ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលើកឡើងពីការប្រកាន់ខ្ជាប់ ៤ ចំណុចរបស់ប្រទេសចិនក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក
2022-05-27 12:53:04cri
Share with:

   នៅថ្ងៃទី ២៦ ខែឧសភា តាមម៉ោងក្នុងតំបន់ ក្នុងពេលលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិននិងលោក Jeremiah Manele រដ្ឋមន្ត្រីការបរទេសនៃប្រទេសប្រជុំកោះសាឡូម៉ូនរួមគ្នាជួបសន្ទនាជាមួយអ្នកសារព័ត៌មាននៅក្រុង Honiara រដ្ឋធានីប្រទេសប្រជុំកោះសាឡូម៉ូន លោក Wang Yi បានធ្វើបទបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅប៉ាស៊ីហ្វិកខាងត្បូងលើកនេះ ។

    លោក Wang Yi បានថ្លែងថា កាលពីឆ្នាំ ២០១៨ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាជាសមូហភាពជាមួយមេដឹកនាំនៃប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកដោយបានឯកភាពគ្នាថា នឹងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលគោរពគ្នាទៅវិញទៅមកនិងអភិវឌ្ឍរួម ប្រការនេះបានបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រទេសកោះទាំងនេះ ។

    ក្រៅពីនេះ លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ ៤ ចំណុចក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ពោលគឺ 

ទីមួយ ប្រកាន់ខ្ជាប់ការរាប់អានគ្នាប្រកបដោយសមភាព ទីពីរ ប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក ទីបី ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ទីបួន ប្រកាន់ខ្ជាប់ការបើកទូលាយនិងបរិយាប័ន្ន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស