លោកស្រី Meng Wei អ្នកនាំពាក្យគណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិចិនបានផ្តល់ដំណឹងឱ្យដឹងថា ចាប់តាំងពីឈានចូលឆ្នាំ២០២២នេះមក ការប្រើប្រាស់ទុនបរទេសរបស់ប្រទេសចិនបានរក្សានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស។ ចាប់ពីខែមករាដល់ខែមេសា ការប្រើប្រាស់ជាក់ស្តែងនៃទុនបរទេសនៅទូទាំងប្រទេសចិនមានចំនួន ៧៤,៤៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៦,១% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំមុន។ ខណៈពេលដែលទំហំនៃការប្រើប្រាស់ទុនបរទេសនៅតែបន្តរក្សាបាននូវកំណើនយ៉ាងឆាប់រហ័ស គុណភាពនៃការប្រើប្រាស់ទុនបរទេសក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ផងដែរ។ នេះបានបង្ហាញយ៉ាងពេញលេញថា ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ និងទីផ្សារដ៏ធំរបស់ប្រទេសចិននៅតែមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះការវិនិយោគទុនពីបរទេស ហើយវាក៏ឆ្លុះបញ្ចាំងថាសហគ្រាសទុនបរទេសមានការរំពឹងទុកដ៏ល្អ និងទំនុកចិត្តចំពោះសេដ្ឋកិច្ចចិន៕