ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី
2022-06-15 21:26:04cri
Share with:

      រសៀលថ្ងៃទី១៥ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី ។

      ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីចូលឆ្នាំនេះមក ប្រឈមនឹងភាពរង្គោះរង្គើនិងកំណែទម្រង់ជាសកល ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ។ កិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានរីកចម្រើនទៅមុខដោយនឹងនរ ប្រទេសចិនរីករាយរួមសហការជាមួយរុស្ស៊ី បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាដ៏ធំនិងសំខាន់ដែលពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលនិងការយកចិត្តទុកដាក់ដ៏សំខាន់ ដូចជាអធិបតេយ្យភាព និងសន្តិសុខជាដើម បង្កើនការប្រាស្រ័យទាក់ទងនិងសម្របសម្រួលក្នុងអង្គការអន្តរជាតិនិងតំបន់ដ៏សំខាន់ ដូចជាអង្គការសហប្រជាជាតិ ប្រទេសBRICS និងអង្គការសហប្រតិបតិ្តការសៀងហៃជាដើម  ក្នុងន័យជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាជំរុញរបៀបរៀបរយអន្តរជាតិនិងអភិបាលកិច្ចសកលឱ្យវិវឌ្ឍរីកចម្រើនទៅកាន់ទិសដៅកាន់តែមានសមភាពនិងកាន់តែសមហេតុផល ។

ជាការឆ្លើយតប លោក ភូទីនបានថ្លែងថា ប្រទេសរុស្ស៊ីគាំទ្រគំនិតផ្តួចផ្តើមស្តីពីសន្តិសុខពិភពលោកដែលប្រទេសចិនបានលើកឡើង ប្រឆាំងរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយកបញ្ហាតំបន់ស៊ីនជាំង ហុងកុងនិងតៃវ៉ាន់ជាដើមធ្វើជាលេស រុស្ស៊ីរីករាយបង្កើនកិច្ចសហការពហុភាគីជាមួយប្រទេសចិន ធ្វើកិច្ចខិតខំប្រឹងប្រែងប្រកបដោយលក្ខណៈស្ថាបនាដើម្បីជំរុញពហុប៉ូលភាវូបនីយកម្មពិភពលោកនិងបង្កើតរបៀបរៀបរយអន្តរជាតិដែលកាន់តែមានសមភាពនិងកាន់តែសមហេតុផល ។

ក្នុងកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអ៊ុយក្រែនផងដែរ ។ លោក Xi Jinping បានគូសបញ្ជាក់ថា បណ្តាភាគីនានាគួរតែជំរុញឱ្យវិបតិ្តអ៊ុយក្រែនទទួលបានការដោះស្រាយដោយសមរម្យតាមទម្រង់ទទួលខុសត្រូវ ។ ប្រទេសចិនរីករាយបន្តដើរតួនាទីរបស់ខ្លួនក្នុងកិច្ចការនេះជាបន្តទៀត ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស