ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Qishan អញ្ជើញចូលរួមពិធីឡើងកាន់មុខតំណែងរបស់លោក Yoon Suk-yeol ប្រធានាធិបតីអាណត្តិថ្មីរបស់កូរ៉េខាងត្បូង
2022-05-11 15:48:01cri
Share with:

      ថ្ងៃទី ១០ ខែឧសភា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង លោក Wang Qishan តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីឡើងកាន់មុខតំណែងរបស់លោក Yoon Suk-yeol ប្រធានាធិបតីអាណត្តិថ្មីរបស់កូរ៉េខាងត្បូង ព្រមទាំងបានជួបពិភាក្សាការងារជាមួយលោក Yoon Suk-yeol នៅក្រុងសេអ៊ូល។

      ថ្លែងក្នុងកិច្ចជំនួប លោក Wang Qishan បានលើកឡើងថា ចិននិងកូរ៉េខាងត្បូងជាប្រទេសជិតខាងដ៏មេត្រីភាពនិងជាដៃគូសហប្រតិបត្តិការដ៏សំខាន់រវាងគ្នា។ ក្នុងបរិបទនៃបម្រែបម្រួលស្ថានការណ៍ពិភពលោកនិងការរីករាលដាលនៃជំងឺកូវីដ ១៩ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងចិននិងកូរ៉េខាងត្បូងកាន់តែមានសារៈសំខាន់ខ្លាំងចំពោះភាគីទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូល។ ភាគីចិនមានឆន្ទៈធ្វើខិតខំប្រឹងប្រែងរួមជាមួយភាគីកូរ៉េខាងត្បូង ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងចិននិងកូរ៉េខាងត្បូងឱ្យឈានទៅរកកម្រិតកាន់តែខ្ពស់។

      ជាការឆ្លើយតប លោក Yoon Suk-yeol បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងរីករាយចាត់ទុកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាកាលានុវត្តភាពមួយ ដើម្បីជំរុញទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងចិនឱ្យឈានចូលសម័យកាលថ្មីមួយ។ ភាគីកូរ៉េខាងត្បូងរីករាយបង្កើនការផ្លាស់ប្តូរនិងកិច្ចសម្រុះសម្រួលជាមួយភាគីចិន ក្នុងន័យរួមគ្នាជំរុញដល់ការសម្រេចបាននូវសន្តិភាព ស្ថិរភាពនិងវិបុលភាពនៅឧបទ្វីបកូរ៉េ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស