ក្នុងពិធីបើកកិច្ចជំនួបតាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេស BRICS ដែលធ្វើឡើងនៅយប់ថ្ងៃទី១៩ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដោយអធិប្បាយអំពីរឿងធំទាំងពីរគឺសន្តិសុខនិងការអភិវឌ្ឍយ៉ាងជ្រាលជ្រៅ ហើយគូសបញ្ជាក់ថា ក្នុងនាមជាកម្លាំងវិជ្ជមាន កម្លាំងខិតខំប្រឹងប្រែងនិងប្រកបដោយភាពស្ថាបនាក្នុងសហគមន៍អន្តរជាតិ ប្រទេស BRICS គួរតែធ្វើឱ្យជំនឿចិត្តមានភាពមុតមាំ ពុះពារឧបសគ្គដោយផ្ទាល់ ព្រមទាំងបំពេញបន្ថែមនូវភាពនឹងនរនិងថាមពលវិជ្ជមានក្នុងទំនាក់ទំនងអន្តរជាតិដែលស្ថិតក្នុងដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ ។ ពាក្យសម្តីដ៏មានសារសំខាន់ទាំងនេះបាននាំឱ្យសហគមន៍អន្តរជាតិមានការឆ្លើយតបរួមយ៉ាងទូលំទូលាយ ហើយក៏បានបង្ហាញយ៉ាងពេញលេញក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយក្នុងកិច្ចជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសលើកនេះ ។
យន្តការសហប្រតិបត្តិការប្រទេស BRICS រួមមានទាំងប្រទេសកំពុងអភិវឌ្ឍន៍ថ្មីចំនួន៥ដ៏ធំបំផុតលើទូទាំងពិភពលោក ជាប្រទេសនាំមុខនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានដើរតួនាទីដ៏សំខាន់ចំពោះនយោបាយនិងសេដ្ឋកិច្ចពិភពលោក ។ សន្តិសុខផ្នែកនយោបាយជាសសរទ្រូងដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននាពេលបច្ចុប្បន្ននេះបានបញ្ជាក់ម្តងទៀតថា អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបង់តម្លៃខាងសន្តិសុខរបស់ប្រទេសដទៃទៀត ដើម្បីស្វែងរកសន្តិសុខផ្ទាល់ខ្លួនដោយឯកតោភាគី វាគ្រាន់តែនឹងបង្កជាទំនាស់និងហានិភ័យថ្មីហើយក៏មិនទៅមិនរួចដែរ ។
ថ្លែងក្នុងសុន្ទរកថាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ប្រទេស BRICS ត្រូវយោគយល់ពីផលប្រយោជន៍ជាស្នូលនិងការយកចិត្តទុកដាក់ដ៏សំខាន់រៀងៗខ្លួន គោរពអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍គ្នាទៅវិញទៅមក ប្រឆាំងនឹងអនុត្តរភាពនិយមនិងអំណាចផ្តាច់ការខាងនយោបាយ ធ្វើពហិការចំពោះគំនិតសង្គ្រាមត្រជាក់និងការបដិបក្ខជាក្រុម ដើម្បីរួមគ្នាបង្កើតសហគមន៍រួមសន្តិសុខមនុស្សជាតិ ។ គំនិតផ្តួចផ្តើមដ៏លេចធ្លោទាំងនេះបានចង្អុលបង្ហាញពីទិសដៅសម្រាប់ការបង្កើនទំនុកចិត្តខាងនយោបាយនិងកិច្ចសហប្រតិបត្តិការខាងសន្តិសុខរវាងប្រទេស BRICS ពោលគឺមានអត្ថន័យជាក់ស្តែងយ៉ាងខ្លាំង ។ អស់លោករដ្ឋមន្ត្រីការបរទេសរបស់ប្រទេស BRICS បានបង្ហាញថា នឹងបន្តប្រកាន់ខ្ជាប់ភាពឯករាជ្យនិងម្ចាស់ការ គាំទ្រការដោះស្រាយការវិវាទដោយសន្តិភាពតាមរយៈកិច្ចសន្ទនា ព្រមទាំងអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍សំខាន់ៗអនុវត្តគោលនយោបាយដែលទទួលខុសត្រូវដើម្បីគ្រប់គ្រងប្រសិទ្ធភាពដែលជះឥទ្ធិពលទៅប្រទេសផ្សេងទៀត និងចៀសវាងកុំឱ្យការដាក់ទណ្ឌកម្មដោយឯកតោភាគីបង្កជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើប្រទេសកំពុងអភិវឌ្ឍន៍និងក្រុមមនុស្សទន់ខ្សោយ ។
ព្រមពេលជាមួយគ្នានេះ ការអភិវឌ្ឍជាភារកិច្ចសំខាន់មួយទៀតរបស់ប្រទេស BRICS ។ ប្រឈមនឹងការដែលភាពមិនប្រាកដប្រជាក្នុងការស្តារសេដ្ឋកិច្ចសកលឡើងវិញកើនឡើងជាបន្តបន្ទាប់និងបញ្ហាអតុល្យភាពយ៉ាងលេចធ្លោ ប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍បង្កើនកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា វាមានសារសំខាន់ជាងពេលណាៗទាំងអស់ ។
ពិតមែនតែពេលបច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល ហើយសន្តិសុខអន្តរជាតិនិងការងើបឡើងវិញនៃសេដ្ឋកិច្ចបានជួបបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ប៉ុន្តែឱ្យតែប្រទេស BRICS មានគោលបំណងដូចគ្នា និងរួមសុខរួមទុក្ខរួមសហការជាមួយគ្នា សម្រេចបាននូវសន្តិសុខនិងការអភិវឌ្ឍ នោះ មុខជានឹងធ្វើឱ្យខ្លួនឯងមានភាពកាន់តែខ្លាំងក្លា ហើយដើរ "តួនាទី BRICS" ដ៏ពិសេសក្នុងស្ថានភាពប្រែប្រួល និងបំពេញបន្ថែមនូវ "កម្លាំង BRICS"កាន់តែច្រើនក្នុងការអភិវឌ្ឍនៃទូទាំងពិភពលោកជាមិនខាន ៕