ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ការប៉ុនប៉ងរបស់អាមេរិកដែលចង់អូសទាញអាស៊ានឱ្យបង្កការតតាំងគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក មិនអាចទទួលបានការគាំទ្រជាដាច់ខាត់
2022-05-25 19:08:01cri
Share with:

     ពេលថ្មីៗនេះ កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិក-អាស៊ានដែលដំណើរការរយៈពេលពីរថ្ងៃបានបិទបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោន។ ទោះបីជាលោក Biden ប្រធានាធិបតីអាមេរិកបានអះអាងទាំងចំហថា កិច្ចប្រជុំកំពូលលើកនេះ ជាសញ្ញាកត់សម្គាល់ថា ទំនាក់ទំនងអាមេរិក-អាស៊ានបានចូលក្នុង "យុគសម័យថ្មី" ក៏ដោយ តែបើមើលពីលទ្ធផលនៃកិច្ចប្រជុំ  ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានមិនមែនកាន់តែជិតស្និទ្ធដោយសារកិច្ចប្រជុំលើកនេះទេ ចំណែកការប៉ុនប៉ងរបស់អាមេរិកដែលចង់អូសទាញអាស៊ានឱ្យបង្កការតតាំងគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានទទួលបរាជ័យទាំងស្រុង។

        តាមសេចក្តីថ្លែងការណ៍អំពីទស្សនៈទានរួមឆ្នាំ២០២២ ដែលបានចេញផ្សាយក្រោយពីកិច្ចប្រជុំ វាច្បាស់ណាស់ថាការលើកកម្ពស់លំដាប់ថ្នាក់នៃទំនាក់ទំនងភាគីទាំងពីរ ទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" គឺជាលទ្ធផល "ដ៏សំខាន់បំផុត" នៃកិច្ចប្រជុំ។ ប៉ុន្តែ ប្លែកណាស់  ការបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរ គឺមិនមែនមានសពលភាពភ្លាមៗនោះទេ។ បណ្តាប្រទេសអាស៊ានគ្រាន់តែបានសន្យាក្នុងសេចក្តីថ្លែងការណ៍រួមថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងធ្វើនៅខែវិច្ឆិកាឆ្នាំនេះ លើកកម្ពស់លំដាប់ថ្នាក់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងអាមេរិកទៅជា "ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏មានអត្ថន័យ ខ្លឹមសារ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក"។ វាច្បាស់ណាស់ដែលប្រទេសអាស៊ានត្រូវការមើលសង្កេតចំពោះចិត្តស្មោះត្រង់នៃកិច្ចសហប្រតិបត្តិការរបស់អាមេរិក។

      ក្នុងកិច្ចប្រជុំលើកនេះ  អាមេរិកមិនអើពើចំពោះសំណើរបស់អាស៊ាន កែសម្រួលរបៀបវារៈដោយឥតឈប់ឈរ ហើយបានពន្យារពេលពីចុងខែមីនា ដល់ខែឧសភា។ ខណៈពេលនៅអាមេរិក លោក    Biden ប្រធានាធិបតីអាមេរិក ត្រឹមតែបានចូលរួមអាហារពេលល្ងាចស្វាគមន៍នៅថ្ងៃទី ១២ និងជំនួបសមូហភាពជាមួយមេដឹកនាំអាស៊ាននៅរសៀលថ្ងៃទី ១៣ ប៉ុណ្ណោះទេ  ហើយយកការរវល់ពេកជាលេស  មិនបានរៀបចំកិច្ចពិភាក្សាទ្វេភាគីជាមួយមេដឹកនាំអាស៊ាន ដែលអាចបង្ហាញឱ្យឃើញថា អាមេរិកអត់យកចិត្តទុកដាក់ទៅលើប្រទេសអាស៊ានទេ។ ខណៈពេលដែលអាមេរិកនិយាយឱ្យរួចពីមាត់អំពី "កិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក"  វាកំពុងជំរុញឱ្យ អាស៊ានឈរនៅលើខ្សែប្រយុទ្ធខាងមុខនៃការតស៊ូប្រឆាំងរវាងប្រទេសមហាអំណាច។ សូម្បីតែផែនការផ្តល់ថវិកាត្រឹមតែ ១៥០ លានដុល្លារអាមេរិក ដែលអាមេរិកសន្យាក្នុងកិច្ចប្រជុំនេះ ក៏មិនភ្លេចដាក់៦០ លានដុល្លារអាមេរិក ចូលក្នុងគម្រោង “ជំនួយបង្កើនការការពារដែនសមុទ្រ” ដែរ វាច្បាស់ជាចង់ទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន។ ចំណែក ១៥០ លានដុល្លារអាមេរិកមិនមែនជានិមិត្តសញ្ញាសម្រាប់អង្គភាពសេដ្ឋកិច្ចក្នុងតំបន់ទាល់តែសោះ  ហើយបើប្រៀបធៀបជាមួយលុយរាប់ពាន់លានឫរាប់សិបពាន់លានដុល្លារអាមេរិកដែលអាមេរិកផ្ញើទៅឱ្យអ៊ុយក្រែននោះ តើអាមេរិកចង់សហការដោយស្មោះត្រង់ ស្វែងរកការអភិវឌ្ឍរួមគ្នា ឬចាប់យកឱកាសសម្រាប់បង្កការតតាំងគ្នាក្នុងតំបន់ ដើម្បីរកប្រាក់ពីសង្គ្រាម? ចេតនារបស់វាគឺជាច្បាស់លាស់ដោយមិនបាច់និយាយ ។

       ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ានក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០០៩មក។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានឈានដល់ជិត២៩០ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៩.៤%បើប្រៀបធៀបនិងរយៈពេលដូចគ្នា  អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន។ ម្យ៉ាងវិញទៀត  អាមេរិកមិនមានចំណាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយអាស៊ាននិងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាននោះទេ ផ្ទុយទៅវិញវាបានបង្ខំប្រទេសអាស៊ានម្តងហើយម្តងទៀតឱ្យឈរនៅជាមួយខ្លួន និងចូលរួមក្នុងការតស៊ូប្រឆាំងចិននិងរុស្ស៊ី។ ពេលកន្លងមក អាមេរិកបានដាក់សម្ពាធច្រើនដងទៅលើប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ ដែលតម្រូវឱ្យឥណ្ឌូនេស៊ីបដិសេធការចូលរួមរបស់លោកPutin ប្រធានាធិបតីរុស្ស៊ី ។

      ដូច្នេះ ប្រសិនបើអាមេរិកពិតជាចង់បង្កើនទំនាក់ទំនងជាមួយអាស៊ានមែននោះ គប្បីស្តាប់សំឡេងរបស់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលចង់រក្សាសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ និងស្វែងរកការអភិវឌ្ឍរួមគ្នា។ បើសិនជាកាន់ទង់កិច្ចសហប្រតិបត្តិការ តែប៉ុនប៉ងចង់អូសទាញអាស៊ានឱ្យបង្កការតតាំងគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក  មុខជាមិនអាចទទួលបានការគាំទ្រជាដាច់ខាត់ ហើយក៏មុខជានឹងទទួលបរាជ័យជាមិនខាន៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស