រសៀលថ្ងៃទី២៦ខែឧសភា ការបោះជំរំដើម្បីផ្លាស់ប្តូរមតិយោបល់អំពីការបង្កើតអាជីពរវាងយុវជននៃប្រទេសឡានឆាង-មេគង្គឆ្នាំ២០២២ដែលអស់រយៈពេលពីរថ្ងៃបានបិទបញ្ចប់ ។ លោកស្រី Dong Xia អគ្គលេខាធិការរងនៃសហភាពសហព័ន្ធយុវជនទូទាំងប្រទេសចិននិងលោកស្រី Jatuporn Rojanaparnich ប្រធាននាយកដ្ឋានកុមារនិងយុវជននៃក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្សជាតិរបស់ថៃបានចូលរួមសកម្មភាពព្រមទាំងថ្លែងសុន្ទរកថា ។ តំណាងមកពីស្ថានទូតកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ានិងវៀតណាមប្រចាំនៅចិន តំណាងអ្នកជំនាញ តំណាងនៃយុវជនបង្កើតអាជីពនិងនិស្សិតរបស់ប្រទេសឡានឆាង-មេគង្គចំនួន៦សរុបជិត១រយនាក់បានចូលរួមសកម្មភាពនេះតាមអនឡាញ ដើម្បីផ្តោតសំខាន់លើការអភិវឌ្ឍនិងរួមគ្នាត្រួសត្រាយអនាគត ។
ក្នុងសន្និសីទលើកនេះ លោកស្រី Dong Xia អគ្គលេខាធិការរងនៃសហភាពសហព័ន្ធយុវជនទូទាំងប្រទេសចិនបានលើកឡើងថា ទន្ទឹមនឹងការចូលជាធរមានជាផ្លូវការនៃកិច្ចព្រមព្រៀង RCEP និងកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនិងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់បានរីកចម្រើនទៅមុខយ៉ាងស៊ីជម្រៅ ប្រទេសតាមដងទន្លេឡានឆាង-មេគង្គទាំង៦ក៏នឹងទទួលឱកាសកាន់តែច្រើននិងកាន់តែថ្មីលើវិស័យច្នៃប្រឌិតថ្មីនិងបង្កើតអាជីព ។ លោកស្រីបានលើកទឹកចិត្តយុវជនរបស់ប្រទេសតាមដងទន្លេឡានឆាង-មេគង្គទាំង៦ឱ្យបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកថែមមួយកម្រិតទៀត ដើម្បីរួមចំណែកជាកម្លាំងយុវភាពក្នុងការអភិវឌ្ឍនិងវិបុលភាពរបស់តំបន់ឡានឆាង-មេគង្គនិងអាស៊ី ក៏ដូចជាការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ ។