ពេលជួបសន្ទនាជាមួយលោក Lee Ka Chiu ប្រធានតំបន់រដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៣០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា៖ ឆ្នាំនេះជាខួប ២៥ ឆ្នាំនៃការដែលហុងកុងត្រឡប់មកមាតុប្រទេសចិនវិញ។ រយៈពេល ២៥ ឆ្នាំកន្លងមក ទោះជាបានប្រឈមនឹងបញ្ហាជាច្រើនក្តី ក៏ប៉ុន្តែ ការអនុវត្តគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” នៅហុងកុងទទួលបានភាពជោគជ័យដែលសកលលោកសុទ្ធតែកោតសរសើរ។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលមជ្ឈិមក្នុងការអនុវត្តដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវនូវគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” គឺមិនដែលរង្គោះរង្គើទេ ហើយក៏មិនកែប្រែដែរ។
គួរបញ្ជាក់ថា ថ្ងៃទី១ ខែកក្កដា ឆ្នាំ ១៩៩៧ រដ្ឋាភិបាលចិនបានប្រកាន់អធិបតេយ្យភាពឡើងវិញចំពោះហុងកុង តំបន់រដ្ឋបាលពិសេសហុងកុងបានបង្កើតឡើង។ការត្រឡប់មកមាតុប្រទេសវិញបាននាំមកកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីដល់ហុងកុង។ នៅឆ្នាំ១៩៩៧ ទំហំGDPហុងកុងគឺ 1.37 ទ្រីលានដុល្លាហុងកុង ឈានដល់ឆ្នាំ២០២១ ទំហំGDPហុងកុងបានកើនដល់ 2.86 ទ្រីលានដុល្លាហុងកុង។
ក្រោមគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” តំបន់រដ្ឋបាលពិសេសចិនហុងកុងបានក្លាយជាតួអង្គសេដ្ឋកិច្ចដ៏សេរីបំផុតលើពិភពលោក ជាចំណែកសំខាន់នៃតំបន់មហាឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ដែលជាតំបន់ឈូងសមុទ្រធំឈានមុខចំនួន៤លើពិភពលោក និងអភិវឌ្ឍលឿនបំផុត សម្បូរធនធានមនុស្ស បរិស្ថានគ្រប់គ្រងតាមច្បាប់ល្អប្រសើរ។ល។
រយៈពេល ២៥ ឆ្នាំបន្ទាប់ពីបានវិលត្រឡប់មកមាតុប្រទេសវិញ ក្រោមការគាំទ្រនៃរដ្ឋាភិបាលមជ្ឈិម ហុងកុងបានយកជំនះវិបត្តិជាច្រើនលើក នៅពេលអនាគតក៏នឹងបន្តរក្សាឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ ។ ឱ្យតែហុងកុងបន្តរួមបញ្ចូលយ៉ាងសកម្មក្នុងផែនការជាតិ ចាំបាច់នឹងពង្រីកទំហំអភិវឌ្ឍន៍កាន់តែធំធេងនៅពេលក្រោយ៕