ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកបណ្តែតបណ្តោយឱ្យកាំភ្លើងមាននៅពាសវាលពាសកាលគឺជាការបំពានដ៏ធំបំផុតចំពោះសិទ្ធិរស់រានមានជីវិត
2022-06-21 09:09:27cri
Share with:

កាលពីថ្ងៃទី១៥ខែមិថុនាតាមម៉ោងក្នុងតំបន់ ក្រសួងយុត្តិធម៌អាមេរិកប្រកាសថា លោក Payton Gendron ខ្មាន់កាំភ្លើងស្បែកសដែលមានអាយុ១៨ឆ្នាំនៃករណីបាញ់ប្រហារនៅក្រុង Buffalo រដ្ឋញូវយ៉កត្រូវប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋចងគំនុំនិងបទឧក្រិដ្ឋដោយកាំភ្លើងជាដើម ។ លោក Payton Gendron ត្រូវចោទប្រកាន់ថាបានសម្លាប់មនុស្សស្បែកខ្មៅ១០នាក់ ហើយបណ្តាលឱ្យមនុស្សស្បែកខ្មៅម្នាក់និងមនុស្សស្បែកសពីរនាក់ទៀតរងរបួស ។

ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានកើតករណីបាញ់ប្រហារជាញឹកញាប់ ជាពិសេសគឺករណីបាញ់ប្រហារដែលកើតនៅសាលាបឋមសិក្សាក្រុង Uvalde រដ្ឋ Texas កាលពីថ្ងៃទី២៥ខែឧសភាបាននាំឱ្យមតិសាធារណៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះបណ្តាលឱ្យមនុស្ស២១នាក់ស្លាប់ គឺជាហេតុការណ៍បាញ់ប្រហារក្នុងសាលារៀនសហរដ្ឋអាមេរិកដែលមានទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជិត១០ឆ្នាំកន្លងមក ។

តាមទិន្នន័យថ្មីបំផុតដែលវេបសាយបណ្ណសារអំពើហឹង្សាដោយកាំភ្លើងរបស់សហរដ្ឋអាមេរិកឱ្យដឹងថា គិតមកទល់ថ្ងៃទី១៥ខែមិថុនាតាមម៉ោងក្នុងតំបន់ សហរដ្ឋអាមេរិកមានមនុស្សចំនួន១៩៨៤១នាក់បានស្លាប់បាត់បង់ជីវិតដោយសារករណីបាញ់ប្រហារ ក្នុងនោះ បូករួមទាំងអនីតិជនចំនួន៧៥២នាក់ ក្រៅពីនេះមានមនុស្សចំនួន១៦៧៩៩នាក់ទៀតរងរបួស ។ ទិន្នន័យថ្មីបំផុតក៏បានបង្ហាញដែរថា ឆ្នាំនេះ ហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំដែលកើតនៅសហរដ្ឋអាមេរិកមានចំនួនឡើងដល់២៦៧លើក ។

សហរដ្ឋអាមេរិកមានចំនួនប្រជាជនសរុបជិត៣៣០លាននាក់ កាំភ្លើងក្នុងសង្គមស៊ីវិលគឺលើសពី៤រយលានដើម ពោលគឺគិតជាមធ្យម ក្នុងចំណោមមនុស្ស១រយនាក់ក៏មានកាំភ្លើងប្រហែល១២០ដើម។

ក្រោមការរារាំងជាច្រើនដូចជាជ្រុលនិយមខាងនយោបាយ ភាពបែកបាក់ក្នុងសង្គមនិងក្រុមផលប្រយោជន៍ជាដើម អំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិកមិនគ្រាន់តែមិនត្រូវបានដោះស្រាយប៉ុណ្ណោះទេ ថែមទាំងក៏មានភាពកាន់តែធ្ងន់ធ្ងរទៅ ហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំនិងហេតុការណ៍បាញ់ប្រហារក្នុងសាលារៀនបានកើតឡើងជាញឹកញាប់ អំពើហិង្សាដោយកាំភ្លើងហាក់ដូចជា ជំងឺដែលមិនអាចព្យាបាលបាននៅក្នុងសង្គមសហរដ្ឋអាមេរិក ។

ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក បក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហាគ្រប់គ្រងកាំភ្លើង ដែលបណ្តាលឱ្យរដ្ឋសភាអាមេរិកមិនអាចអនុម័តច្បាប់ណាមួយស្តីពីការគ្រប់គ្រងកាំភ្លើងរបស់សហព័ន្ធនោះទេ ។

ប៉ុន្តែនិយាយពីឫសគល់ មូលហេតុនៃប្រការទាំងនេះគឺដោយមកពីអ្នកនយោបាយអាមេរិកព្រងើយកន្តើយមិនអើពើសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន ។ ខណៈពេលកើតហេតុការណ៍បាញ់ប្រហារនៅសាលាបឋមសិក្សា Robb នៃក្រុង Uvalde មេដឹកនាំអាមេរិកកំពុងជាប់រវល់នឹងការបង្កការបដិបក្ខគ្នាជាក្រុមនៅអាស៊ី ។ បើនិយាយចំពោះអ្នកនយោបាយមួយចំនួនរបស់អាមេរិក ជីវិតដែលបាត់បង់ក្នុងហេតុការណ៍បាញ់ប្រហារគឺគ្មានអីសោះ មានតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួននិងអនុត្តរភាពបែបអាមេរិកទើបជាកិច្ចការសំខាន់បំផុត ។

គ្មានអ្នកណាដឹងថា តើជីវិតស្រស់ៗបានបាត់បង់ជាបន្តបន្ទាប់ដោយសារកាំភ្លើងដល់ច្រើនប៉ុនណាទៀត ទើបអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់អ្នកនយោបាយអាមេរិក។ ពេលពួកគេមិនអើពើនឹងសិទ្ធិរស់រានមានជីវិតជាមូលដ្ឋានរបស់ប្រជាជនប្រទេសខ្លួន តើពិភពលោកអាចជឿថា ពួកគេនឹងយកចិត្តទុកដាក់យ៉ាងពិតប្រាកដដល់សិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀតឬទេ? របាំងមុខក្លែងក្លាយ សិទ្ធិមនុស្សបែបអាមេរិកបានបែកខ្ទេចក្នុងសូរបាញ់កាំភ្លើងរួចហើយ ។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ប្រទេសនូវែលហ្សេឡង់និងកាណាដាដែលជារដ្ឋសមាជិកក្នុង សម្ព័ន្ធ Five Eyes ដូចសហរដ្ឋអាមេរិកគឺមានទង្វើខុសគ្នាស្រឡះក្នុងវិស័យគ្រប់គ្រងកាំភ្លើង ។ រដ្ឋាភិបាលនូវែលហ្សេឡង់បានដាក់ជូនរដ្ឋសភានូសេចក្តីព្រាងធ្វើវិសោធនកម្មច្បាប់កាំភ្លើងបន្ទាប់ពីកើតករណីបាញ់ប្រហារទ្រង់ទ្រាយធំនៅក្រុង Christchurch កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩ដោយប្រកាសថា នឹងហាមឃាត់ការលក់ដូរនិងកាន់កាំភ្លើងស្វ័យប្រវត្តិពាក់កណ្តាលរចនាបទយោធានិងកាំភ្លើងវាយប្រហារ ។ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាបានប្រកាសនៅថ្ងៃទី៣០ខែឧសភាថា នឹងដាក់ចេញសេចក្តីព្រាងច្បាប់ដើម្បីបង្កកការលក់ដូរកាំភ្លើងដៃនិងដាក់កំហិតលើចំនួនកាំភ្លើងដៃក្នុងស្រុក ។

ក្រឡេកមកមើលសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី១២ខែមិថុនា ព្រឹទ្ធសភាអាមេរិកបានឈានដល់យ៉ាងលំបាកលំបិននូវកិច្ចព្រមព្រៀងជំហានដំបូងអំពីសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងកាំភ្លើង ។ រីឯសមាជិកបក្សសាធារណរដ្ឋម្នាក់ដែលបានចូលរួមដំណើរចរចាបានថ្លែងថា បក្សទាំងពីរនៃព្រឹទ្ធសភា គ្រាន់តែបានឈានដល់កិច្ចព្រមព្រៀងអំពីគោលការណ៍ជាមូលដ្ឋានប៉ុណ្ណោះ តែមិនមែនឯកសារផ្លូវច្បាប់នោះទេ ។ដូច្នេះ ការគ្រប់គ្រងកាំភ្លើងនៅសហរដ្ឋអាមេរិកនៅតែមានផ្លូវវែងឆ្ងាយនិងអនាគតមិនច្បាស់លាស់ ។

យើងគួរតែសួរថា តើជីវិតស្រស់ៗបានបាត់បង់ជាបន្តបន្ទាប់ដោយសារកាំភ្លើងដល់ច្រើនប៉ុនណាទៀត ទើបអាចដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់អ្នកនយោបាយអាមេរិក?កាលណាអំណាចនិងប្រាក់ទុនត្រូវបានតម្កល់លើអាយុជីវិតរបស់ប្រជាជន នោះ មុខជានឹងបណ្តាលឱ្យកើតមានសោកនាដកម្មខាងសិទ្ធិមនុស្សកាន់តែច្រើនឡើងៗជាក់ជាមិនខាន ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស