ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថេរភាពនិងសន្តិភាពរបស់ពិភពលោក គឺជាបំណងប្រាថ្នាធំបំផុតរបស់ប្រទេសចិន
2022-06-17 18:36:00cri
Share with:


សន្តិភាពនិងការអភិវឌ្ឍមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនិងវិបុលភាព និងទន្ទឹមគ្នានេះ ការអភិវឌ្ឍ គឺជាកត្តាគន្លឹះដែលរួមចំណែកបង្កើតសន្តិភាព។ ប្រទេសដែលចង់បានការអភិវឌ្ឍនិងវិបុលភាព សុទ្ធតែត្រូវការសន្តិភាព ហើយប្រទេសចិន ក៏មានបំណងប្រាថ្នាដូចគ្នានេះដែរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលរដ្ឋាភិបាលចិននិងប្រជាជនចិន បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីបង្កើតបរិយាកាសអន្តរជាតិមួយដែលមានស្ថេរភាពនិងសន្តិភាព និងបានរួមចំណែកយ៉ាងច្រើនដល់ការកសាងសន្តិភាពរបស់ពិភពលោក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងនាមជាអ្នកប្ដូរផ្ដាច់ការពារសណ្ដាប់ធ្នាប់អន្តរជាតិ ប្រទេសចិនបានចូលជាសមាជិក អង្គការអន្តររដ្ឋាភិបាលស្ទើរតែទាំងអស់ ។ ទន្ទឹមគ្នានេះ ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ដល់បេសកកម្មរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយរហូតមកដល់ពេលនេះប្រទេសចិនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួនជាង ៥០.០០០នាក់ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសជាង២០នៅជុំវិញពិភពលោក ដែលមានដូចជា កម្ពុជា កុងហ្គោ លីបេរីយ៉ា ស៊ូដង់ លីបង់ ស៊ីព ស៊ូដង់ខាងត្បូង និង ម៉ាលី ជាដើម។ ជាងនេះទៅទៀត ប្រទេសចិន បានផ្ដល់វិភាគទានហិរញ្ញវត្ថុជូនដល់អង្គការ    សហប្រជាតិនិងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ច្រើនជាងគេបំផុតក្នុងលំដាប់ទីពីរ ហើយនៅក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ប្រទេសចិន គឺជាប្រទេសដែលបានបញ្ចូនកងកម្លាំងរក្សាសន្តិភាពច្រើនជាងគេបំផុត ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិសហវិជ្ជមាន និងគោលការណ៍នៃការអភិវឌ្ឍប្រកបដោយសន្តិភាព ប្រទេសចិនបានកសាងនិងពង្រីកទំនាក់ទំនងជិតស្និទ្ធបែបសហការជាមួយប្រទេសជាច្រើននៅលើពិភពលោក និងបានពង្រឹងលើកកម្ពស់គោលការណ៍នៃការរួមរស់នៅជាមួយគ្នានៅលើភពផែនដីនេះដោយសុខសាន្តនិងដោយសន្តិភាព និងគោលការណ៍នៃការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយស្មើភាព។ ជាងនេះទៅទៀត ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អ្នកជិតខាងល្អ និងបានកសាងទំនាក់ទំនងជិតស្និទ្ធបែបសហការជាមួយប្រទេសក្បែរខាងនិងប្រទេសដទៃផ្សេងទៀតនៅក្នុងទ្វីបអាស៊ី ដោយបង្កើនកិច្ចពិភាក្សា និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមកឥតឈប់ឈរ។ ទន្ទឹមគ្នានេះ ប្រទសចិន បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានា ដើម្បីស្វែងរកនូវវិធីសាស្រ្តអភិវឌ្ឍន៍ល្អៗដែលអាចយកទៅអនុវត្តរួមគ្នាដោយផ្អែកលើការផ្លាស់ប្ដូរបទពិសោធន៍ល្អៗជាមួយគ្នាទៅវិញទៅមក ។ ទន្ទឹមនឹងនេះ ប្រទេសចិន បានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិនិងបញ្ហាប្រឈមក្នុងតំបន់ ដោយស្ម័គ្រចិត្តទទួលរែកពន់កាតព្វកិច្ចអន្តរជាតិនានាប្រកបដោយការទទួលខុសត្រូវខ្ពស់។

ដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅលើសកលលោក ប្រទេសចិន បានបង្កើនការផ្ដល់ជំនួយអភិវឌ្ឍទៅកាន់ប្រទេសនានានៅទូទាំងពិភពលោក ដូចជានៅក្នុងទ្វីបអាស៊ី អាហ្រ្វិក និង អាមេរិកខាងត្បូង ជាដើម។ ជំនួយអភិវឌ្ឍរបស់ចិន ភាគច្រើនផ្ដោតទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។ នាពេលថ្មីៗកន្លងទៅនេះ នៅពេលដែលពិភពលោកប្រឈមនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការផ្ដល់និងផ្គត់ផ្គង់សម្ភារៈឧបករណ៍វេជ្ជសាស្រ្តចាំបាច់នានាសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងជាពិសេស ការផ្ដល់និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍។

ដោយប្រកាន់យកយុទ្ធសាស្រ្តបើកចំហរដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ប្រទេសចិន បានខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងក្នុងតំបន់និងអន្តរជាតិ ដោយរហូតមកដល់ពេលនេះ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីជាមួយប្រទេសជាង១០០ នៅទូទាំងពិភពលោក និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួនជិត២០កិច្ចព្រមព្រៀង កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនជិត១០ បន្ថែមទៀត ព្រមទាំងកំពុងធ្វើការពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនជិត១០បន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មនិងវិនិយោគរបស់ខ្លួន។ ជាងនេះទៅទៀត ប្រទេសចិន បានចូលរួមយ៉ាងសកម្មក្នុងការតាក់តែងនិងអនុវត្តវិធានពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិ និងបានចូលរួមជាមួយប្រទេសដទៃធ្វើការដោះស្រាយវិវាទ និងបញ្ហានានា តាមរយៈយន្តការចរចាដោយសន្តិវិធីដោយស្មើភាព ដើម្បីពង្រឹងការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល។ ប្រទេសចិនគាំទ្រយ៉ាងសកម្មចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ចាប់តាំងពីពេលក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនៅចុងឆ្នាំ២០០១រហូតមក ប្រទេសចិនបាន    អនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតស្ថានភាពកាន់តែល្អសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសអន្តរជាតិ។

ជាការពិត ប្រទេសចិនត្រូវការជាចាំបាច់នូវបរិយាកាសសកលលោកមួយដែលមានស្ថេរភាពនិងសន្តិភាព។ សកម្មភាពជាក់ស្ដែងរបស់ប្រទេសចិននាពេលកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិន គឺជាអ្នកស្រឡាញ់សន្តិភាពនិងស្ថេរភាព ជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍរបស់សកលលោក និងជាអ្នកការពារសណ្ដាប់ធ្នាប់អន្តរជាតិ។ ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន គឺជាការអភិវឌ្ឍរីកចម្រើនប្រកបដោយសន្តិភាព ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនិងសន្តិភាពរបស់ពិភពលោកទាំងមូល។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស