ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទពិសោធជោគជ័យនៃការអភិវឌ្ឍតំបន់ជនបទរបស់ប្រទេសចិន ជាមេរៀនដ៏ល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នានា
2022-05-10 21:28:03cri
Share with:

ដោយខុសប្លែកពីប្រទេសជាច្រើនដែលផ្ដោតការអភិវឌ្ឍតែទៅលើការវិនិយោគនៅក្នុងទីក្រុងធំៗនិងតំបន់ទីក្រុង ប្រទេសចិនបានផ្ដោតការយកចិត្តទុកដាក់ជាចម្បងចំពោះតំបន់ជនបទ។ រហូតមកដល់ពេលនេះ ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ជនបទ ដូចជាការលុបបំបាត់ភាពក្រីក្រ និងកំណើនដ៏គួរឲ្យកត់សម្គាល់នូវផលិតភាពកសិកម្មនិងផលិតផលកសិកម្ម ។ ប្រទេសចិន បានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេដែលអាចសម្រេចបាននូវគោលដៅទីមួយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ ដោយបានរំដោះប្រជាជនចិនជិត៨០០លាននាក់ ចេញពីភាពក្រីក្រ ដែលចំនួននេះស្មើនឹង៣ភាគ៤នៃប្រជាជនដែលត្រូវបានរំដោះចេញពីភាពក្រីក្រនៅទូទាំងពិភពលោក។

ទោះបីជាសម្រេចបាននូវសមិទ្ធផលធំៗបែបនេះក៏ដោយ រដ្ឋាភិបាលចិននៅតែបន្តផ្ដោតការយកចិត្តទុកដាក់ចំពោះតំបន់ជនបទ ដោយថ្នាក់ដឹកនាំចិនយល់ឃើញថា ការលុបបំបាត់ភាពក្រីក្រ មិនមែនជាគោលដៅចុងក្រោយនោះឡើយ វាគ្រាន់តែជាចំណុចចាប់ផ្ដើមថ្មីមួយនៃគោលដៅប្រែក្លាយតំបន់ជនបទឲ្យមានជីវិតរស់រវើកឡើងវិញ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រទេសចិនបានចាត់ទុកការប្រែក្លាយតំបន់ជនបទឲ្យមានជីវិតរស់រវើកឡើងវិញ ដោយផ្ដោតទៅលើការធ្វើទំនើបកម្មវិស័យកសិកម្មនិងតំបន់ជនបទ ជាស្នូលនៃរបៀបវារៈគោលនយោបាយរបស់ខ្លួន ពីព្រោះការប្រែក្លាយតំបន់ជនបទឲ្យមានជីវិតរស់រវើក គឺជាគន្លឹះដែលនាំទៅរកភាពរុងរឿងរបស់ប្រទេសចិននិងប្រជាជនចិនទាំងអស់។

ការប្រែក្លាយតំបន់ជនបទឲ្យមានជីវិតរស់រវើកឡើងវិញ មិនអាចសម្រេចជោគជ័យ   ក្នុងរយៈពេលត្រឹមតែមួយថ្ងៃនោះឡើយ ក៏ប៉ុន្តែយើងសង្កេតឃើញថា ប្រទេសចិនកំពុងបោះជំហានជាសន្សឹមៗឆ្ពោះទៅរកការសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតាមួយនេះ។

ប្រទេសកំពុងអភិវឌ្ឍន៍នានា អាចសិក្សាស្វែងយល់និងរៀនសូត្រពីបទពិសោធជោគជ័យនៃការអភិវឌ្ឍតំបន់ជនបទរបស់ប្រទេសចិន។ នៅក្នុងចំណោមកត្តាជាច្រើន មានកត្តាធំៗមួយចំនួនដែលរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យរបស់ប្រទេសចិនក្នុងការអភិវឌ្ឍតំបន់ជនបទ។ បន្ថែមទៅលើកម្លាំងដ៏ខ្លាំងក្លារបស់ប្រជាជាតិចិន ឆន្ទៈនយោបាយមោះមុត និងការដឹកនាំដ៏ឆ្លាតវៃនិងម៉ឺងម៉ាត់ របស់រដ្ឋាភិបាលចិន គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបាន ដែលនាំឲ្យសម្រេចបាននូវសមិទ្ធផលដ៏លេចធ្លោទាំងអស់នេះ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ចាត់ទុកការអភិវឌ្ឍតំបន់ជនបទជាអាទិភាពចម្បង និងប្រមូលផ្ដុំកម្លាំងនិងធនធានទាំងអស់មកពីគ្រប់មជ្ឈដ្ឋាន ដើម្បីផ្ដោតទៅលើការអភិវឌ្ឍតំបន់ជនបទ និងធ្វើឲ្យតំបន់ជនបទមានជីវិតរស់រវើកឡើងវិញ។ ក្រៅពីដាក់ចេញនូវផែនការចក្ខុវិស័យច្បាស់លាស់ និង ទិសដៅយុទ្ធសាស្រ្តត្រឹមត្រូវដើម្បីប្រែក្លាយតំបន់ជនបទឲ្យមានជីវិតរស់រវើកឡើងវិញ ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ធ្វើការតាមដានត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាប់ជាប្រចាំនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងនិងកម្មវិធីនានា ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលមជ្ឈិមដែលត្រូវបានដាក់ជូនឲ្យរដ្ឋាភិបាលមូលដ្ឋានអនុវត្ត ។ រហូតមកដល់ពេលនេះរដ្ឋាភិបាលចិនគ្រប់ជាន់ថ្នាក់បានបញ្ជូនមន្ត្រីរដ្ឋការរាប់សែននាក់ទៅកាន់ភូមិក្រីក្រនានាដើម្បីជួយគាំទ្ររដ្ឋាភិបាលមូលដ្ឋានក្នុងការអនុវត្តវិធានការអភវិឌ្ឍតំបន់ជនបទ និងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ។ ជាងនេះទៅទៀត ដូចយើងធ្លាប់បានឃើញនាពេលកន្លងមក លោក Xi Jinping ប្រធានរដ្ឋចិន តែងតែធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់ទៅកាន់ភូមិដាច់ស្រយាលនានា និងជួបជាមួយបុគ្គលិកជួរមុខ ដើម្បីត្រួតពិនិត្យតាមដានដំណើរការអនុវត្តនិងវឌ្ឍនភាពនៃការអភិវឌ្ឍនិងទំនើបកម្មតំបន់ជនបទ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលមជ្ឈិម មានការត្រៀមរៀបចំយ៉ាងល្អក្នុងការផ្ដល់ជំនួយគាំទ្រចាំបាច់គ្រប់បែបយ៉ាងដើម្បីធ្វើឲ្យការអនុវត្តមានប្រសិទ្ធភាព ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលមជ្ឈិម បានផ្ដល់នូវទឹកប្រាក់គាំទ្ររាប់ប៊ីលានដុល្លារដើម្បីជួយគាំទ្រដល់ការអនុវត្តវិធានការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍតំបន់ជនបទ។

ជាងនេះទៅទៀត ដោយរដ្ឋាភិបាលចិនដឹងយ៉ាងច្បាស់ថា អនាគតនៃវិស័យកសិកម្មនិងតំបន់ជនបទរបស់ប្រទេសចិន ពឹងផ្អែកទៅលើបច្ចេកវិទ្យាទំនើប រដ្ឋាភិបាលចិន បានផ្ដោតការយកចិត្តទុកដាក់ទៅលើការបង្កើនការប្រើប្រាស់បចេ្ចកវិទ្យាកសិកម្មទំនើប និងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅតំបន់ជនបទ ដោយរដ្ឋាភិបាលបានធ្វើការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មទំនើប ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅតំបន់ជនបទ និងផ្ដល់ជំនួយគាំទ្រហិរញ្ញវត្ថុនិងការបណ្ដុះបណ្ដាល        កសាងសមត្ថភាពដល់ប្រជាជនមូលដ្ឋានក្នុងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបនិងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ការជំរុញនិងការគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មជឿនលឿន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងជាពិសេសការប្រើប្រាស់វេទិកាពាណិជ្ជកម្មអនឡាញ ដោយភ្ជាប់ទំនាក់ទំនងរវាងកសិករជាមួយទីផ្សារដោយផ្ទាល់ បានដើរតួយ៉ាងសំខាន់ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាកសិករ និងធានាថាប្រជាកសិករគ្រប់រូបទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់ប្រទេស។

ការបង្កើតនិងពង្រីកភាពជាដៃគូជិតស្និទ្ធរវាងរដ្ឋាភិបាលជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដូចជាក្រុមហ៊ុនឯកជន រដ្ឋាភិបាលមូលដ្ឋាន និងអង្គការសង្គមនានា ពិតជាអំណោយផលដល់ការអភិវឌ្ឍនិងធ្វើទំនើបកម្មតំបន់ជនបទនិងវិស័យកសិកម្ម ជាពិសេស អំណោយផលដល់ការជំរុញការអភិវឌ្ឍឧស្សាហកម្មធុនស្រាលនិងធុនធ្ងន់នៅតំបន់ជនបទ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រាក់ចំណូលរបស់ប្រជាជននៅជនបទ។

ទោះបីជាស្ថានភាពពិតប្រាកដតែងតែមានភាពខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយ បទពិសោធជោគជ័យនៃការអភិវឌ្ឍតំបន់ជនបទរបស់ចិន គឺជាគំរូដ៏ល្អមួយដែលប្រទេសកំពុងអភិវឌ្ឍន៍នានាអាចរៀនសូត្រនិងកែសម្រួលយកទៅអនុវត្តបាន។ គំរូនេះផ្ដោតជាចម្បងទៅលើឆន្ទៈមោះមុតនិងភាពជាអ្នកដឹកនាំវៃឆ្លាតនិងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ និរន្តរភាពផ្នែកគោលនយោបាយនិងគតិយុត្ត ការបង្កើនសមត្ថភាពប្រជាជន ការបង្កើតទំនាក់ទំនងល្អរវាងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងភាពជាដៃគូជាមួយវិស័យឯកជន និងអង្គការសង្គមនានា ដើម្បីបង្កើតបរិយាកាសមួយដែលអំណោយផលដល់ការកែលម្អគុណភាពជីវិតរបស់ប្រជាជននៅជនបទ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស