ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងរ៉ាវរបស់លោក Xia Boyu "អ្នកក្លាហានពិការជើង" ដែលឈរនៅលើកំពូលនៃពិភពលោក
2022-05-15 19:02:44cri
Share with:

នៅលើផ្ទាំងសំពត់សនៃរោងកុន មានបុរសចំណាស់ម្នាក់កំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីឡើងទៅខាងលើដោយឆ្លងកាត់ព្យុះព្រិលធំៗ ជើងសិប្បនិម្មិតពណ៌ប្រាក់មួយគូរបស់លោកកំពុងតោងជាប់នឹងផ្ទៃទឹកកកដ៏ក្រាស់។ ដោយសារខ្សត់ខ្យល់អុកស៊ីសែន និងរាងកាយហត់នឿយយ៉ាងខ្លាំង លោកបានដកដង្ហើមដង្ហក់យ៉ាងខ្លាំង។ ជំហាននីមួយៗរបស់គាត់បាន ប៉ះចំបេះដូងរបស់អ្នកទស្សនាគ្រប់គ្នា។ ទាំងអស់គ្នាភ្ញាក់ផ្អើលនឹងទង្វើរបស់បុរសចំណាស់ដែលពិការជើងម្នាក់នេះ ហើយអ្នកទាំងអស់គ្នាសុទ្ធតែស្រែកលើកទឹកចិត្តគាត់នៅក្នុងចិត្តរៀងៗខ្លួន។

ទស្សនិកជនមិនបានដឹងថា មានបុរសចំណាស់ម្នាក់ពាក់ជើងសិប្បនិម្មិតមួយគូក៏កំពុងអង្គុយក្នុងរោងកុន និងកំពុងទស្សនាភាពយន្តយ៉ាងរំភើបជាមួយពួកគាត់ដែរ បុរសចំណាស់រូបនេះឈ្មោះ Xia Boyu ហើយភាពយន្តដែលកំពុងចាក់បញ្ចាំងនេះនិយាយពីរឿងរ៉ាវរបស់លោក Xia Boyu ខ្លួនគាត់ផ្ទាល់ដែលបានព្យាយាមប្រាំដងដើម្បីឡើងលើកំពូលភ្នំអេវឺរេសនិងទទួលបានជោគជ័យនៅទីបំផុត។ ពេលឃើញតួឯកក្នុងភាពយន្តបានទៅដល់កន្លែងពិបាកឡើងបន្តទៅទៀត ភ្នែករបស់លោក Xia Boyu ក៏សម្រក់ទឹកភ្នែក ហើយគំនិតរបស់លោកតាហាក់ដូចជាវិលត្រឡប់ទៅរយៈពេលដែលមិនអាចបំភ្លេចបាននៅឆ្នាំ ១៩៧៥

នៅឆ្នាំនោះ ក្រុមមួយមានមនុស្សជាង ៤០០នាក់ ដឹកនាំដោយលោក Shi Zhanchun ជាប្រធានក្រុមឡើងភ្នំចិន បានបោះជំរំនៅជើងភ្នំអេវឺរ៉េស។

លោកXia Boyu អាយុ ២៦ ឆ្នាំត្រូវបានចាត់ចែងទៅក្នុងក្រុមនាំមុខ។ ភារកិច្ចរបស់ក្រុមនេះគឺព្យាយាមឡើងដល់កំពូលភ្នំនិងរៀបចំ "ជណ្ដើរចិន"

នៅរយៈកម្ពស់៨៦០០ ម៉ែត្រជម្រាលភាគខាងជើងនៃភ្នំអេវឺរេស មានច្រាំងថ្មបញ្ឈរមួយដែលជា "ជំហានទីពីរ" នៃភ្នំអេវឺរេស។ វាធ្លាប់បានធ្វើឱ្យអ្នកឡើងភ្នំទាំងអស់ ឱ្យតែនិយាយដល់ហើយ ភ័យខ្លាចបំផុត។ តែនេះគឺជាផ្លូវតែមួយគត់ដើម្បីឡើងដល់កំពូលពីជម្រាលខាងជើង។ ដោយសារមានភាពលំបាកខ្លាំង មិនដែលមានមនុស្សណាម្នាក់ធ្លាប់ឆ្លងកាត់វាដោយជោគជ័យទេ នៅមុនទសវត្សរ៍ឆ្នាំ ១៩៦០។ នៅឆ្នាំ ១៩៦០ មានសមាជិកបួននាក់នៃក្រុមឡើងភ្នំចិនបានឆ្លងកាត់ជំហានទីពីរដោយវិធីបង្កើតជណ្ដើរមនុស្ស សម្រេចបាននូវការឡើងកំពូលភ្នំអេវឺរេសដោយជោគជ័យលើកទីមួយពីជម្រាលខាងជើងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ក្រុមនាំមុខរបស់លោក Xia Boyu ត្រូវសាងសង់ជណ្ដើរមួយនៅ "ជំហានទីពីរ" នេះ ដើម្បីរៀបចំលក្ខខណ្ឌល្អសម្រាប់ការឡើងកំពូលភ្នំជាបន្តបន្ទាប់។

លោកXia Boyu និងមិត្តរួមក្រុមរបស់គាត់បានសហការជាមួយគ្នា ហើយទីបំផុតបានឈានដល់កន្លែង "ជំហានទីពីរ" ដែលស្ថិតនៅរយៈកម្ពស់ ៨៦០០ ម៉ែត្រ។ ដោយសារតែខ្វះអុកស៊ីសែន ពិបាកក្នុងការផ្លាស់ទី ក្រុមលោកXia Boyu ត្រូវចំណាយពេលពេញមួយថ្ងៃ ទើបអាចចាប់ជាប់ជណ្ដើរដែកមួយទៅលើជញ្ជាំងថ្ម។ ជណ្ដើរមួយនេះមិនត្រឹមតែជួយអ្នកឡើងភ្នំជនជាតិចិនឡើងដល់កំពូលភ្នំប៉ុណ្ណោះទេ ថែមទាំងឈរជើងលើកន្លែង "ជំហានទីពីរ" អស់រយៈពេល ៣៣ ឆ្នាំផងដែរ។ ចាប់ពីពេលនោះដល់ឆ្នាំ ២០០៨  វាបានជួយអ្នកឡើងភ្នំជាង១៣០០ នាក់មកពីជុំវិញពិភពលោកឱ្យសម្រេចបានសុបិនឡើងកំពូលភ្នំអេវឺរេសរបស់ពួកគេ។ ហេតុនេះហើយ ជណ្ដើរមួយនេះបានទទួលឈ្មោះល្បីមួយគឺ "ជណ្ដើរចិន"

បន្ទាប់ពីដំឡើងជណ្ដើរនេះរួច ក្រុមលោក Xia Boyu បានចុះទៅជំរំខាងក្រោមដើម្បីសម្រាក និងរៀបចំឡើងលើកំពូលភ្នំចុងក្រោយ។ ប៉ុន្តែ ព្យុះព្រិលកាន់តែខ្លាំងឡើងៗ អាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងទៀតរបស់ពួកគេបានអស់ហើយ មានតែបង្ខំចិត្តចុះទៅខាងក្រោមវិញ។

ខ្យល់ព្យុះព្រិលខ្លាំងមួយទៀតបានបោកបក់ពេញមុខ។

"អូ៎ថង់ដេករបស់ខ្ញុំ!"

មិត្តរួមក្រុមជនជាតិZangម្នាក់ដែលហត់នឿយអស់កម្លាំងពីខ្លួនបានដួល ហើយថង់ដេកនៅលើខ្នងរបស់គាត់បានធ្លាក់ចុះនិងរមៀលចុះពីលើភ្នំ។ នេះគឺជាភ្នំអេវឺរេស ដោយសារតែកម្ពស់ខ្ពស់ណាស់ សីតុណ្ហភាពទាបបំផុតនៅលើកំពូលគឺ ដក ៣០ ដល់ ៤០ អង្សាសេពេញមួយឆ្នាំ។ បើគ្មានថង់ដេកទេ ប្រាកដជាពិបាកសម្រាកពេលយប់ដែលសីតុណ្ហភាពចុះត្រជាក់រហូតដល់កកឆ្អឹងខ្នងខ្លាំងណាស់។។

ឃើញដូច្នេះ លោកXia Boyu បានយកថង់ដេករបស់ខ្លួនឱ្យមិត្តក្រុមម្នាក់នេះដោយមិនស្ទាក់ស្ទើរ។

"សុខភាពខ្ញុំល្អហើយ ខ្ញុំមិនខ្លាចរងាទេ ថង់ដេកនេះលោកយកទៅប្រើចុះ!"

ដូចនេះ លោក Xia Boyu មិនបានប្រើថង់ដេកទេនៅយប់នោះ បានត្រឹមតែដេកមួយយប់ជាមួយនឹងសម្លៀកបំពាក់លើខ្លួនគាត់ប៉ុណ្ណោះ។ ពេលព្រឹកថ្ងៃទី២ លោកXia Boyu កករឹងពេញទាំងដងខ្លួន។ មិត្តរួមក្រុមរបស់គាត់ចង់ជួយលើកខ្លួនគាត់ឱ្យក្រោកឡើង ប៉ុន្តែគាត់កម្រើកមិនបានទាល់តែសោះ។ ទាល់តែពេលនេះទើបគាត់មានអារម្មណ៍ថាមានបញ្ហាធ្ងន់ធ្ងរ។ ជើងរបស់គាត់ទាំងគូគ្មានអារម្មណ៍ទាល់តែសោះ។ បន្ទាប់ពីចុះពីលើភ្នំ លោកXia Boyu ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីទទួលការសង្គ្រោះព្យាបាល។

ប៉ុន្តែ វាយឺតពេលទៅហើយ។ ជើងទាំងពីររបស់លោក Xia Boyu បានកក ហើយរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវតែវះកាត់ចេញ។

ម្លោះហើយ Xia Boyu បានធ្លាក់ទឹកចិត្តយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំ។ បើគ្មានជើង គាត់មិនអាចឡើងភ្នំឬក៏លេងបាល់ទាត់បានទេ។ គាត់មិនដឹងថាគាត់អាចធ្វើអ្វីផ្សេងទៀតបានទេ។ រហូតដល់ថ្ងៃមួយ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដមួយរូបមកពីប្រទេសអាល្លឺម៉ង់បានមកដល់ប្រទេសចិន ដើម្បីធ្វើសកម្មភាពសប្យុរសធម៌ និងបានទៅទស្សនកិច្ចនៅមន្ទីរពេទ្យដែល Xia Boyu កំពុងស្នាក់នៅ។ បន្ទាប់ពីបានឃើញសភាពរបស់ Xia Boyuហើយ គ្រូពេទ្យជនជាតិអាល្លឺម៉ង់រូបនេះបាននិយាយទៅកាន់គាត់ថា៖ " បន្ទាប់ពីពាក់ជើងសិប្បនិម្មិតហើយ លោកមិនត្រឹមតែអាចរស់នៅដូចមនុស្សធម្មតាប៉ុណ្ណោះទេ ថែមទាំងអាចឡើងភ្នំបានទៀតផង"

ឮដូច្នេះហើយ  Xia Boyu ត្រេកអរខ្លាំងណាស់ដោយមានជំនឿចិត្តឡើងវិញថា  «ខ្ញុំនៅតែអាចដើរបាន! ខ្ញុំនៅតែអាចឡើងភ្នំបាន!»  គាត់បានឱបគ្រូពេទ្យដោយរំភើប ហើយនិយាយថា  អរគុណគ្រូពេទ្យ!”

បន្ទាប់ពីគាត់បានចុះពីលើភ្នំអេវឺរេសជាលើកដំបូង Xia Boyu ក៏ចាប់ផ្ដើមចូលចិត្តការឡើងភ្នំ។ គាត់ចូលចិត្តស្វែងយល់ពីអ្វីដែលមិនស្គាល់ ហើយអារម្មណ៍នៃការប្រជែងនឹងខ្លួនឯង និងប្រឈមនឹងដែនកំណត់របស់គាត់ ធ្វើឱ្យគាត់មានអារម្មណ៍ថាគាត់ពិតជាមានជីវិតរស់នៅយ៉ាងពិតប្រាកដ។ ជាលទ្ធផល ការឡើងភ្នំអេវឺរេសម្តងទៀតបានក្លាយជាគោលដៅរបស់ Xia Boyu ហើយជីវិតរបស់គាត់ដែលផ្អាកមួយរយៈ បានចាប់ដំណើរការឡើងវិញនិងឆ្ពោះទៅមុខ 

បន្ទាប់ពីពាក់ជើងសិប្បនិម្មិត Xia Boyu បានចូលរួមយ៉ាងសកម្មក្នុងកីឡាជនពិការ។ គាត់បានឈ្នះមេដាយរាប់សិបនៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកជាតិនិងអន្តរជាតិនានា។ ដើម្បីរក្សាកាយសម្បទាល្អ គាត់បានបង្កើតផែនការហ្វឹកហ្វឺនកម្រិតខ្លាំង ដែលសូម្បីតែមនុស្សធម្មតាក៏ពិបាកទ្រាំទ្រអត់ធ្មត់ដែរ។ ដោយឃើញ Xia Boyu ហ្វឹកហាត់ខ្លាំងពេក មិត្តភ័ក្តិដែលនៅជុំវិញគាត់បាននិយាយបញ្ចុះបញ្ចូលគាត់ថា៖ "ការធ្វើបែបនេះប៉ះពាល់ដល់រាងកាយខ្លាំងពេកហើយ លោកមិនត្រូវបង្ខំខ្លួនពេកទេ។ "

ប៉ុន្តែ Xia Boyu មិនបានយកចិត្តទុកដាក់ចំពោះពាក្យសម្តីទាំងនេះទេ។ គាត់ជឿតែអ្វីដែលគាត់គិតថាត្រឹមត្រូវតែប៉ុណ្ណោះ  ជាសំណាងល្អ គ្រួសាររបស់គាត់ ជាពិសេសភរិយារបស់គាត់តែងតែគាំទ្រគាត់ជានិច្ច ដោយសារតែបានឃើញពីការឈឺចាប់ដែលគាត់បានឆ្លងកាត់កន្លងមក។ ដូច្នេះគាត់សង្ឃឹមថា គាត់អាចធ្វើអ្វីដែលគាត់ចង់ធ្វើ ដើម្បីសម្រេចក្តីសុបិននៃការឡើងកំពូលភ្នំអេវឺរេស

ជាអកុសល់ សំណាងអាក្រក់បានកើតឡើងលើ "អ្នកចម្បាំងពិការជើង" រូបនេះម្តងទៀត Xia Boyu ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកូនកណ្តុរនៅឆ្នាំ១៩៩៣ នៅពេលគាត់មានអាយុ ៤៤ ឆ្នាំ។

មិនដឹងថា មកពីការតស៊ូព្យាយាមជាប់ជានិច្ចរបស់ Xia Boyu ធ្វើឱ្យទេវតារំភើបចិត្ត ឬដោយសារតែគាត់មានកាយសម្បទាល្អដោយសារតែការហាត់ប្រាណជាច្រើនឆ្នាំនោះទេ នៅទីបំផុត ជំងឺមហារីករបស់ Xia Boyu ត្រូវបានគ្រប់គ្រងបាន ហើយមិនមានកើតឡើងវិញទេ។

អ្នកខ្លះនិយាយថា៖ ជីវិតគឺ "មិនចុះចាញ់នឹងភាពបរាជ័យ" អត្ថន័យនេះបានឆ្លុះបញ្ចាំងយ៉ាងរស់រវើកបំផុតនៅលើខ្លួនលោក Xia Boyu ជំនឿចិត្តបែបនេះបានជួយគាត់មិនឱ្យចុះចាញ់ពីភាពបរាជ័យម្តងហើយម្តងទៀតដើម្បីបោះជំហានទៅឡើងភ្នំអេវឺរេសជាបន្តបន្ទាប់ 

បន្ទាប់ពីឆ្លងកាត់ការវះកាត់ជើងចេញ ការកើតជំងឺមហារីក និងការវះកាត់ធំៗជាច្រើនលើក "អ្នកចម្បាំងពិការជើង" រូបនេះបានប្រឈមមុខនឹងការផ្លាស់ប្តូរនៅក្នុងជីវិតដោយប្រកាន់ខ្ជាប់អាកប្បកិរិយាសុទិដ្ឋិនិយម ភាពរឹងមាំ និងការតស៊ូជាប់ជានិច្ច គាត់បានសម្រេចចិត្តចេញដំណើរម្តងហើយម្តងទៀត!

នៅឆ្នាំ ២០០៦ លោក Inglis អ្នកពិការជើងទាំងពីរដំបូងបង្អស់របស់ពិភពលោកដែលបានឡើងដល់កំពូលភ្នំអេវឺរេស។ បន្ទាប់ពីបានឃើញព័ត៌មាននេះ Xia Boyu មានជំនឿចិត្តយ៉ាងមុតមាំក្នុងការឡើងភ្នំអេវឺរេស

ក្នុងឆ្នាំ ២០០៨ នៅពេលដែលភ្លើងគប់អូឡាំពិកទីក្រុងប៉េកាំងត្រូវបានរត់បណ្តាក់នៅលើភ្នំអេវឺរេស  Xia Boyu ទទួលបានឱកាសធ្វើជាអ្នកស្ម័គ្រចិត្ត  នៅពេលនោះគាត់មានអាយុជិត ៦០ ឆ្នាំហើយ ពេលឈរនៅជើងភ្នំអេវឺរេ គាត់គិតក្នុងចិត្តថា គាត់ត្រូវតែក្តាប់ជាប់ឱកាសនេះ ហើយប្រសិនបើយឺតពេលតែបន្តិច នោះប្រហែលជាបាត់បង់ឱកាសហើយ។

នៅខែកក្កដា ឆ្នាំ ២០១១ ក្រុមជនពិការបានបង្កើតឡើងជាលើកដំបូងសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាឡើងភ្នំពានរង្វាន់ពិភពលោក ដែលធ្វើឡើងនៅប្រទេសអ៊ីតាលី Xia Boyu ដែលមានអាយុលើសពី ៦០ ឆ្នាំបានឈ្នះជើងឯកពិភពលោកលើវិញ្ញាសាប្រកួតការលំបាក និងប្រកួតល្បឿនក្រុមបុរសពិការជើងទាំងពីរ ដោយពឹងផ្អែកលើមូលដ្ឋានគ្រឹះនៃបច្ចេកទេសឡើងភ្នំពីមុន ព្រមទាំងកាយសម្បទារឹងមាំរបស់គាត់។

នៅឆ្នាំ ២០១៤ ទីបំផុត Xia Boyu ដែលមានអាយុ ៦៥ ឆ្នាំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមការឡើងភ្នំអេរឺរេសលើកទីពីររបស់គាត់ វាមានរយៈពេលជិត ៤០ ឆ្នាំហើយបន្ទាប់ពីគាត់បានឡើងភ្នំអេវឺរេសជាលើកដំបូងកាលពីឆ្នាំ ១៩៧៥ ប៉ុន្តែគ្មាននរណាម្នាក់នឹកស្មានថា  មានការបាក់ធ្លាក់ទឹកកកលើភ្នំអេវឺរេស បណ្ដាលឱ្យមនុស្ស ១៦ នាក់បានបាត់បង់ជីវិត។ ហេតុនេះ សកម្មភាពឡើងភ្នំត្រូវបានលុបចោលទាំងអស់  Xia Boyu នៅជំរំជើងភ្នំអេរឺរេសបានបាត់បង់ឱកាសឡើងភ្នំលើកនេះ

ឆ្នាំ២០១៥ គាត់បានចេញដំណើរម្តងទៀត តែបែរជាត្រូវជួបជាមួយ គ្រោះរញ្ជួយដីកម្រិត៨,១រិច្ឆទ័រនៅនេប៉ាល់។ នៅពេលនោះ មួយចំណែកធំនៃភ្នំទឹកកកបានបាក់ធ្លាក់មក គាត់បានគេចផុតពីសេចក្ដីស្លាប់ ហើយផែនការឡើងភ្នំក៏បានផ្អាកម្ដងទៀត

ឆ្នាំ២០១៦ គាត់បានចេញដំណើរម្តងទៀតក្នុងអាយុ៦៧ឆ្នាំ។ នេះជាលើកទី៤ដែលXia Boyuសាកល្បងឡើងកំពូលភ្នំអេវឺរេស។ គាត់បានត្រៀមខ្លួនយ៉ាងពេញលេញ។

នៅពេលទើបចាប់ផ្តើម អ្វីទាំងអស់ដូចជាមានភាពរលូន។ លោកនិងមគ្គទេសក៏បានឡើងដល់រយៈកម្ពល់៨៧៥០ម៉ែត្រ នៅសល់តែ៩៤ម៉ែត្រទៀតដល់កំពូលភ្នំ។

គាត់ទើបគិតចង់បន្តដំណើរទៅមុខ ប៉ុន្តែគាត់មិននឹកស្មានថា ខ្យល់បក់បោកមកភ្លាមៗ ព្យុះព្រិលគ្របដណ្ដប់ពេញផ្ទៃមេឃ កំពូលភ្នំដែលនៅកៀកបង្កើយខ្លួនអំបាញ់មិញ ស្រាប់តែបាត់ខ្លួនទៅក្នុងព្យុះព្រិល។

អត់ទេ ព្យុះព្រិលធំជិតមកដល់ហើយ យើងត្រូវប្រញាប់ចុះទៅវិញ!មគ្គទេសក៏ស្រែកនៅក្នុងព្យុះព្រិល

ប៉ុន្តែ ពួកយើងជិតឡើងដល់កំពូលភ្នំហើយ បើចុះទៅវិញ ពិតជាគួរឱ្យស្ដាយណាស់! ពួកយើងតស៊ូឡើងទៅទៀត ខំប្រឹងឡើង!មគ្គទេសក៍ម្នាក់ទៀតនិយាយដោយមិនសុខចិត្ត។

លោកXia តើលោកគិតយ៉ាងម៉េចដែរ? បន្តឡើងទៅទៀតទេ?”មគ្គទេសក៍ទាំងអស់បាននាំគ្នាមើលមុខXia Boyu

       ពេលកំពុងមើលមុខយុវជនទាំងនេះ  នៅពេលនេះ អារម្មរណ៍របស់XiaBoyuបានវិលទៅកាលពី៤០ឆ្នាំមុន។នៅពេលនោះ ក៏ស្ថិតក្នុងស្ថានភាពបែបនេះដូចគ្នា មានសមាជិកម្នាក់បានជ្រុះបាត់ថង់ដេក ហើយខ្លួនក៏បានរបួសកកខ្លួនយ៉ាងធ្ងន់ធ្ងរ។

       ប្រសិនបើគ្រាន់តែគិតពីខ្លួនឯង ទោះបីជាឡើងភ្នំហើយស្លាប់ ក៏មានតម្លៃដែរ។ពីព្រោះ គាត់រស់នៅបានអាយុច្រើនហើយ កូនប្រុសរបស់គាត់ក៏មានគ្រួសារ និងការងាររួចហើយ ហើយប្រសិនបើគាត់សម្រេចក្ដីសុបិនតែមួយគត់របស់គាត់ទៀតនោះ ជីវិតរបស់គាត់ចាត់ទុកថាមានតម្លៃហើយ។ XiaBoyuគិតដូច្នេះក្នុងចិត្ត។

ចុះបន្ទាប់ពីឡើងដល់កំពូលភ្នំហើយ ធ្វើអីទៀត?”XiaBoyuបែរក្បាលចុះក្រោម ហើយមគ្គទេសក៍វ័យក្មេងទាំង៥នាក់សម្លឹងមកគាត់។ ពួកគេសុទ្ធតែជាបុរសវ័យក្មេងដែលមានអាយុខ្ទង់២០ឆ្នាំ ភាគច្រើនមិនទាន់រៀបការ ទើបតែចាប់ផ្ដើមជីវិតរបស់ខ្លួនតែប៉ុណ្ណោះ

ចុះទៅវិញ ចុះទៅវិញ ព្យុះព្រិលធំនឹងមកដល់ ពួកយើងមិនឡើងទៅទៀតទេ

គិតក្នុងចិត្តរួចមួយស្របក់ XiaBoyuបានសម្រេចចិត្តបោះបង់ការឡើងកំពូលភ្នំ។ គាត់មិនចង់ធ្វើឱ្យយុវជនប៉ុន្មាននាក់នេះឆ្លងកាត់ការឈឺចាប់ដែលខ្លួនបានឆ្លងកាត់នោះទេ ហើយក៏មិនចង់ធ្វើឱ្យសុបិនរបស់ខ្លួនក្លាយទៅជាទំនួលខុសត្រូវរបស់អ្នកដទៃ ថែមទាំងអាចធ្វើឱ្យអ្នកដទៃបាត់បង់ជីវិតរបស់ពួកគេថែមទៀតផង។

បន្ទាប់ពីចុះពីលើភ្នំមក ទីបំផុតXiaBoyuបានទម្លាយអារម្មណ៍ដែលខ្លួនខំទប់ទុកនៅក្នុងចិត្តអស់ជាយូរមកហើយ។ មានតែគាត់ទេដែលដឹងពីការឈឺចាប់ និងទុក្ខលំបាកក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ។ នៅពេលដែលគាត់បានចុះទៅដល់ជំរំមូលដ្ឋាននៅជើងភ្នំ XiaBoyuមិនអាចទ្រាំទ្របានតទៅទៀត គាត់ក៏បិទមុខសម្រក់ទឹកភ្នែកនៅចំពោះ មុខភ្នំអេវឺរ៉េស។

លេងម៉ាជុង ដើរលេងកម្សាន្ត មើលកូន គឺជាជីវិតដ៏ល្អប្រសើរនៅក្នុងវ័យចំណាស់។ ប៉ុន្តែXiaBoyuយល់ថា នោះមិនមែនជាជីវិតដែលគាត់ចង់បានទេ ហើយភ្លើងក្នុងចិត្តរបស់គាត់នៅតែមិនរលត់។បន្ទាប់ពីរាងកាយរបស់គាត់បានជាសះស្បើយស្ទើរតែទាំងស្រុងហើយ Xia Boyu បានចាប់ផ្តើមហ្វឺកហាត់ម្តងទៀតដូចពីមុន ដោយប្រកាន់ខ្ជាប់ការធ្វើលំហាត់ប្រាណ៥ឬ៦ម៉ោងជារៀងរាល់ថ្ងៃ។

ពីរឆ្នាំក្រោយមក នៅឆ្នាំ២០១៨ គាត់ត្រៀមចេញដំណើរម្តងទៀត។

នៅមួយយប់មុនថ្ងៃចាប់ផ្ដើមដំណើរឡើងភ្នំអេវឺរ៉េស គាត់គេងមិនលក់ទាល់តែសោះ។

ចំពោះកាមេរ៉ាដែលថតទិដ្ឋភាពដំណើរឡើងភ្នំនេះ គាត់រៀបរាប់ថាៈរាប់សិបឆ្នាំមកហើយ ខ្ញុំជំពាក់គ្រួសារខ្ញុំច្រើនជាងគេ។ប្រពន្ធខ្ញុំដឹងថា ខ្ញុំរងទុក្ខច្រើនក្នុងជីវិតរបស់ខ្ញុំ ហើយវាគ្រាន់តែជាចំណង់ចំណូលចិត្តប៉ុណ្ណោះ។ គាត់មិនចង់ឱ្យខ្ញុំមានការសោកស្តាយក្នុងជីវិតរបស់ខ្ញុំ គាត់តែងតែទទួលបន្ទុករឿងតូចធំគ្រប់បែបយ៉ាងនៅក្នុងផ្ទះ គឺដើម្បីឱ្យខ្ញុំអាចឡើងភ្នំបាន។ គាត់ពិតជាប្រឹងប្រែងខ្លាំងណាស់ ហើយគាត់តែងតែខ្វល់ខ្វាយពីខ្ញុំ។និយាយមកដល់រឿងនេះ ក្នុងចិត្តXiaBoyuពោរពេញទៅដោយការដឹងគុណនិងសេចក្ដីសោកស្ដាយ ក៏បានសម្រក់ទឹកភ្នែកយ៉ាងស្ងប់ស្ងាត់តែម្នាក់ឯង។

នៅម៉ោង១០និង៤០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨តាមម៉ោងនៅទីក្រុងប៉េកាំង ឆ្លងកាត់ការឡើងភ្នំដ៏លំបាកអស់រយៈពេល៧ថ្ងៃ Xia Boyuដែលមានអាយុ៦៩ឆ្នាំបានឡើងទៅដល់កំពូលភ្នំអេវឺរ៉េសនៅរយៈកម្ពស់៨៨៤៤ម៉ែត្រដែលជាកំពូលនៃពិភពលោកដោយជោគជ័យ។គាត់បានក្លាយជាជនពិការជើងទាំងពីរឡើងកំពូលភ្នំអេវឺរ៉េសដោយប្រើជើងសិប្បនិម្មិតដំបូងគេបំផុតក្នុងប្រទេសចិន និងជាជនពិការដែលមានវ័យចំណាស់ជាងគេបំផុតក្នុងពិភពលោកដែលបានឡើងទៅដល់កំពូលភ្នំអេវឺរេស។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស