ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តចិននិងប្រជាជនចិនមិនអាចព្យាបាល “ជំងឺអាមេរិក”បាននោះទេ
2022-06-07 11:17:46cri
Share with:

     នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលថ្លែងសុន្ទរកថាស្តីពីគោលនយោបាយចំពោះប្រទេសចិន លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា អាមេរិកមានការខ្វែងគំនិតយ៉ាងជ្រាលជ្រៅជាមួយបក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិន ប៉ុន្តែទំនាស់ទាំងនេះគ្រាន់តែឋិតក្នុងរដ្ឋាភិបាលនិងប្រព័ន្ធរបបរបស់ប្រទេសទាំងពីរនេះប៉ុណ្ណោះ  តែមិនមែនឋិតក្នុងប្រជាជននៃប្រទេសទាំងពីរនោះទេ ។ ក្រៅពីនេះ លោកក៏បាននិយាយធ្វើពុតថា  “ពួកយើងគោរពសមិទ្ធផល ប្រវត្តិសាស្ត្រនិងវប្បធម៌របស់ប្រជាជនចិន ” ។

      ពាក្យសំដីបែបនេះធ្វើឱ្យពិភពលោកបានស្គាល់អ្វីដែលហៅថា “ការធ្វើពុត”  ដើមឡើយ នេះជាជំនាញរបស់អ្នកនយោបាយអាមេរិកទៅហើយ ។  កលល្បិចតិចតួចនេះ ងាយបំបែកនិងលាតត្រដាងណាស់ ហើយក៏មិនអាចលាក់បាំងនូវការប៉ុនប៉ងដ៏អាក្រក់របស់អ្នកនយោបាយអាមេរិក  ដែលចង់មួលបង្កាច់បក្សកុម្មុយនិស្តចិនតាមទំនើងចិត្ត និងអុជអាលបំបែកបំបាក់ទំនាក់ទំនងជិតស្និទ្ធរវាងបក្សកុម្មុយនិស្តចិននិងប្រជាជនចិនបានឡើយ ។

      និយាយជារួម លោក Blinken នៅតែប្រើល្បិចដែលចម្លងពីលោក  Pompeo អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកដដែល ។ ពួកគេដឹងច្បាស់ហើយថា គ្មានលទ្ធភាពកែប្រែប្រព័ន្ធរបបនយោបាយរបស់ចិនទេ ដូច្នេះបានរៀបកលល្បិចដែលចង់អុជអាលនិងបំបែកបំបាក់ ។ ប៉ុន្តែ វាច្បាស់ណាស់ថា កលល្បិចទាំងនេះមិនអាចទទួលបានផលអីទេ ។ ក្នុងនាមជាប្រមុខការទូតរបស់អាមេរិក លោក Blinken ចាំបាច់ត្រូវរៀនចេះពីប្រវតិ្តសាស្ត្រចិនសិន ។

      ជាងមួយរយឆ្នាំមុន ខណៈពេលបង្កើតឡើង បក្សកុម្មុយនិស្តចិនបានស្បថសច្ចាថា មិនថាពេលណាៗទាំងអស់ សុទ្ធតែតម្កល់ទុកផលប្រយោជន៍របស់ប្រជាជនជាអាទិភាព បក្សកុម្មុយនិស្តចិនគ្មានផលប្រយោជន៍ពិសេសរបស់ផ្ទាល់ខ្លួនអីទេ ។  ប្រជាជនចិនចំនួនជាង៨រយលាននាក់បំរះខ្លួនចេញផុតពីភាពក្រីក្រដោយជោគជ័យ ប្រាក់ចំណូលមនុស្សម្នាក់ៗគិតជាមធ្យមបានលើសពី១ម៉ឺនដុល្លារអាមេរិក ប្រទេសចិនបង្កបង្កើតជាក្រុមមនុស្សបានចំណូលមធ្យមចំនួនលើសពី៤រយលាននាក់ដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក និងបង្កើតជាប្រព័ន្ធបេឡាជាតិរបបសនិ្តសុខសង្គមដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ។ល។  បក្សកុម្មុយនិស្តចិនបានអនុវត្តវិធានការជាក់ស្តែងជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវពាក្យសន្យាដែលថា “ក្តីបំណងរបស់ប្រជាជនចំពោះជីវភាពល្អបវរ ជាគោលដៅតស៊ូព្យាយាមរបស់ពួកយើង” ។

      និយាយចំពោះអ្នកនយោបាយអាមេរិក ដូចលោក Blinken ជាដើម  ការផ្តោតសំខាន់តែប្រទេសចិន និងអះអាងតាមតែមាត់ថា “គោរព”ប្រជាជនចិន មិនស្មើនឹងយកចិត្តទុកដាក់ដល់ប្រជាជនប្រទេសខ្លួនឱ្យបានច្រើនបន្តិចសិន ! ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលអាមេរិកអាណត្តិទាំងពីរសុទ្ធតែទទួលបរាជ័យ បានបណ្តាលឱ្យប្រជាជនអាមេរិក សរុបលើសពី១លាននាក់ស្លាប់បាត់បង់ជីវិត ព្រមទាំងធ្វើឱ្យអាមេរិកក្លាយទៅជា “ប្រទេសទទួលបរាជ័យធ្ងន់ធ្ងរទីមួយនៅលើពិភពលោកទាំងមូល” ។ អតិផរណាខ្ពស់ ករណីបាញ់ប្រហារតែងតែកើតមាន ទំនាស់រវាងពូជសាសន៍មានភាពកាន់តែខ្លាំងឡើង ។ល។ ប្រជាជនអាមេរិកប្រឈមនឹងបញ្ហាជាច្រើន បញ្ហាដែលត្រូវការរដ្ឋាភិបាលអាមេរិកដោះស្រាយជាបន្ទាន់ បានគរដូចភ្នំ ដូច្នេះការអុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តចិននិងប្រជាជនចិនមិនអាចព្យាបាលបាន “ជំងឺអាមេរិក”នោះទេ ។

      មិនថាសុន្ទរកថារបស់លោក Blinken ត្រូវវេចខ្ចប់ដល់កម្រិតយ៉ាងណា ក៏មិនអាចលាក់បាំងនូវគោលបំណងពិតប្រាកដរបស់អាមេរិក ដែលចង់វាយប្រហារនិងទប់ស្កាត់ការអភិវឌ្ឍន៍របស់ប្រទេសចិន និងរារាំងការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញនោះទេ ។ ការសម្តែងរបស់អ្នកនយោបាយអាមេរិកដែលបានអុជអាលបំបែកបំបាក់ ពិតជាខាតកម្លាំងឥតប្រយោជន៍ទេ សូមដាស់តឿនអ្នកនយោបាយអាមេរិក  គួរតែគិតឱ្យបានច្រើនបន្តិច ដើម្បីដោះស្រាយបញ្ហាពិបាកក្នុងស្រុក និងទទួលបានជំនឿចិត្តពីសំណាក់ប្រជាជនអាមេរិក ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស