"កិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកលើកនេះប្រហែលនឹងក្លាយជាសញ្ញាមួយបង្ហាញថា កម្លាំងដឹកនាំរបស់អាមេរិកនៅតំបន់អាមេរិកឡាទីនបាននិងកំពុងថមថយចុះ ។" នេះជាការវាយតម្លៃរបស់ប្រព័ន្ធសារព័ត៌មានមួយរបស់ប្រទេសម៉ិកស៊ិក ។ តាមការកំណត់ កិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកលើកទី ៩ បានបើកធ្វើនៅក្រុង Los Angeles នៃសហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែមិថុនា ។ យ៉ាងណាមិញ កាលពីខែមេសា ឆ្នាំនេះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា គ្មានគម្រោងអញ្ជើញមេដឹកនាំរបស់គុយបា នីការ៉ាហ្កានិងវ៉េណេស៊ុយអេឡាឱ្យទៅចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកលើកនេះទេ ដោយយកអ្វីដែលហៅថា "បញ្ហាប្រជាធិបតេយ្យ"ធ្វើជាលេស " ប្រការនេះញ៉ាំងឱ្យបណ្តាប្រទេសនៅអាមេរិកឡាទីន និងសហគមន៍អន្តរជាតិមិនពេញចិត្ត ។
ឆ្នាំនេះ សហរដ្ឋអាមេរិករៀបចំធ្វើកិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលជិត ៣០ ឆ្នាំ ។ ដូច្នេះ កិច្ចប្រជុំកំពូលលើកនេះត្រូវគេចាត់ទុកថា ជាឱកាសសម្រាប់ឱ្យរដ្ឋាភិបាលលោក ចូ បៃដិន អធិប្បាយអំពីគោលនយោបាយចំពោះប្រទេសអាមេរិកឡាទីន ប៉ុន្តែ ពេលមុននេះ មេដឹកនាំរបស់ប្រទេសម៉ិកស៊ិកនិងប្រទេសការ៉ាប៊ីនមួយចំនួនបានបង្ហាញថា ប្រសិនបើរដ្ឋាភិបាលលោក ចូ បៃដិន ច្រានចោលប្រទេសទាំង ៣ ដូចពោលខាងលើនេះមិនឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិក នោះ ពួកគេក៏មិនព្រមចូលរួមដែរ ។
គួររំលឹកថា មូលហេតុដែលប្រទេសអាមេរិកឡាទីនមានប្រតិកម្មយ៉ាងខ្លាំងដូចនេះ និយាយពីឬសគល់ គឺ ដោយមកពីពួគេបាននិងកំពុងរងការគាបសង្កត់ពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ ។ សហរដ្ឋអាមេរិកធ្លាប់ជ្រោងទង់ "ម៉ុងរ៉ូនិយម"ដើម្បីចាត់ទុកតំបន់អាមេរិកឡាទីនជា "ទីធ្លាខាងក្រោយក្នុងផ្ទះ"របស់ខ្លួនក្នុងរយៈពេលយូរ ។ ក្នុងអំឡុងពេល ២០០ ឆ្នាំកន្លងមក ចាប់ពីបានឆក់យកដីធ្លីរបស់ប្រទេសអាមេរិកឡាទីនដើម្បីអភិវឌ្ឍប្រទេសខ្លួនឯង ដល់គ្រប់គ្រងខ្សែសង្វាក់សេដ្ឋកិច្ចរបស់ប្រទេសការ៉ាប៊ីនតាមរយៈក្រុមហ៊ុនពហុជាតិ រហូតដល់ធ្វើឱ្យប្រទេសអាមេរិកឡាទីននិងប្រទេសការ៉ាប៊ីនក្លាយជារដ្ឋចំណុះរបស់ខ្លួនតាមរយៈមធ្យោបាយ ដូចជាជ្រៀតជ្រែកដោយកម្លាំងអាវុធជាដើម អាចនិយាយបានថា សហរដ្ឋអាមេរិកបានប្រព្រឹត្តបទឧក្រិដ្ឋគ្រប់បែបយ៉ាងនៅតំបន់អាមេរិកឡាទីននិងប្រទេសការ៉ាប៊ីន ។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្ត"ម៉ុងរ៉ូនិយម"ដើម្បីបង្កើនកម្លាំងជ្រៀតជ្រែកនិងគ្រប់គ្រងតំបន់អាមេរិកឡាទីនជាបន្តបន្ទាប់ តាមរយៈវិធី ដូចជាដាក់ទណ្ឌកម្មនិងកម្លាំងសម្ពាធដោយផ្តេសផ្តាសជាដើម ។ ទាំងការអនុវត្តការដាក់ទណ្ឌកម្មតាមតែទំនើងចិត្ត ទាំងការឃុបឃិតគ្នាដើម្បីបង្កើតជាក្រុមសម័្ពន្ធតូចគ្រប់បែបយ៉ាង អាមេរិកចង់រក្សាអនុត្តរភាពរបស់ខ្លួននៅលើពិភពលោកតាមរយៈវិធីទាំងនេះ ។
អ្នកវិភាគបានចង្អុលបង្ហាញថា កលល្បិចរបស់អាមេរិកដែលយកកិច្ចប្រជុំកំពូលលើកនេះធ្វើជាលេស ក្នុងន័យចង់អូសទាញនិងដាក់កម្លាំងសម្ពាធទៅលើប្រទេសអាមេរិកឡាទីនក្នុងបញ្ហាពាក់ព័ន្ធនឹងចិន ទង្វើនេះមុខជានឹងគ្មានលទ្ធផលអ្វីឡើយ ។ និយាយចំពោះតំបន់អាមេរិកឡាទីន នាពេលបច្ចុប្បន្ននេះ បញ្ហាដែលគួរតែដោះស្រាយជាបន្ទាន់ គឺងើបឡើងវិញសេដ្ឋកិច្ចជាដើម តែមិនមែនធ្វើបដិបក្ខគ្នាក្នុងភូមិសាស្ត្រនយោបាយនោះទេ ។ ដោយឡែក នាពេលថ្មីៗកន្លងទៅនេះ លោក Ivan Duque Marquez ប្រធានាធិបតីកូឡុំប៊ីបានបញ្ជាក់យ៉ាងច្បាស់ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានរបស់អាមេរិកថា លោក"មិនគិតថា" ការវិនិយោគរបស់ចិននៅតំបន់អាមេរិកឡាទីន ជា"ការគំរាមកំហែង"នោះទេ ហើយលោកបានអំពាវនាវឱ្យសហរដ្ឋអាមេរិករួមសហការជាមួយប្រទេសចិន ដើម្បីពង្រឹងការដេញថ្លៃសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្រ្តនៅតំបន់អាមេរិកឡាទីន ។
អ្វីដែលហៅថា "ទ្វីបអាមេរិកជាទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិក" ការបញ្ចេញពាក្យសំដីនេះគឺដើម្បីលាក់បាំងមហិច្ឆតារបស់សហរដ្ឋអាមេរិកដែលប៉ុនប៉ងធ្វើអនុត្តរភាពនៅទ្វីបអាមេរិក និងចាត់ទុកតំបន់អាមេរិកឡាទីនជា"ទីធ្លាខាងក្រោយក្នុងផ្ទះ"របស់ខ្លួនឯងតែប៉ុណ្ណោះ ។ ប៉ុន្តែ "ម៉ុងរ៉ូនិយម"មុខជានឹងមិនទទួលបានការគាំទ្រនោះទេ ហើយទ្វីបអាមេរិកក៏មុខជានឹងក្លាយជាទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិកយ៉ាងពិតប្រាកដជាក់ជាមិនខាន!