ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖"ប្រទេសប៉ិនកុហក"គឺជាក្ដីអាម៉ាស់នៃអរិយធម៌របស់មនុស្សជាតិ
2022-06-22 10:24:50cri
Share with:

    មុននេះមិនជាយូរប៉ុន្មាន លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងសុន្ទរកថាស្តីពីគោលនយោបាយពាក់ព័ន្ធប្រទេសចិននៅសមាគមអាស៊ីនៃធនាគារគំនិតអាមេរិក ដោយបានឃោសនាបំប៉ោងពីគោលនយោបាយទាំងក្នុងនិងក្រៅប្រទេសរបស់អាមេរិក ដូចជាការគំរាមកំហែងរបស់ចិន ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននិងមួលបង្កាច់ ប្រទេសចិនជាដើម ។ យ៉ាងណាមិញ មិនថាសហរដ្ឋអាមេរិកឃោសនាបំប៉ោងយ៉ាងណាក្តី ក៏វាសុទ្ធតែពិបាកនឹងលាក់បាំងចេតនាពិតរបស់ខ្លួនដែលប៉ុនប៉ងទប់ស្កាត់និងគាបសង្កត់ដោយគ្រប់ជ្រុងជ្រោយចំពោះការអភិវឌ្ឍរបស់ប្រទេសចិន ។ កាលពីយប់ថ្ងៃទី ១៩ ខែមិថុនា ក្រសួងការបរទេសចិនបានចេញផ្សាយអត្ថបទវែងមួយក្រោមចំណងជើងថាពាក្យសម្តីខុសទំនងនិងការពិតជាក់ស្តែងក្នុងការយល់ដឹងចំពោះប្រទេសចិនរបស់អាមេរិក អត្ថបទនេះប្រើប្រាស់ការពិតនិងទិន្នន័យជាច្រើន ក្នុងន័យលាតត្រដាងទៅកាន់ពិភពលោកនូវភាពបោកបញ្ឆោត ភាពលាក់ពុតនិងផលវិបាកនៃគោលនយោបាយពាក់ព័ន្ធប្រទេសចិនរបស់អាមេរិក ។

    គួររំលឹកថា តើអ្នកណាបាននិងកំពុងបំផ្លិចបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិ ? តើអ្នកណាបាននិងកំពុងងប់ងល់នឹង"ការទូតបែបគំរាមកំហែង" ? តើអ្នកណាបាននិងកំពុងរំលោភសិទ្ធិមនុស្សនៅគ្រប់ទីកន្លែង ?ហើយតើអ្នកណាលួចស្តាប់នៅទូទាំងពិភពលោកក្នុងរយៈពេលយូរ ? ទាក់ទិននឹងរឿងនេះ អត្ថបទវែងនេះបានរៀបរាប់ពីពាក្យសម្តីខុសទំនងចំនួន ២១ នៃគោលនយោបាយពាក់ព័ន្ធប្រទេសចិនរបស់អាមេរិក ព្រមទាំងបានប្រើការពិតនិងទិន្នន័យលម្អិតដើម្បីធ្វើឱ្យពិភពលោកមើលឱ្យបានច្បាស់ថា បើនិយាយដល់ប្រភពបង្កភាពវឹកវរធំបំផុតនៃរបៀបរៀបរយពិភពលោក អ្នករំលោភសិទ្ធិមនុស្សដ៏ធំបំផុតនៅលើពិភពលោកនិង"ប្រទេសពួក Hacker "ដ៏ធំបំផុតនៅទូទាំងពិភពលោក"។ល។ ចម្លើយគឺ សហរដ្ឋអាមេរិកហ្នឹងឯង ។

    ក្នុងនោះ អ្វីដែលហៅថា "ប្រទេសចិនបង្កជាបញ្ហាប្រឈមដ៏តឹងរ៉ឹងបំផុតក្នុងរយៈពេលយូរចំពោះសណ្តាប់ធ្នាប់អន្តរជាតិ"ដែលបានប្រឌិតដោយអ្នកនយោបាយអាមេរិក គឺជាពាក្យភូតកុហកដ៏អាក្រក់បំផុតមួយ រីឯពាក្យសម្តីដែលថា "អាមេរិកគាំពារច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងអន្តរជាតិ គោលការណ៍អន្តរជាតិនិងអង្គការអន្តរជាតិ" ពោលគឺ និយាយប្រែសឱ្យទៅជាខ្មៅទាំងស្រុង ។

    សូមបញ្ជាក់ថា ក្នុងនាមជារដ្ឋសមាជិកមួយក្នុងចំណោមស្ថាបនិករបស់អង្គការសហប្រជាជាតិ ប្រទេសចិនជាប្រទេសផ្តល់ប្រាក់ទុនធំទីពីរដល់សកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនិងជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលចាត់បញ្ជូនបុគ្គលិករក្សាសន្តិភាពច្រើនបំផុត ។ ពីការលើកឡើងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ដល់ការលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលនិងគំនិតផ្តួចផ្តើមសន្តិសុខជាសកល ប្រទេសចិនបាននិងកំពុងខំប្រឹងរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាជាច្រើនដែលពិភពលោកកំពុងប្រឈមមុខជាប់រហូតមក ក៏ដូចជាគាំពារយ៉ាងមុតមាំនូវសណ្តាប់ធ្នាប់អន្តរជាតិផងដែរ ។

    ក្រឡេកមកមើលសហរដ្ឋអាមេរិកវិញ ក្នុងនាមជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រតែជាង ២៤០ ឆ្នាំ សង្គ្រាមដែលអាមេរិកបានបង្កឡើងនិងចូលរួមមានដល់ទៅជាង ២០០ លើក ។ គ្រាន់តែក្នុងចន្លោះពីបញ្ចប់សង្គ្រាមលោកលើកទីពីរកាលពីឆ្នាំ១៩៤៥ ដល់ឆ្នាំ ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយកម្លាំងអាវុធចំនួន ២៤៨ លើកក្នុងតំបន់ចំនួន ១៥៣ នៅលើពិភពលោក អាមេរិកក៏បានបំផុសចំនួន ២០១ លើក ។ មិនបាច់សង្ស័យឡើយ អាមេរិកគឺជាប្រទេសដែលនិយមធ្វើសង្គ្រាមបំផុតនៅលើពិភពលោក ។

    លើសពីនេះទៅទៀត "ពហុភាគីនិយមក្លែងក្លាយ"របស់សហរដ្ឋអាមេរិកក៏បានលូតបាតដៃខ្មៅទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកទៀតដែលបានបង្កើតនូវអ្វីដែលហៅថា "ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក"  ប៉ុនប៉ងបង្កើតជាក្បួនច្បាប់ពាណិជ្ជកម្មដែលដឹកនាំដោយអាមេរិក ដើម្បីបង្ខំឱ្យប្រទេសក្នុងតំបន់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ។ ក្របខណ្ឌនេះដែលកំណត់លើមូលដ្ឋាននៃការស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិកបានបង្កជាការរាំងស្ទះដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ។

    ដូច្នេះ អាចឃើញថា សហរដ្ឋអាមេរិកនិយាយតែមាត់ថា "គាំពារសណ្តាប់ធ្នាប់អន្តរជាតិនិងការអភិវឌ្ឍដោយសុខសន្តិភាព" ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់អាមេរិកបែរជាបានធ្វើផ្ទុយនឹងការបង្ហាញអាកប្បកិរិយារបស់ខ្លួន ។ មិនថា សហរដ្ឋអាមេរិកឃោសនាបំប៉ោងយ៉ាងណាក្តី ក៏នៅតែមិនអាចបិទបាំងការប៉ុនប៉ងដ៏អាក្រក់របស់ខ្លួនដែលចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិននិងបណ្តាលឱ្យប្រជាជននៅលើពិភពលោកបង់តម្លៃចំពោះ"អនុត្តរភាពបែបអាមេរិក" ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស