ពេលជួបពិភាក្សាការងារជាមួយលោកOlaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់តាមប្រព័ន្ធវីដេអូនិងសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងដោយឡែកពីគ្នាថ្ងៃកាលពីថ្ងៃទី៩និងថ្ងៃទី១០ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា នឹងគាំទ្រប្រទេសអឺរ៉ុបក្តាប់ជាប់សន្តិសុខរបស់អឺរ៉ុបក្នុងដៃរបស់ខ្លួន ។
រយៈពេលពីរខែបានកន្លងផុតទៅហើយ ប៉ុន្តែការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនត្រឹមតែគ្មានតម្រុងត្រូវបន្ធូរបន្ថយប៉ុណ្ណោះទេ ថែមទាំងក៏មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរចំពោះប្រទេសដទៃទៀតផងដែរ ។ អឺរ៉ុបបានអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីឥតឈប់ឈរក្រោមការញុះញង់របស់សហរដ្ឋអាមេរិក ហើយបានរងផលប៉ះពាល់បកមកវិញយ៉ាងធ្ងន់ធ្ងរ ។ ឧទាហរណ៍ដូចជា ការខ្វះស្បៀងអាហារ ការកើនឡើងនៃចំនួនជនភៀសខ្លួន ការកើនឡើងនៃចំនួនមនុស្សអត់ការងារធ្វើ និងការឡើងថ្លៃយ៉ាងខ្លាំងនៃតម្លៃទំនិញ។ល។ បញ្ហាប្រឈមខាងសន្តិសុខរបស់អឺរ៉ុបមានភាពកាន់តែលេចធ្លោ ។
ក្នុងនោះ បញ្ហាសន្តិសុខថាមពលគឺពិបាកដោះស្រាយបំផុត ។ កាលពីថ្ងៃទី១០ខែឧសភាតាមម៉ោងក្នុងតំបន់ អ៊ុយក្រែនបានបង្ហាញថា នឹងផ្អាកចរាចរណ៍ឧស្ម័នធម្មជាតិនៅស្ថានីយ៍ផ្ទេរកណ្ដាលមួយ ប៉ុន្តែឧស្ម័នធម្មជាតិរុស្ស៊ីដែលត្រូវដឹកជញ្ជូនទៅកាន់អឺរ៉ុបដោយឆ្លងកាត់អ៊ុយក្រែនចំនួន១ភាគ៣សុទ្ធតែត្រូវឆ្លងកាត់ស្ថានីយ៍ផ្ទេរនេះ ។ នេះគឺមានន័យថា សហភាពអឺរ៉ុបបានប្រឈមមុខនឹងគ្រោះថ្នាក់ “ផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិ”មុនពេលដាក់ចេញវិធានការដាក់ទណ្ឌកម្មទៅលើប្រេងកាតនិងឧស្ម័នធម្មជាតិរបស់រុស្ស៊ី ។អឺរ៉ុបត្រូវបង់ដើមទុនកាន់តែខ្ពស់ដើម្បីបំពេញបន្ថែមនូវកង្វះខាតខាងថាមពលដោយខានពុំបាន នេះនឹងបណ្តាលឱ្យតម្លៃទំនិញកើនឡើង បង្កើនដើមទុនរបស់សហគ្រាសនិងកាត់កម្សោយកម្លាំងប្រកួតប្រជែងរយៈពេលយូរនៃឧស្សាហកម្មអឺរ៉ុបថែមមួយកម្រិតទៀត ។
ព្រមពេលជាមួយគ្នានេះ ដោយសារសហរដ្ឋអាមេរិកបានយកសាំងមកចាក់លើភ្លើងឥតឈប់ឈរបានជាសន្តិសុខតំបន់អឺរ៉ុបបានប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំង ។ កាលពីថ្ងៃទី៩ខែឧសភាតាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារជាតិដែលសំដៅចំពោះអ៊ុយក្រែន ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិកពន្លឿនការផ្តល់សព្វាវុធដល់អ៊ុយក្រែន ។ កាលពីថ្ងៃទី១០ខែឧសភា សភារាស្ត្រអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយប្រហែល៤ម៉ឺនលានដុល្លារអាមេរិកបន្ថែមទៀតដល់អ៊ុយក្រែន ។ ឥស្សរជនវិភាគបានលើកឡើងថា ក្នុងបរិបទដែលសហរដ្ឋអាមេរិកបដិសេធមិនជំរុញការចរចាសន្តិភាពនិងផ្តល់អាវុធដល់អ៊ុយក្រែនឥតឈប់ឈរ លទ្ធភាពលេចចេញ “របាំង”នៅអឺរ៉ុបជាថ្មីឡើងវិញបានកើនឡើងយ៉ាងច្បាស់លាស់ ។
អឺរ៉ុបត្រូវការប្រាជ្ញានិងភាពក្លាហានកាន់តែច្រើនឡើងៗដើម្បីសម្រេចបាននូវសុខសន្តិភាពនិងវិបុលភាព ។ “ត្រូវប្រុងប្រយ័ត្នជាពិសេសកុំឱ្យកកើតទៅជាការបដិបក្ខជាក្រុមដែលនឹងបង្កការគំរាមកំហែងកាន់តែធំនិងកាន់តែយូរចំពោះសន្តិសុខសកល”។គំនិតផ្តួចផ្តើមរបស់ភាគីចិនដូចពោលខាងលើទទួលបានការឯកភាពពីលោក Emmanuel Macron ប្រធានាធិបតីបារាំង ។ លោក Macron បានថ្លែងយ៉ាងច្បាស់លាស់ក្នុងកិច្ចជំនួបជាមួយលោកប្រធានរដ្ឋចិន Xi Jinping លើកនេះថា បារាំងនិងសហភាពអឺរ៉ុបនឹងប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដ៏ឯករាជ្យម្ចាស់ការ ហើយមិនឯកភាពនិងមិនចូលរួមការបដិបក្ខជាក្រុមនោះទេ ។
នៅរយៈពេល៧២ឆ្នាំមុន លោក Robert Schuman រដ្ឋមន្ត្រីការបរទេសបារាំងកាលនោះបានដាក់ចេញ “ផែនការធ្វើអាជីវកម្មរួមខាងធ្យូងថ្មនិងដែកថែបអឺរ៉ុប” នេះត្រូវគេចាត់ទុកថា ជាការចាប់ផ្តើមនៃដំណើរសមាហរណកម្មអឺរ៉ុបខាងលិចបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ នៅថ្ងៃនេះរហូតដល់រយៈពេលកាន់តែយូរនៅពេលអនាគត “ទ្វីបអឺរ៉ុបរបស់ប្រជាជនអឺរ៉ុប”វាមិនត្រឹមតែជាគោលដៅអភិបាលកិច្ចរបស់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវក្លាយជាប្រតិបត្តិការជាក់ស្តែងផងដែរ ៕