ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្រុងប៉េកាំង មហាសន្និបាតអង្គការសុខភាពពិភពលោកបានធ្វើសេចក្តីសម្រេចចិត្ត បដិសេធការដាក់បញ្ចូលសេចក្តីស្នើច្បាប់របស់ប្រទេសមួយចំនួនតូចស្តីពីអ្វីដែលហៅថា “អញ្ជើញចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោកក្នុងនាមជាអ្នកអង្កេតការណ៍ ”ទៅក្នុងរបៀបវារៈនៃមហាសន្និបាត ។ នេះជាឆ្នាំទី៦ ជាប់ៗគ្នាហើយដែលមហាសន្និបាតអង្គការសុខភាពពិភពលោកបដិសេធសេចក្តីស្នើច្បាប់ពាក់ព័ន្ធតៃវ៉ាន់ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ប្រទេសចិនមួយជាមតិឯកភាពរួមក្នុងសហគមន៍អន្តរជាតិ មិនអនុញ្ញាតឱ្យបំពានបានទេ ។ អ្នកផ្ដើមគំនិតទាំងឡាយដែល “គាំទ្រចិនតៃវ៉ាន់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក” កុំរកភាពអាម៉ាស់មកដាក់ខ្លួនទៀតអី!
មហាសន្និបាតអង្គការសុខភាពពិភពលោកលើកនេះជាមហាសន្និបាតទល់មុខផ្ទាល់ជាលើកដំបូងបន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ សាមគ្គីគ្នាធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាក្តីបំណងរួមរបស់សហគមន៍អន្តរជាតិ ។ ប៉ុន្តែ មុននឹងបើកធ្វើមហាសន្និបាតលើកនេះ “ប្រទេសបរាជ័យធ្ងន់ធ្ងរបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល” បានលេងកលល្បិចចាស់ៗ ដែលបានផ្ដួចផ្តើម “គាំទ្រតៃវ៉ាន់ចូលរួមមហាសន្និបាត ” ប្រទេសលោកខាងលិចមួយចំនួនតិច ដូចជាអូស្ត្រាលី អង់គ្លេស កាណាដានិងជប៉ុនជាដើមក៏បានធ្វើតាមដានអាមេរិក ។ ការលេងល្បែងនយោបាយដែលក្លាយបញ្ហាសុខាភិបាលជាបញ្ហានយោបាយ និងមិនអើពើពីផលប៉ះពាល់ប្រយោជន៍សុខាភិបាលសាធារណៈអន្តរជាតិបែបនេះ គោលដៅពិតប្រាកដ គឺចង់ “ទប់ស្កាត់ចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស” ។ រីឯពួក “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” គឺប៉ុនប៉ងឱបឱ្យណែននូវកម្លាំងខាងក្រៅ សម្រាប់ធ្វើ “ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈធ្វើការប្រយុទ្ធជំងឺកូវីដ១៩ ” ។ ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា នេះគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ ។
មុននឹងបើកធ្វើមហាសន្និបាតអង្គការសុខភាពពិភពលោកលើកនេះ ប្រទេសចំនួនជិត៩០ បានបង្ហាញថានឹងប្រកាន់ខ្ជាប់គោលការណ៍ប្រទេសចិនមួយ តាមរយៈវិធីផ្ញើសារលិខិតទៅកាន់អង្គការសុខភាពពិភពលោកជាដើម ដើម្បីសម្តែងគោលជំហរប្រឆាំងតៃវ៉ាន់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក ។ អាមេរិកនិងតៃវ៉ាន់ឃុបឃិតគ្នានិងលេងល្បែងនយោបាយ ពិតជានឹងរងការប្រឆាំងព្រមៗគ្នាពីសំណាក់ប្រទេសដែលប្រកាន់គោលជំហរសច្ចធម៌នៅលើពិភពលោកជាក់ជាមិនខាន ។
ក្រោមលក្ខខណ្ឌសមស្របនឹងគោលការណ៍ប្រទេសចិនមួយ រដ្ឋាភិបាលមជ្ឈិមចិនបានធ្វើការរៀបចំចាត់ចែងដោយសមរម្យចំពោះការដែលតំបន់តៃវ៉ាន់ចូលរួមកិច្ចការសុខាភិបាលជាសកល ។ រដ្ឋាភិបាលមជ្ឈិមចិនមិនគ្រាន់តែបានអញ្ជើញអ្នកជំនាញតៃវ៉ាន់ទៅធ្វើការត្រួតពិនិត្យនៅក្រុងវូហាន ហើយក៏បានចែករំលែកឯកសារបច្ចេកទេសចំនួនជាង៥០ច្បាប់ដោយទាន់ពេលវេលា ព្រមទាំងបានរាយការណ៍វិធីសាស្ត្រសម្រាប់ចាប់យកលំដាប់ហ្សែននៃវីរុសទៀតផង ។ រដ្ឋាភិបាលមជ្ឈិមចិនបានរាយការណ៍សភាពការណ៍រាតត្បាតជំងឺឆ្លងទៅកាន់តំបន់តៃវ៉ាន់ប្រហែល៤០០លើក ។ ចាប់ពីខែមេសា ឆ្នាំ២០២១មក អ្នកជំនាញតៃវ៉ាន់ចំនួន៤៧នាក់បានចូលរួមសកម្មភាពបច្ចេកទេសនៃអង្គការសុខភាពពិភពលោក សរុប៤៤លើក ។ តំបន់តៃវ៉ាន់ក៏បានទទួលរបាយការណ៍ស្តីពីការរីករាលដាលនៃជំងឺកូវីដ១៩ពីលេខាធិការដ្ឋានអង្គការសុខភាពពិភពលោកជាច្រើនលើកផងដែរ ។
តាំងពីឆ្នាំ២០១៧រហូតដល់បច្ចុប្បន្ននេះ ឆាកល្ខោននយោបាយ “ចង់ឱ្យតៃវ៉ាន់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក” ទទួលបរាជ័យម្តងហើយម្តងទៀត ប្រទេសអាមេរិកនិងលោកខាងលិចមួយចំនួនតូចគួរតែពិចារណាកំហុសរបស់ខ្លួនឱ្យបានល្អ ។ គោលការណ៍ប្រទេសចិនមួយមិនអនុញ្ញតបំពាននោះទេ ការក្លាយបញ្ហាសុខាភិបាលទៅជាបញ្ហានយោបាយក៏គ្មានអ្នកណាគាំទ្រនោះឡើយ ។ ពិភពលោកទាំងមូលបានមើលច្បាស់ទៅហើយនូវកលល្បិចនយោបាយរបស់អាមេរិកនិងតៃវ៉ាន់ ដែលឃុបឃិតគ្នាប៉ុនប៉ង “ទប់ស្កាត់ចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស” និង “ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ” ប៉ុន្តែមិនថាពួកគេធ្វើឧបាយកលយ៉ាងណាក៏ដោយ ក៏សុទ្ធតែនឹងទទួលបរាជ័យជាមិនខានពោលគឺបានត្រឹមតែធ្វើឱ្យអ្នកផងអស់សំណើចតែប៉ុណ្ណោះ ៕