ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យុទ្ធនាការប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសចិន គឺជាគំរូដ៏ល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នានា
2022-06-22 16:04:39cri
Share with:

កិច្ចខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សម្រេចបានលទ្ធផលដ៏ល្អគួរឲ្យកោត      សសើរ។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជារឿងស្មុគ្រស្មាញនិងជួបប្រទះនូវឧបសគ្គជាច្រើន ដែលធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយនានា កម្រនឹងទទួលជោគជ័យ។ នៅក្នុងបរិបទបែបនេះ បទពិសោធន៍នៃការបង្ក្រាបអំពើពុករលួយប្រកបដោយប្រសិទ្ធភាពដោយ   រដ្ឋាភិបាលចិន ពិតជាទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសនានានៅជុំវិញពិភពលោក   ដោយបទពិសោធន៍របស់ប្រទេសចិននេះ អាចធ្វើជាគំរូនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលប្រទេសនានាអាចរៀនសូត្រនិងយកទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន។

កត្តាដ៏ចម្បងដែលធ្វើឲ្យយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ប្រទេសចិនទទួលបានជោគជ័យ គឺឆន្ទៈមោះមុតដាច់ខាតរបស់បក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលចិន ក្នុងការលុបបំបាត់អំពើពុករលួយ។ បក្សកុម្មុយនីស្តចិន បានប្រកាសជាសាធារណៈថា អាទិភាពចម្បងរបស់បក្សនិងរដ្ឋាភិបាល គឺការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបានប្រកាន់យកគោលវិធីដែលមានលក្ខណៈជាប្រព័ន្ធដើម្បីលុបបំបាត់អំពើពុករលួយ។ ការលុបបំបាត់អំពើពុករលួយ   គឺជាមូលដ្ឋានគ្រឹះដែលធានាថា ប្រទេសចិនអាចនឹងសម្រេចជោគជ័យនូវគោលដៅប្រចាំ    សតវត្សរ៍ទាំងពីររបស់ខ្លួន។ លោក Xi Jinping ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន ធ្លាប់មានប្រសាសន៍ដោយសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តមោះមុត និងដាច់ខាត របស់ប្រទេសចិនក្នុងការពង្រឹងនិងបង្កើនការត្រួតពិនិត្យកម្មាភិបាលបក្ស និងមន្ត្រីក្នុងជួរដ្ឋាភិបាល ដែលប្រសាសន៍នេះ សបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈមោះមុតក្នុងការលុបបំបាត់អំពើពុករលួយ និងប្រកាន់យកនូវគោលជំហរមិនអត់ឱនដាច់ខាតចំពោះអំពើពុករលួយ។ ដោយសារតែការប្ដេជ្ញាចិត្តដ៏មោះមុតរបស់បក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលចិន      វប្បធម៌មិនអត់ឱនដាច់ខាតចំពោះអំពើពុករលួយ បានរីកសាយភាយនិងចាក់ឬសយ៉ាងរឹងមាំនៅក្នុងផ្នត់គំនិតរបស់ប្រជាជនចិន និងធ្វើឲ្យប្រជាជនចិនទាំងអស់គាំទ្រយ៉ាងខ្លាំងក្លាចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលចិន ធ្វើការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងទៅលើគ្រប់មន្ត្រីដែលត្រូវសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយទាំងអស់ដោយពុំមានការលើកលែង និយាយម្យ៉ាងទៀត ទាំងមន្ត្រីជាន់ខ្ពស់និងមន្ត្រីថ្នាក់ទាបដែលត្រូវសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ នឹងត្រូវស៊ើបអង្កេតយ៉ាងម៉ត់ចត់ដោយពុំមានការលើកលែង។ ទន្ទឹមនឹងនេះ ដើម្បីធានាថាអ្នកប្រព្រឹត្តអំពើពុករលួយនឹងមិនអាចរត់គេចខ្លួនផុតពីប្រព័ន្ធយុត្តិធម៌របស់ចិន រដ្ឋាភិបាលចិនបានអនុវត្តប្រតិបត្តិការ “ប្រមាញ់ចចក” (Fox Hunt) និងប្រតិបត្តិការ “សំណាញ់មេឃ” (Sky Net) ប្រកបដោយប្រសិទ្ធភាពដើម្បីតាមចាប់ខ្លួនមន្ត្រីពុករលួយដែលបានរត់គេចខ្លួនទៅរស់នៅឯ  បរទេស។ ជាឧទាហរណ៍ ស្ថិតិដែលត្រូវបានចេញផ្សាយដោយ គណៈកម្មាធិការមជ្ឈិមសម្រាប់ការត្រួតពិនិត្យផ្នែកវិន័យ ដែលជាស្ថាប័នកំពូលរបស់ប្រទេសចិនដែលទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយ បានបង្ហាញថា នៅក្នុងឆ្នាំ២០២០កន្លងទៅ អ្នកប្រព្រឹត្តអំពើពុករលួយដែលបានរត់គេចខ្លួនទៅរស់នៅឯបរទេសចំនួន ១,៤២១នាក់ ត្រូវបានចាប់ខ្លួននឹងត្រូវបញ្ជូន  ត្រឡប់មកកាន់ប្រទេសចិនវិញនៅក្នុងប្រតិបត្តិការទាំងពីរនេះ ហើយទឹកប្រាក់នៃការប្រព្រឹត្តអំពើពុករលួយចំនួនជាង៤៥០លានដុល្លារអាមេរិកត្រូវបានរឹបអូសយកត្រឡប់មកវិញ។ និយាយជារួម ប្រតិបត្តិការទាំងពីរនេះ មានតួនាទីដ៏សំខាន់ក្នុងការបន្ទុចបង្អាក់រារាំងមន្ត្រីនានាកុំឲ្យមានបំណងប្រព្រឹត្តអំពើពុករលួយ ដែលនេះគឺជាកត្តាដ៏សំខាន់មួយដែលធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសចិនទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។

ប្រទេសនានាដែលកំពុងជួបប្រទះបញ្ហាដ៏ស្មុគ្រស្មាញនេះ និងមានបំណងលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសរបស់ខ្លួន អាចរៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ប្រទេសចិន និងយកបទពិសោធន៍ទាំងនេះទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន។


និពន្ធដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ



អ្នកបកប្រែ:李庆莉
ប្លុកពិសេស