ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖កិច្ចប្រជុំកំពូលវិសាមញ្ញរវាងសហរដ្ឋអាមេរិកនិងអាស៊ាន គឺ បានផ្តល់សញ្ញាព្រមានដល់"អនុត្តរភាពបែបអាមេរិក"
2022-05-17 14:27:23cri
Share with:

    កាលពីថៃ្ងទី ១៣ ខែឧសភា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលវិសាមញ្ញរវាងសហរដ្ឋអាមេរិកនិងអាស៊ានបានបិទបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោន ។

    កិច្ចប្រជុំកំពូលលើកនេះដែលត្រូវសហរដ្ឋអាមេរិកចាត់ទុកថាជាចំណែកដ៏សំខាន់មួយនៃអ្វីដែលហៅថា "យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក" ពីចេតនាជាក់ស្តែងដល់ការរៀបចំចាត់ចែងរបៀបវារៈនៃកិច្ចប្រជុំកំពូលរហូតដល់លទ្ធផលចុងក្រោយសុទ្ធតែបានបង្កឱ្យកើតមានវិវាទជាច្រើន ។ សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលក៏បានខ្វះខ្លឹមសារដែលមានលក្ខខណ្ឌគន្លឹះដែរ ។ ឥស្សរជនវិភាគបានលើកឡើងថា នេះជាលទ្ធផលដែលចៀសមិនរួចបណ្តាលមកពីភាពខុសគ្នាក្នុងការអនុវត្តជាក់ស្តែងនិងឥរិយាបថព្រមទាំងការប៉ុនប៉ងរបស់អាមេរិកដែលចង់បង្កើតជាបក្ខពួកដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។

    គួររំលឹកថា ពីរឿងដែលសហរដ្ឋអាមេរិកបានប្រកាសដោយឯកតោភាគីពីពេលវេលានៃកិច្ចប្រជុំកំពូលនៅចុងខែមីនាដើម្បីធ្វើឱ្យអាស៊ានមិនអាចឆ្លើយតបបានទាន់ពេលវេលារហូតដល់លើកនេះរដ្ឋាភិបាលអាមេរិកមិនបានរៀបចំចាត់ចែងកិច្ចជំនួបទ្វេភាគីណាមួយក្រោមលេសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាន"ជាប់រវល់ខ្លាំង" ។ រឿងលំអិតជាច្រើនសុទ្ធតែបានបញ្ចេញព័ត៌មានទៅកាន់មជ្ឈដ្ឋានខាងក្រៅថា៖និយាយចំពោះកិច្ចប្រជុំកំពូលវិសាមញ្ញលើកនេះដែលធ្វើឡើងដើម្បីរំលឹកខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូជាមួយអាស៊ាន តាមពិតទៅ សហរដ្ឋអាមេរិកក៏មិនបានបង្ហាញពីសុទ្ធចិត្តរបស់ខ្លួនប៉ុន្មានទេ ។

    សូមបញ្ជាក់ថា អាមេរិកខ្វះក្រមសុជីវធម៌ការទូត ហើយការទម្លាក់ថវិកាជាក់ស្តែងក៏កាន់តែតិចទៅៗដែរ។ លើកនេះ សហរដ្ឋអាមេរិកបានសន្យាថា នឹងវិនិយោគនៅអាស៊ានដល់ទៅ ១៥០ លានដុល្លារអាមេរិក ។ ដោយគិតពិចារណាពីសម្ព័ន្ធអាស៊ានរួមមានរដ្ឋសមាជិកចំនួន ១០ ដូច្នេះ គិតជាមធ្យម ការបណ្តាក់ទុននេះគឺមានភាពតិចតូចណាស់។ ប្រការដែលគួឱ្យមានភាពទទីសទទាសជាងនេះទៅទៀតគឺ កាលពីពីរថ្ងៃមុន សភាតំណាងរាស្ត្រនៃអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយប្រហែល ៤ ម៉ឺនលានដុល្លារអាមេរិកដល់អ៊ុយក្រែន ។ បើប្រៀបធៀបទៅនឹងអ៊ុយក្រែន តើតួនាទីរបស់ប្រទេសអាស៊ានដែលបានធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលនៅអាមេរិកស្ថិតក្នុងកម្រិតយ៉ាងណា ?មជ្ឈដ្ឋានខាងក្រៅបានមើលឃើញយ៉ាងច្បាស់ហើយ ។

    សូម្បីតែការវិនិយោគដែលមានទំហំតិចតួចនេះ សហរដ្ឋអាមេរិកក៏បានធ្វើការរៀបចំចាត់ចែងយ៉ាងច្បាស់ដែរ ពោលគឺ ប្រាក់ទុនដ៏ធំបំផុតក្នុងចំណោមទាំងនេះ គឺ ៦០ លានដុល្លារអាមរិកនឹងប្រើសម្រាប់គម្រោងទាក់ទងនឹងកិច្ចការសមុទ្រ"ដើម្បីជួយប្រទេសជាដៃគូឱ្យលើកកម្ពស់សមត្ថភាពការពារដែនសមុទ្ររបស់ពួកគេ "។ ដូចអ្នកវិភាគជាច្រើនបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនធ្វើឱ្យអ្នកផងចោទជាមន្ទិលសង្ស័យចំពោះចេតនាពិតរបស់អាមេរិកដែលប៉ុនប៉ងបន្តបង្កភាពចលាចលនៅសមុទ្រចិនខាងត្បូង ។

    សំដៅចំពោះការប៉ុនប៉ងដែលបង្ខំឱ្យប្រទេសក្នុងតំបន់ឈរនៅម្ខាងជាមួយអាមេរិក ប្រទេសអាស៊ានបានដឹងច្បាស់ណាស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មួយផ្នែក អាមេរិកបានអះអាងថា អាមេរិកគោរពឋានៈជាស្នូលរបស់អាស៊ានក្នុងកិច្ចការក្នុងតំបន់ មួយផែ្នកទៀត អាមេរិកបែរជាបានបំផ្លិចបំផ្លាញដល់សាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ានតាមរយៈសកម្មភាពជាបន្តបន្ទាប់ ដូចជាអ្វីដែលហៅថា "ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី"និង"យន្តការកិច្ចសន្ទនាផ្នែកសនិ្តសុខចតុភាគី"ជាដើម ។ ហេតុនេះហើយបានជា បណ្តាប្រទេសអាស៊ានសុទ្ធតែបានដឹងច្បាស់អំពីឧបាយកលរបស់អាមេរិកដែលចង់បង្កើតជាបក្ខពួកដោយយកកិច្ចប្រជុំកំពូលលើកនេះធ្វើជាលេស ។

    សំដៅចំពោះរាល់ទង្វើប្រកបដោយសុទ្ធចិត្តដែលរីករាយរួមចំណែកក្នុងការអភិវឌ្ឍដោយសន្តិភាពរបស់ទ្វីបអាស៊ី បណ្តាប្រទេសនៅអាស៊ីសម្តែងការស្វាគមន៍ចំពោះការនេះ តែមិនទទួលយករាល់សកម្មភាពដែលបំផ្លាញដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ព្រមនិងបំផ្លាញដល់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់នោះឡើយ ។ កិច្ចប្រជុំកំពូលវិសាមញ្ញរវាងអាមេរិកនិងអាស៊ានដែលខ្វះខ្លឹមសារជាក់ស្តែងលើកនេះ គឺជាការដាស់តឿនចំពោះ"អនុត្តរភាពបែបអាមេរិក" ៕



អ្នកបកប្រែ:魏伟
ប្លុកពិសេស