ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សំឡេងយុត្តិធម៌ដែលបានលាន់ឮខ្ទរខ្ទារក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាការតបតវិញយ៉ាងខ្លាំងក្លាចំពោះ"ការស្វែងរកអនុត្តរភាពដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស"របស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច
2022-06-20 12:46:56cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសគុយបាតំណាងឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថារួមដើម្បីប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ។ ក្រៅពីនេះ ក៏មានប្រទេសជាង ២០ បានថ្លែងសុន្ទរកថាតាមទម្រង់ទោលដើម្បីគាំទ្រប្រទេសចិនផងដែរ ។

    គួររំលឹកថា ទិដ្ឋភាពនេះបានលេចចេញជាច្រើនលើកក្នុងកាលៈទេសៈអន្តរជាតិ ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សជាដើម ។ ប្រទេសជិត ១០០ បានបង្ហាញពីមតិត្រឹមត្រូវក្នុងន័យសម្តែងការយោគយល់និងគាំទ្រចំពោះគោលជំហររបស់ប្រទេសចិនតាមរយៈវិធីខុសៗគ្នា ដែលបានបញ្ជាក់ថា សហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករមានការវិនិច្ឆ័យយ៉ាងច្បាស់លាស់ថា តើសិទ្ធិមនុស្សរបស់ចិនល្អឬមិនល្អ ក៏ដូចជាបានមើលឃើញច្បាស់នូវពុតត្បុតនិង"ស្តង់ដារពីរ"របស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចក្នុងបញ្ហាសិទ្ធិមនុស្ស ហើយបានប្រឆាំងយ៉ាងដាច់ខាតនូវការប្រើបញ្ហាសិទ្ធិមនុស្សធ្វើជាឧបករណ៍នយោបាយសម្រាប់គាបសង្កត់គូប្រជែង ។ សំឡេងយុត្តិធម៌ដែលបានលាន់ខ្ទរខ្ទាក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សទាំងនេះជាការតបតវិញយ៉ាងខ្លាំងក្លាចំពោះ"ការស្វែងរកអនុត្តរភាពដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស"របស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច ។

    ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងបរិបទដែលសហរដ្ឋអាមេរិកចាត់ទុកប្រទេសចិនជា"គូប្រជែងជាយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ខ្លួន" បញ្ហាគន្លឹះជាច្រើន ដូចជាបញ្ហាស៊ីនជាំង ហុងកុង ស៊ីនចាំងនិងតៃវ៉ាន់ជាដើមបានក្លាយជាសន្លឹកបៀដែលអ្នកនយោបាយអាមេរិកនិងលោកខាងលិចប្រើប្រាស់ជាញឹកញាប់ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។ សូមយកបញ្ហាពាក់ព័ន្ធតំបន់ស៊ីនជាំងជាឧទាហរណ៍ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចបានបង្កបង្កើតជា"ខ្សែសង្វាក់ឧស្សាហកម្មក្លែងបន្លំ"ដ៏ពេញលេញមួយ ។

    យ៉ាងណាមិញ ពាក្យភូតកុហកទោះជានិយាយ ១ ពាន់ដងក៏ដោយ ក៏វានៅតែជាពាក្យភូតកុហកដែរ ។ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរាល់លើក គោលនយោបាយអភិបាលកិច្ចភូមិភាគស៊ីនជាំងរបស់ប្រទេសចិនទទួលបានការយោគយល់និងគាំទ្រពីសំណាក់សហគមន៍អន្តរជាតិដែលបូករួមទាំងប្រទេសអ៊ីស្លាមផងដែរ នេះជាភស្តុតាងយ៉ាងច្បាស់លាស់ ។ ប្រសិនបើមិនបានមើលឃើច្បាស់ថា ធាតុពិតនៃបញ្ហាពាក់ព័ន្ធតំបន់ស៊ីនជាំង គឺជាបញ្ហាប្រឆាំងភេរវកម្មនិងបញ្ហាប្រឆាំងអបគមន៍និយម ហើយក៏គ្មានអ្វីដែលហៅថា "ការធ្វើទុក្ខបុកម្នេញ"ទៅលើជនជាតិមូស្លឹមទាល់តែសោះ  ម៉េចប្រទេសអ៊ីស្លាមទាំងនេះបានបង្ហាញពីមតិដ៏ត្រឹមត្រូវក្នុងន័យផ្តល់ការគាំទ្រដល់ប្រទេសចិនប៉ុណ្ណឹង ?

    ពីមួយឆ្នាំទៅមួយឆ្នាំ "កលល្បិចសិទ្ធិមនុស្ស"របស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនតូចដែលបានលេងជាញឹកញាប់ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបរាជ័យម្តងហើយម្តងទៀត ប្រការទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា សច្ចធម៌គឺស្ថិតក្នុងដួងចិត្តរបស់មនុស្សទូទៅ ។ ដោយឡែក ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករមិនសូវខ្វល់នឹងការសម្តែងរបស់អ្នកនយោបាយអាមេរិកនិងលោកខាងលិចបែបនេះទេ វាមិនត្រឹមតែដោយមកពីពួកគេគោរពការពិតនិងភាពត្រឹមត្រូវទាំងស្រុងនៃបញ្ហានេះប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារពួកគេមានចំណាប់អារម្មណ៍ដូចគ្នាថា សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចបាននិងកំពុងគាបសង្កត់ប្រទេសដទៃទៀតក្រោមលេសិទ្ធិមនុស្ស ។ លើសពីនេះទៅទៀត ពួកគេក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងពីទង្វើបែបនេះដែលបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករផងដែរ ។

    កាលពីខែមេសា ឆ្នាំនេះ លោក Pedro Luis Pedroso ឯកអគ្គរដ្ឋទូតគុយបាប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានសួរត្រង់ៗថា "មិនដឹងថា នៅថ្ងៃណាមួយ តើមហាសន្និបាតអង្គការសហប្រជាជាតិនឹងអនុម័តលើសេចក្តីសម្រេចចិត្តមួយដើម្បីផ្អាកជាបណ្តោអាសន្ននូវលក្ខណសម្បតិ្តជារដ្ឋសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកទេ "? តាមពិតទៅ នេះក៏ជាសំឡេងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករដែរ ។ ខណៈពេលដែលសហរដ្ឋអាមេរិកវាយប្រហារលើបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសដទៃ សហគមន៍អន្តរជាតិគួរផ្តល់កញ្ចក់ធំបំផុតមួយដល់អាមេរិកសម្រាប់ពិចារណាពីកំហុសរបស់ខ្លួន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស