ថ្ងៃទី ២១ ខែមិថុនា លោក Dai Bing តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងសន្និសីទបើកចំហស្តីពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថា ចេតនារម្មណ៍បដិបក្ខគ្នានៃសហគមន៍អន្តរជាតិគ្មានអំណោយផលដល់ការដោះស្រាយវិបត្តិអ៊ុយក្រែនដោយសមរម្យនោះទេ។
លោក Dai Bing បានលើកឡើងថា មួយរយៈពេលកន្លងមក សហគមន៍អន្តរជាតិពោរពេញដោយចេតនារម្មណ៍បដិបក្ខគ្នាជុំវិញការប៉ះទង្គិចនៅអ៊ុយក្រែន ការងារគ្រប់វិស័យនៃអង្គការសហរប្រជាជាតិបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កិត្យានុភាពនិងប្រសិទ្ធភាពនៃក្រុមប្រឹក្សាសន្តិសុខបានត្រូវចោទជាមន្ទិលសង្ស័យ ។ អាកប្បកិរិយានយោបាយបែបនេះគ្មានអំណោយផលចំពោះការដោះស្រាយវិបត្តិអ៊ុយក្រែនដោយសមរម្យនោះទេ ថែមទាំងប្រហែលនឹងបណ្តាលឱ្យយន្តការអភិបាលកិច្ចអន្តរជាតិបាត់បង់ប្រសិទ្ធភាពទៀតផង ដែលនឹងរុញច្រានឱ្យសកលលោកធ្លាក់ក្នុងភាពបាក់បែកនិងចលាចលកាន់តែធ្ងន់ធ្ងរ វា មិនសមស្របផលប្រយោជន៍នៃភាគីណាមួយឡើយ។
លោក Dai Bing បានបន្តទៀតថា បណ្តាញទំនាក់ទំនងសង្គមដាច់ខាតមិនត្រូវក្លាយជាទីកន្លែងអនាធិបតេយ្យដែលផ្សព្វផ្សាយការចងគំនុំ និងញុះញង់ឱ្យប្រើអំពើហិង្សាជាដាច់ខាត ។ វេទិកាបណ្តាញទំនាក់ទំនងសង្គមខ្លះបានកែសម្រួលវិធីគ្រប់គ្រងដោយឈរលើគោលបំណងនយោបាយ ដោយបានអនុញ្ញាតឱ្យមានការផ្សព្វផ្សាយសម្តីបែបចងគំនុំចំពោះភាគីណាមួយ ទង្វើបែបនេះមានគ្រោះថ្នាក់ខ្លាំងណាស់ ។ គួរបង្កើនការពិនិត្យនិងគ្រប់គ្រងដោយរដ្ឋាភិបាលចំពោះវេទិកានៃបណ្តាញទំនាក់ទំនងសង្គម មិនអាចទុកឱ្យធ្វើតាមទំនើងចិត្តនោះទេ៕