ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនថ្លែងថា ទស្សនៈពិភពលោក ទស្សនៈប្រទេសចិននិងទស្សនៈស្តីពីទំនាក់ទំនងរវាងចិននិងអាមេរិករបស់សហរដ្ឋអាមេរិកមានការខុសឆ្គងយ៉ាងធ្ងន់ធ្ងរ
2022-05-29 13:10:59cri
Share with:

កាលពីថ្ងៃទី២៨ខែឧសភា សំដៅចំពោះអ្នកសារព័ត៌មានសួរថា ពេលថ្មីៗកន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងសុន្ទរកថាអំពីគោលនយោបាយថា ប្រទេសចិនបានបង្កជា ការសាកល្បងរយៈពេលយូរដ៏ធ្ងន់ធ្ងរបំផុតចំពោះរបៀបរៀបរយអន្តរជាតិ សហរដ្ឋអាមេរិកនឹងវិនិយោគទុនលើខ្លួនឯង សាមគ្គីគ្នាជាមួយសម្ព័ន្ធមិត្តនិងប្រកួតប្រជែងជាមួយប្រទេសចិន តើប្រការនេះនឹងនាំមកនូវផលប៉ះពាល់យ៉ាងណាដល់ស្ថានការណ៍អន្តរជាតិនិងទំនាក់ទំនងរវាងចិននិងអាមេរិក?លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា សុន្ទរកថាអំពីគោលនយោបាយចំពោះប្រទេសចិននេះបានបង្ហាញថា ទស្សនៈពិភពលោក ទស្សនៈប្រទេសចិននិងទស្សនៈស្តីពីទំនាក់ទំនងរវាងចិននិងអាមេរិករបស់សហរដ្ឋអាមេរិកសុទ្ធតែមានការខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ។

លោក Wang Yi បានថ្លែងថា ការអភិវឌ្ឍនិងការងើបឡើងវិញរបស់ចិនមានតក្កវិទ្យាប្រវត្តិសាស្ត្រដ៏ច្បាស់លាស់និងកម្លាំងចលករផ្ទៃក្នុងដ៏ខ្លាំងក្លា ប្រជាជនចំនួន១ពាន់៤រយលាននាក់រួមគ្នាដើរទៅកាន់ទំនើបភាវូបនីយកម្ម វាគឺជាភាពរីកចម្រើនដ៏ធំធេងរបស់មនុស្សជាតិ តែមិនមែនជាការគំរាមកំហែងនិងការសាកល្បងចំពោះពិភពលោកនោះទេ ។ គោលដៅរបស់យើងគឺច្បាស់លាស់ ពោលគឺនាំឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ និងរួមចំណែកកាន់តែធំដល់ពិភពលោក តែមិនមែនទៅជំនួសអ្នកណាឬក៏ប្រកួតប្រជែងជាមួយអ្នកណានោះឡើយ ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា តើចិននិងអាមេរិកអាចដោះស្រាយទំនាក់ទំនងរវាងគ្នានិងគ្នាឱ្យបានល្អឬអត់ វាពាក់ព័ន្ធដល់អនាគតនិងវាសនារបស់ពិភពលោក គឺជាសំណួរប្រចាំសតវត្សរ៍ដែលប្រទេសទាំងពីរចាំបាច់ត្រូវឆ្លើយឱ្យបានល្អ ។

លោក Wang Yi បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងស្ថិតក្នុងផ្លូវបំបែកដ៏សំខាន់ ភាគីអាមេរិកគួរតែធ្វើជម្រើសដ៏ត្រឹមត្រូវ គួរផ្តោតសំខាន់យ៉ាងពិតប្រាកដលើ គោលការណ៍ចំនួនបី ពោលគឺ គោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរកឃើញវិធីសាស្ត្ររួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវរវាងប្រទេសធំៗទាំងពីរចិននិងអាមេរិកក្នុងយុគសម័យថ្មី ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស