ្រាន់តែចង់ឃើញផ្ទាល់ភ្នែកប៉ុណ្ណោះ។ "

ជាចុងក្រោយ ក្រោមការប្រកាន់ខ្ជាប់ដ៏រឹងមាំរបស់លោក Gu Songfen ស្ថាប័នពាក់ព័ន្ធបានបើកកិច្ចប្រជុំដើម្បីពិភាក្សានិងសម្រេចថាអនុញ្ញាតឲ្យលោក Gu Songfen ជិះយន្តហោះទៅពិនិត្យមើល និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាញ័ររបស់យន្តហោះ J-8

ជាលើកដំបូងរបស់លោកនៅលើយន្តហោះ លោកGu Songfen បានមើលទៅខាងក្រៅបង្អួច ដោយព្យាយាមទប់អារម្មណ៍រំភើបក្នុងចិត្តរបស់ខ្លួន។ ការឡើងខ្ពស់របស់យន្តហោះចម្បាំងលឿនណាស់ ហើយផ្ទៃមេឃពណ៌ខៀវខ្មៅបានគ្របចុះដូចជាគម្របឆ្នាំងធំមួយ។

យន្តហោះបានគ្រហឹមគ្រឹមៗនៅក្រោមការបញ្ជារបស់លោក Lu Mingdong ដោយលោកព្យាយាមដើម្បីតាមទាន់ល្បឿនយន្តហោះ J-8

"លោក Lu, បើកយឺតបន្តិចទៅ" ។

លោកGu Songfen បាននិយាយទៅកាន់លោក Lu Mingdong តាមរយៈម៉ៃក្រូហ្វូន។

"មិនបានទេ ប្រសិនបើយើងចង់ដេញតាម J-8 ជាមួយនឹងយន្តហោះចាស់មួយនេះ យើងត្រូវស្ទុះទៅឱ្យលឿន មិនអាចយឺតបានទេ" ។

លោកGu Songfen ស្រាប់តែមានអារម្មណ៍មិនស្រួលដូចកើតមានជំងឺធ្ងន់ធ្ងរ ហើយចង់ក្អួតខ្លាំងណាស់។ លោកGu Songfen បានងើបក្បាលរបស់គាត់ដោយលំបាក ហើយក្រឡេកមើលខាងក្រៅបង្អួច ឃើញពាក់កណ្តាលតួខ្លួនខាងក្រោយនៃយន្តហោះចម្បាំង J-8 ពេញកែវភ្នែករបស់គាត់ ធ្វើឱ្យគាត់មានអារម្មណ៍ម្យ៉ាងមិនសូវស្រួលក្នុងចិត្ត។ Gu Songfen ហាក់ដូចជាមានអារម្មណ៍ទទួលនូវរលកកំដៅចេញពីកន្ទុយយន្តហោះចម្បាំងតាមរយៈកញ្ចក់។ អំបោះក្រហមនៅពីក្រោយយន្តហោះ J-8 កំពុងញ័រជាប់ទៅតាម លំហូរខ្យល់។

"វាជិតដល់ល្បឿនសំឡេងហើយ។ វាជិតលេចចេញមកហើយ។ មានចរន្តកួចហើយ!" លោកLu Mingdong បន្តរំលឹកលោក Gu Songfen

ប៉ុន្តែGu Songfen មិនអាចទ្រាំនឹងភាពមិនស្រួលនៅក្នុងរាងកាយបានទៀតទេ ហើយក៏ចាប់ផ្តើមក្អួតចង្អោរ។  

ការហោះហើរលើកដំបូងបានបញ្ចប់ ក្នុងភាពច្របូកច្របល់។ លោក Gu Songfen ចុះពីបន្ទប់បញ្ជាយន្តហោះដោយអៀនខ្មាស ហើយលោកបានសម្រាកដោយផ្អែកក្បាលទៅលើតួយន្តហោះមួយភ្លែត។

«ខ្ញុំត្រូវតែរកវិធានការទប់ទល់ដើម្បីជម្នះជំងឺពុលយន្តហោះនេះ!»

នៅថ្ងៃបន្ទាប់ លោកGu Songfen និងលោក Lu Mingdong បានឡើងយន្តហោះជាមួយគ្នាម្តងទៀត។ លើកនេះ Gu Songfen មានមេរៀនហើយ ក៏ផ្អៀងលើកៅអីដើម្បីបិទភ្នែកសម្រាកដើម្បីសន្សំកម្លាំងរបស់គាត់ ក្នុងអំឡុងពេលយន្តហោះកំពុងឡើងទៅលើមេឃ។ ។ ក្នុងពេលជាមួយគ្នានេះ លោកតាមដានស្តាប់ដោយប្រុងប្រយ័ត្ននូវរបាយការណ៍របស់អ្នកបើកយន្តហោះ ដោយព្យាករណ៍ពីសកម្មភាពបន្ទាប់របស់ពួកគេ។

"កម្ពស់ គឺ ១ម៉ឺន ម៉ែត្រ។ សូមស្នើចូលទៅក្នុងលំហ ដើម្បីចាប់ផ្តើមការងារ។"

       នៅពេលដែល Gu Songfen បានឮសេចក្តីរាយការណ៍នេះ លោកបានយកកាមេរ៉ា និងតេឡេស្កូបពីករបស់ខ្លួន ហើយដាក់លើភ្លៅ ខណៈពេលនោះលោកបានចាប់គែមកៅអីជាប់ ហើយដកដង្ហើមវែងៗ។

ខណៈនេះយន្តហោះចម្បាំងនោះបានផ្អៀងយ៉ាងខ្លាំង គ្រហឹម និងមានល្បឿនបន្ថែមយ៉ាងខ្លាំង ។ នេះគឺជាជំហានដែល Lu Mingdongខំប្រឹងប្រែងគ្រប់គ្រងដើម្បីព្យាយាមរក្សាល្បឿនរបស់យន្តហោះ J8 ។ លើកនេះ Gu Songfen បានត្រៀមខ្លួនរួចហើយ មិនមានអាការៈមិនស្រួលធ្ងន់ធ្ងរទៀតទេ។

«លោក Gu ត្រៀមថត!

ភ្នែករបស់ Gu Songfen ប្រៀបដូចជាម៉ាស៊ីនថតកុន សម្លឹងមើលផ្នែកនៃយន្តហោះJ-8ដែលខ្សែអំបោះក្រហមកំពុងវិលវល់នៅទីនោះ ហើយបានផ្ដិតយកទិដ្ឋភាពនេះយ៉ាងជ្រាលជ្រៅទៅក្នុងខួរក្បាលរបស់គាត់។

បន្ទាប់ពីយន្តហោះបានចុះចត លោកGu Songfen បានប្រញាប់ប្រញាល់ត្រឡប់ទៅបន្ទប់រចនា និងកែសម្រួលគំនូររចនាទាំងយប់។ យន្តហោះចម្បាំង J-8 ដែលត្រូវបានផ្លាស់ប្តូរយោងទៅតាមគំនូររចនាថ្មីបានដោះស្រាយបញ្ហាដោយជោគជ័យនិងបានបំបែកល្បឿននៃសំឡេង ហើយឈានទៅដល់ល្បឿនលឿនអតិបរមាដូចគ្រាប់កាំភ្លើង។


អ្នកបកប្រែ:李庆莉
ប្លុកពិសេស