ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី មិនគួរធ្វើកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះទេ រហូតដល់គ្រប់ភាគីទាំងអស់ឈានដល់គំនិតឯកភាពគ្នាសិន
2022-06-08 12:37:00cri
Share with:

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី៧ ខែមិថុនាថា ក្រោមការផ្តួចផ្តើមរបស់ប្រទេសចិន ក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានសម្រេចចិត្តបង្កើតប្រធានបទផ្លូវការដាច់ដោយឡែកមួយតាមរយៈការពិភាក្សានិងមានគំនិតឯកភាពគ្នាជាឯកច្ឆន្ទជាលើកទី៣ ដើម្បីពិភាក្សាអំពីការផ្ទេរសម្ភារៈនុយក្លេអ៊ែរ ការធានានិងត្រួតពិនិត្យដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលជាបញ្ហាប៉ះពាល់ដល់គ្រប់ផ្នែកនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញពីការយកចិត្តទុកដាក់ និងការព្រួយបារម្ភយ៉ាងខ្លាំងរបស់សហគមន៍អន្តរជាតិចំពោះការផ្ទេរសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។

លោក Zhao Lijian បានបន្តថា ភាគីចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី បានបង្កជាហានិភ័យដ៏ធ្ងន់ធ្ងរស្តីពីការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលបានប៉ះពាល់ដល់ប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិ បង្កើនការប្រកួតប្រជែងខាងសព្វាវុធ ក៏ដូចជាបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស