ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ផ្តល់ការគាំទ្រដល់ការច្នៃប្រឌិតថ្មីរបស់សេដ្ឋកិច្ចឯកជន ក្នុងន័យឆ្ពោះទៅកាន់វេទិកាកាន់តែទូលំទូលាយ
2022-06-15 10:01:05cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យនៅខេត្តSichuan ភាគខាងលិចប្រទេសចិន គោលដៅមួយនៃដំណើរទស្សនកិច្ចលើកនេះ គឺទៅត្រួតពិនិត្យក្រុមហ៊ុន Jimiguangdianលីមីតធីតដែលជាក្រុមហ៊ុនឯកជនមួយ ។ លោកប្រធាន Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យនៅសាលតាំងពិព័រណ៌និងរោងជាងរបស់ក្រុមហ៊ុននេះ ក្នុងន័យស្វែងយល់ពីសភាពការណ៍អំពីការបង្កើនការច្នៃប្រឌិតថ្មីដោយម្ចាស់ការ និងតំបន់នេះផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចឯកជនជាដើម ។ ប្រការនេះបានបញ្ចេញសញ្ញាដ៏សំខាន់ម្តងទៀតថា ប្រទេសចិនយកចិត្តទុកដាក់និងគាំទ្រការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចឯកជន ។

      ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការបម្រែបម្រួលយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញនៃស្ថានការណ៍ទាំងក្នុងស្រុកនិងអន្តរជាតិ ព្រមនិងភាពមិនប្រាកដប្រជានៅបរិវេណខាងក្រៅមានភាពកាន់តែធ្ងន់ធ្ងរ បានជាសហគ្រាសឯកជនបាននិងកំពុងប្រឈមនឹងភាពលំបាកនិងការសាកល្បងកាន់តែច្រើនឡើងៗ ។ ទាក់ទងនឹងរឿងនេះ រដ្ឋបាលគ្រប់ថ្នាក់របស់ប្រទេសចិនសុទ្ធតែបានខំប្រឹងរកមធ្យោបាយដោយសកម្ម ដើម្បីជួយពួកគេពុះពារឧបសគ្គនិងស្វែងរកការអភិវឌ្ឍន៍ ។ ខណៈពេលចុះត្រួតពិនិត្យនៅក្រុមហ៊ុនJimiguangdianលីមីតធីត លោកប្រធាន Xi Jinping បានស្វែងយល់ជាពិសេសចំពោះគោលនយោបាយរបស់រដ្ឋបាលតំបន់ ដើម្បីជួយសហគ្រាសដោះស្រាយភាពលំបាក ។ ប្រការនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ម្តងទៀតថា ប្រទេសចិននឹងផ្តល់ការគាំទ្រនិងណែនាំសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចមិនមែនកម្មសិទ្ធិរដ្ឋដោយមិនងាករេ ។

     បច្ចុប្បន្ននេះ ប្រឈមនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចជាសកល និងកម្លាំងសម្ពាធធំទាំងបីដែលសេដ្ឋកិច្ចចិនបាននិងកំពុងប្រឈម  ពោលគឺ ការបង្រួញតូចនៃតម្រូវការ ការវាយប្រហារលើវិស័យផ្គត់ផ្គង់ និងការប៉ាន់ប្រមាណមានភាពទន់ខ្សោយ តើសហគ្រាសឯកជនត្រូវធ្វើយ៉ាងណា ដើម្បីស្វែងរកឱកាសថ្មីក្នុងវិបតិ្ត និងស្វែងរកដំណើរការថ្មីក្នុងនិម្មាបនកម្ម ? ចំណុចគន្លឹះគឺនៅត្រង់ “ការច្នៃប្រឌិតថ្មី” ។

      ក្រុមហ៊ុន Jimiguangdianលីមីតធីត ដែលលោកប្រធាន Xi Jinping បានចុះត្រួតពិនិត្យ ជាក្រុមហ៊ុនឈានមុខក្នុងអាជីវកម្មបរិក្ខាបញ្ចាំងស្លាយ ដែលបានធំធាត់ឡើងតាមរយៈការច្នៃប្រឌិតថ្មី ។ កាលពីឆ្នាំ២០២១ ថវិកាសម្រាប់សិក្សាស្រាវជ្រាវនៃក្រុមហ៊ុននេះ បានកើនឡើង៨៩,០៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ អត្រាថវិកាសម្រាប់សិក្សាស្រាវជ្រាវក្នុងប្រាក់ចំណូលបានកើនឡើងពី៤,៩២ភាគរយ កាលពីឆ្នាំ២០២០ ដល់៦,៥១ភាគរយ ។

      ខណៈពេលចុះត្រួតពិនិត្យ លោកប្រធាន Xi Jinping បានគូសបញ្ជាក់ពីការជំរុញការច្នៃប្រឌិតថ្មីលើវិស័យបច្ចេកវិទ្យា គួរតែថែរក្សានិងពូនជ្រំសហគ្រាសជំនាញនិងឈានមុខលើគ្រប់វិស័យ បង្កបង្កើត “ជើងឯក”កាន់តែច្រើន ក្នុងន័យបង្កើតជាក្រុមច្នៃប្រឌិតថ្មីលើវិស័យបច្ចេកវិទ្យា ។ សេចកី្តណែនាំនេះបានចង្អុលបង្ហាញពីទិសដៅសម្រាប់ឱ្យសហគ្រាសចិនត្រួសត្រាយ  “កិច្ចចាប់ផ្តើមថ្មី” ក្នុងនោះក៏បូករួមទាំងសហគ្រាសឯកជនផងដែរ ។

      តាមសិ្ថតិថ្មីបំផុតរបស់អគ្គរដ្ឋបាលគយរបស់ចិនបានឱ្យឃើញថា ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់សហគ្រាសឯកជននៃប្រទេសចិន មានចំនួន៧,៨៦ទ្រីលានយាន់ប្រាក់ចិន កើនឡើង១១,៨ភាគរយ ត្រូវជា៤៩ភាគរយក្នុងទំហំសរុបនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិន ។ អាចឃើញថា ក្នុងដំណើរប្រទេសចិនបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកដំណើរវិលជុំក្នុងស្រុកជាគន្លឹះ និងដំណើរវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នាទៅវិញទៅមក សេដ្ឋកិច្ចឯកជនជាកម្លាំងចលករមួយ ។

      “ត្រូវខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មីដោយម្ចាស់ការ ពន្លឿនក្លាយទៅជាប្រទេសខ្លាំងក្លាខាងផលិតកម្ម  ។” សេចកី្តណែនាំរបស់លោក Xi Jinping បានបំពេញបន្ថែមជំនឿចិត្តដ៏ខ្លាំងក្លាដល់សេដ្ឋកិច្ចឯកជនចិនដើម្បីពុះពារឧបសគ្គ និងស្វែងរកការអភិវឌ្ឍន៍ ។ ប្រការនេះនឹងមានអំណោយផលដល់ប្រទេសចិន ព្រមពេលជាមួយគ្នានេះក៏មុខជានឹងនាំមកនូវកម្លាំងចលករសម្រាប់ងើបឡើងវិញដល់សេដ្ឋកិច្ចពិភពលោកជាក់ជាមិនខាន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស