ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២នៃអង្គការពាណិជ្ជកម្មពិភពលោកផ្តោតសំខាន់ទៅលើបញ្ហាគន្លឹះជាច្រើន
2022-06-13 11:45:56cri
Share with:

កាលពីថ្ងៃទី១២ខែមិថុនា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១២នៃអង្គការពាណិជ្ជកម្មពិភពលោកបានបើកធ្វើនៅក្រុងហ្សឺណែវនៃប្រទេសស្វ៊ីស ។

លោកស្រី Ngozi Okonjo-Iweala អគ្គលេខាធិការអង្គការពាណិជ្ជកម្មពិភពលោកបានថ្លែងថា បច្ចុប្បន្ននេះ ទូទាំងពិភពលោកបានប្រឈមមុខនឹងវិបត្តិជាច្រើនដូចជាជំងឺកូវីដ១៩ កង្វះចំណីអាហារ អាកាសធាតុឡើងកម្តៅនិងការប៉ះទង្គិចក្នុងតំបន់ជាដើម ។ ភាគីនានាគួរតែរួមសាមគ្គីគ្នាដើម្បីពុះពារឧបសគ្គជាមួយគ្នា ។ ក្នុងសភាពការណ៍បែបនេះ គ្មានរដ្ឋសមាជិកណាមួយអាចយកសុខតែខ្លួនឯងនោះទេ ។

លោកស្រី Ngozi Okonjo-Iweala បានថ្លែងថា ការងារនៃអង្គការពាណិជ្ជកម្មពិភពលោកទទួលបានការវិវឌ្ឍខ្លះ ដែលបានបង្កើតជាឯកសារសេចក្តីព្រាងលើបញ្ហាដ៏សំខាន់ដូចជាការលើកលែងកម្មសិទ្ធិបញ្ញាខាងវ៉ាក់សាំងជំងឺកូវីដ១៩ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការឧបត្ថម្ភកធនខាងរបរនេសាទ កសិកម្មនិងសន្តិសុខស្បៀងអាហារជាដើម ហើយរំពឹងទុកថា កិច្ចប្រជុំលើកនេះអាចសម្រេចបាននូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន ។

លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានចូលរួមកិច្ចប្រជុំលើកនេះនៅក្រុងហ្សឺណែវ ។ លោកបានថ្លែងថា ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូលគឺជាគ្រឹះនៃពាណិជ្ជកម្មអន្តរជាតិ ភាគីចិនរីករាយរួមជាមួយភាគីនានាដើម្បីជំរុញឱ្យអង្គការពាណិជ្ជកម្មពិភពលោកដើរតួនាទីកាន់តែធំក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ៕

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស