ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រសិនបើធ្វើតាមគោលនយោបាយចំពោះប្រទេសចិនរបស់អាមេរិក ជប៉ុនមុខជានឹងត្រូវអូសចូលក្នុងជ្រោះដ៏គ្រោះថ្នាក់ម្តងទៀតជាក់ជាមិនខាន
2022-06-16 13:16:22cri
Share with:

    នៅថ្ងៃទី ១២ ខែមិថុនា កិច្ចប្រជុំសន្ទនាសាងគ្រីឡាលើកទី ១៩ បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី ។ សុន្ទរកថាគន្លឹះដែលលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងក្នុងកិច្ចប្រជុំសន្ទនាលើកនេះត្រូវប្រព័ន្ធសារព័ត៌មានជប៉ុនវាយតម្លៃថា មានទម្លាប់រិះគន់ប្រទេសចិន ហើយបានលាតត្រដាងយ៉ាងពេញលេញនូវចេតនាពិតរបស់ជប៉ុនដែលប៉ុនប៉ងបដិបក្ខគ្នាដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិនក្នុងវិស័យយោធានិងសេដ្ឋកិច្ចជាដើម ។

    សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ដោយសាររងឥទ្ធិពលពីអាមេរិក កម្លាំងពួកស្តាំនិយមរបស់ជប៉ុននិងគំនិតចក្រពត្តិនិយមរបស់វាមិនបានត្រូវជម្រះចោលឱ្យបានជ្រះស្រឡះនោះទេ ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគេបានផ្សព្វផ្សាយក្នុងស្រុកជប៉ុននូវអ្វីដែលហៅថា "ការគំរាមកំហែងរបស់ចិន" ឃោសនាបំប៉ោងពីវិបត្តិសន្តិសុខនៅតំបន់ជិតខាងដើម្បីយកប្រការទាំងនេះធ្វើជាលេសមកវាយបំបែកការដាក់កំហិតដែលមានចែងក្នុងធម្មនុញ្ញសន្តិភាព ក្នុងន័យដើរតាមផ្លូវចក្រពត្តិនិយាយឡើងវិញនិងសម្រេចបាននូវអំណាចផ្តាច់ការនៅតំបន់អាស៊ី ។

    បច្ចុប្បន្ននេះ អាមេរិកបាននិងកំពុងអនុវត្ត"យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក"ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ការនេះធ្វើឱ្យអ្នកនយោបាយជប៉ុនហាក់ដូចជាទទួលបានឱកាស ។ ពួកគេប្រញាប់ប្រញាល់ចង់ធ្វើតាមយុទ្ធសាស្ត្រនេះ សុខចិត្តធ្វើជា"ទ័ពស្រួច"របស់អាមេរិកដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ហើយក៏បានខិតខំប្រឹងប្រែងដើម្បីរួមគ្នាសហការជាមួយការបង្កើត"អង្គការណាតូអាស៊ីប៉ាស៊ីហ្វិក" លើសពីនេះទៅទៀត ជប៉ុនក៏ប៉ុនប៉ងបង្កភាពចលាចលនៅអាស៊ីប៉ាស៊ីហ្វិកដោយពឹងផ្អែកលើអាមេរិក ដើម្បីកាត់បន្ថយកម្លាំងរារាំងក្នុងដំណើរសម្រេចគោលបំណងខាងយោធារបស់ខ្លួន ។

    បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ជប៉ុនក៏លេងកលល្បិចដូចគ្នាដែលចង់បដិបក្ខគ្នាជាមួយប្រទេសចិនដែរ ។ ទោះបីជាជប៉ុនបាននិងកំពុងប្រឈមនឹងភាពថយក្រោយខាងសេដ្ឋកិច្ចអស់រយៈពេលជាង ៣០ ឆ្នាំ ហើយក៏គ្មានបច្ចេកវិទ្យាខ្ពស់ជាច្រើនក៏ដោយ ក៏ប៉ុន្តែជប៉ុនបែរជាបានលើកឡើងនូវគំនិតអំពី"ការធានាសន្តិសុខខាងសេដ្ឋកិច្ច" គឺដើម្បីធានាជាក់លាក់ឱ្យជប៉ុនមានឧត្តមភាពខាងវិស័យបច្ចេកវិទ្យាខ្ពស់របស់ខ្លួននិងដាក់កំហិតលើបច្ចេកវិទ្យារបស់ជប៉ុនមិនឱ្យផ្តល់សេវាដល់ប្រទេសចិន ។

    លើសពីនេះទៅទៀត ជប៉ុនក៏បានអះអាងក្នុងអំឡុងពេលកិច្ចប្រជុំសន្ទនាសាងគ្រីឡាលើកនេះថា នឹងពង្រឹងការផ្លាស់ប្តូរផ្នែកយោធាជាមួយប្រទេសអាស៊ីអគ្នេយ៍ ក៏ដូចជាផ្តល់ជំនួយយោធាជាដើម ដើម្បីអូសទាញប្រទេសមួយចំនួនឱ្យបង្កការតតាំងគ្នាជាមួយប្រទេសចិន ប៉ុន្តែមិនទទួលបានការគាំទ្រនោះឡើយ ។

    ឧទាហរណ៍ដូចជា លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡាលើកនេះដោយបានលើកឡើងថា ឥណ្ឌូណេស៊ីគោរពប្រទេសធំទាំងអស់ ដូច្នេះហើយ នឹងមិនចូលសម័្ពន្ធយោធាណាមួយឡើយ ។ លោក Hishammuddin Hussein រដ្ឋមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលម៉ាឡេស៊ីនិងជារដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីក៏បានគូសបញ្ជាក់ក្នុងសុន្ទរកថាដែរថា "អាស៊ាននឹងសម្រេចចិត្តដើរតាមផ្លូវដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន "។ ចំណែកឯប្រទេសអាស៊ីអគ្នេយ៍ផ្សេងទៀតក៏បាននាំគ្នាបង្ហាញពីអាកប្បកិរិយារបស់ខ្លួនថា ពួកគេនឹងមិនឈរនៅម្ខាងជាមួយអ្នកណាដែរ ។

    គួរបញ្ជាក់ដែរថា ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាឱកាស តែមិនមែនជាការគំរាមកំហែងនោះទេ ។ នេះគឺជាគំនិតឯកភាពរួមរបស់ប្រទេសអាស៊ីភាគច្រើនដាច់ខាត បានជាការប៉ុនប៉ងរបស់អ្នកនយោបាយជប៉ុនដែលចង់អុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងប្រទេសអាស៊ី គឺមិនអាចទៅរួចទេ ។ ពួកគេសុខចិត្តធ្វើជា"ទ័ពស្រួច"របស់អាមេរិក ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីបង្កើត"អង្គការណាតូអាស៊ីប៉ាស៊ីហ្វិក"និងឃោសនាបំប៉ោងពីការបដិបក្ខគ្នាជាមួយប្រទេសចិនដែលបាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិព្រមនិងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ អ្នកនយោបាយជប៉ុនដែលហៅចចកចូលផ្ទះទាំងនោះប៉ុនប៉ង"ធ្វើសង្គ្រាមរវាងជប៉ុននិងចិនដូចកាលពីឆ្នាំ ១៨៩៤ ជាថ្មីឡើងវិញ"គឺ ពិតជាកំពុងសុបិន្តនៅពេលថ្ងៃ ។ ប្រសិនបើពួកគេមិនបញ្ឈប់ភ្លាម នោះ មុខជានឹងអូសជប៉ុនចូលក្នុងជ្រោះដ៏គ្រោះថ្នាក់ម្តងទៀតជាក់ជាមិនខាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស