ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖"កុមារកំព្រាកូវីដ ១៩ "ឆ្លុះបញ្ចាំងពីភាពលំបាកដែលក្រុមមនុស្សងាយរងគ្រោះនៅសហរដ្ឋអាមេរិកបាននិងកំពុងប្រឈម
2022-05-09 09:14:37cri
Share with:

    នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយអសមត្ថភាពមិនត្រឹមតែបានបណ្តាលឲ្យករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់បានកើនឡើងប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យបញ្ហាក្នុងសង្គមជាច្រើនកើតឡើងជាញឹកញាប់ផងដែរ ។ ទស្សនាវដី្តប្រចាំខែThe Atlantic Monthlyនៃអាមេរិកបានចុះផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា ដោយសាររដ្ឋាភិបាលអាមេរិកអសមត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានជាកុមារអាមេរិកប្រហែល ២០ ម៉ឺននាក់បានក្លាយជា"កុមារកំព្រាកូវីដ ១៩ " ។

    សូមបញ្ជាក់ថា "កុមារកំព្រាកូវីដ ១៩ " គឺមានន័យថា កុមារដែលបានកំព្រាឪពុកម្តាយឬអាណាព្យាបាលផ្សេងទៀតក្នុងអំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ។ នាពេលថ្មីៗកន្លងទៅនេះ ការសិក្សាស្រាវជ្រាវមួយចំនួនបានផ្តោតសំខាន់ទៅលើបាតុភាពនេះព្រមនិងបញ្ហាក្នុងសង្គមដែលមានលទ្ធភាពកើតឡើង ។

    យោងតាមទិន្នន័យស្ថិតិថ្មីបំផុតស្តីពីករណីឆ្លងជំងឺកូវីដ ១៩ នៃសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា ចាប់តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ មក ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ សរុបនៅអាមេរិកបានលើសពី ១ លាន ២ ម៉ឺននាក់ ។ យោងតាមទិន្នន័យស្ថិតិស្តីពីការតាមដានពិនិត្យនៃសកលវិទ្យាល័យបច្ចេកវិទ្យា Imperial London របស់អង់គ្លេសបានឱ្យដឹងទៀតថា គិតមកទល់ថ្ងៃទី ៥ ខែឧសភា សហរដ្ឋអាមេរិកមានកុមារជាង ២១ ម៉ឺននាក់បានកំព្រាឪពុកម្តាយឬជីដូនជីតាដែលជាអាណាព្យាបាលសំខាន់ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។

    នាពេលថ្មីៗកន្លងទៅនេះ វេបសាយនៃទស្សនាវដី្តប្រចាំខែThe Atlantic Monthlyរបស់អាមេរិកក៏បានចេញផ្សាយអត្ថបទថា "កុមារកំព្រាកូវីដ ១៩ "ចំនួន ២០ ម៉ឺននាក់នៅសហរដ្ឋអាមេរិកត្រូវគេបំភ្លេចចោល" "ទោះបីជារយៈពេលពីរឆ្នាំបានធ្វើឱ្យសហរដ្ឋអាមេរិកអាចប្រឈមប្រកបដោយភាពស្ងប់ស្ងាត់នូវការវាយប្រហារដែលបណ្តាលមកពីវីរុសកូវីដ ១៩ ក៏ដោយ ក៏ប៉ុន្តែការខាតបង់នៅតែគួរឱ្យអ្នកផងភ្ញាក់ផ្អើលនិងពិបាកនឹងទទួលយកបានដែរ ពោលគឺ ក្នុងចំណោមរាល់កុមារកំព្រាចំនួន ១២ នាក់ដែលមានអាយុក្រោម ១៨ ឆ្នាំ ក៏មានម្នាក់បានកំព្រាឪពុកម្តាយរបស់ខ្លួនក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ លើកនេះដែរ លើសពីនេះទៅទៀត ក្នុងសាលារដ្ឋនីមួយៗនៅអាមេរិក គិតជាមធ្យម មានកុមារពីរនាក់បានកំព្រាអាណាព្យាបាលរបស់ខ្លួនក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ លើកនេះ" ។

    ដូចការវិភាគរបស់អត្ថបទនេះដែលបានលើកឡើងបន្ថែមទៀតថា ហានិភ័យនៃការប្រើប្រាស់ថ្នាំដោយខុសច្បាប់ ការព្យួរការសិក្សានិងធ្លាក់ក្នុងភាពក្រីក្ររបស់ក្រុមកុមារកំព្រាទាំងនេះក៏បានកើនឡើងជាបណ្តើរៗផងដែរ ។ លទ្ធភាពនៃការធ្វើអត្តឃាតរបស់ពួកគេស្ទើរតែបានកើនទ្វេដងបើប្រៀបធៀបនឹងកុមារមិនមែនកំព្រា ហើយក៏មានលទ្ធភាពរងផលប៉ះពាល់ពីបញ្ហាគ្រប់បែបយ៉ាងដទៃទៀតផងដែរ ។ ដូច្នេះ ការលេចចេញក្រុម"កុមារកំព្រាកូវីដ ១៩ "និងហានិភ័យដែលបានលាក់ទុកក្នុងសង្គមមិនត្រឹមតែនឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅចំពោះជោគវាសនារបស់សមាជិកនៃក្រុមនេះប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវបញ្ហាប្រឈមក្នុងរយៈពេលយូរដល់សង្គមអាមេរិកផងដែរ ។

    បាតុភូតអំពី"កុមារកំព្រាកូវីដ ១៩ "គឺជាសោកនាដកម្មដែលបណ្តាលមកពីរដ្ឋាភិបាលអាមេរិកដែលអសមត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយក៏បានលាតត្រដាងនូវបញ្ហាស្រទាប់ជ្រៅក្នុងសង្គមអាមេរិកក្នុងរយៈពេលយូរ ដូចជា គម្លាតខាងពូជសាសន៍ជាដើម ។ ទស្សនាវដី្តប្រចាំខែThe Atlantic Monthlyនៃអាមេរិកបានផ្សាយដំណឹងថា បញ្ហាអំពី"កុមារកំព្រាកូវីដ ១៩ "មានភាពកាន់តែធ្ងន់ធ្ងរក្នុងចំណោមក្រុមមនុស្សងាយរងគ្រោះ ដូចជា ក្រុមជនជាតិភាគតិចជាដើម ។ ដោយសារប្រាក់ចំណូលជាមធ្យមរបស់គ្រួសារជនជាតិភាគតិចទាបបង្គួរនិងសមត្ថភាពទប់ទល់នឹងហានិភ័យរបស់ពួគេនៅពេលប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លងនេះអន់បង្គួរ បានជាកុមារកាន់តែមានលទ្ធភាពក្លាយជា"កុមារកំព្រាកូវីដ ១៩ " ។

    គួរបញ្ជាក់ដែរថា លទ្ធផលសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ចំនួនប្រជាជននៃជនជាតិភាគតិចគ្រាន់តែត្រូវជា ៣៩ ភាគរយនៃចំនួនប្រជាជនសរុបនៃសហរដ្ឋអាមេរិកប៉ុណ្ណោះ តែ"កុមារកំព្រាកូវីដ ១៩ "នៃក្រុមជនជាតិភាគតិចបែរជាមានចំនួន ៦៥ ភាគរយ ។ គិតជាមធ្យម រាល់កុមារជនជាតិស្បែកសចំនួន ៧៥៣ នាក់ ក៏មានម្នាក់ក្លាយជា"កុមារកំព្រាកូវីដ ១៩ " ចំណែកឯជនជាតិអាមេរិកដើមកំណើតអាមេរិកឡាទិន គឺរាល់កុមារចំនួន ៤១២ នាក់ ក៏មានម្នាក់ក្លាយជា"កុមារកំព្រាកូវីដ ១៩ " ហើយនិយាយចំពោះកុមារអាមេរិកដើមកំណើតអាហ្រ្វិកនិងជនជាតិឥណ្ឌាអាមេរិកកាំង គឺ ៣១០ នាក់និង ១៦៨ នាក់ដោយឡែកពីគ្នា ។

    នៅពីក្រោយភាពខុសគ្នាខាងពូជសាសន៍នៃ"កុមារកំព្រាកូវីដ ១៩ " គឺ បញ្ហាស្រទាប់ជ្រៅក្នុងសង្គមអាមេរិកក្នុងរយៈពេលយូរ ពោលគឺ ក្នុងវិស័យចំណូល ឱកាសការងារនិងជីវភាពរស់នៅមិនស្មើភាព អត្រាបាត់ការងារខ្ពស់នៃជនជាតិភាគតិចព្រមទាំងបានបណ្តាលឱ្យកង្វះការធានារ៉ាប់រងខាងសុខភាព ។

    តាមទិន្នន័យស្ថិតិនាចុងឆ្នាំ ២០១៩ របស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានបង្ហាញឱ្យឃើញថា ប្រាក់ចំណូលគិតជាមធ្យមរបស់គ្រួសារជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកនិងអាមេរិកឡាទិននៅសហរដ្ឋអាមេរិក គឺ គ្រាន់តែត្រូវជាពាក់កណ្តាលនៃគ្រួសារជនជាតិស្បែកស ចំណែកឯទ្រព្យសម្បត្តិសុទ្ធមានត្រឹមតែពី ១៥ ដល់ ២០ ភាគរយប៉ុណ្ណោះ ។ ក្នុងរយៈពេលរាប់សិនឆ្នាំកន្លងមក គម្លាតរវាងក្រុមជនជាតិស្បែកសនិងក្រុមជនជាតិភាគតិចត្រូវបានកើនឡើងយ៉ាងច្បាស់ ។

    ប៉ុន្តែ គួរឱ្យសោកស្តាយណាស់ "កុមារកំព្រាកូវីដ ១៩ "ដែលប្រកបដោយភាពរំសើបដ៏ធំបំផុតនេះត្រូវបានមើលរំលងដោយរដ្ឋាភិបាលអាមេរិក ។ ចាប់តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ រហូតដល់បច្ចុប្បន្ននេះ ក្រុម"កុមារកំព្រាកូវីដ ១៩ "នៅអាមេរិកមានចំនួនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ដោយឡែកទាក់ទិននឹងបញ្ហានេះ បច្ចុប្បន្ននេះ មានតែសមាជិកសភាសហព័ន្ធនិងមូលដ្ឋានមួយចំនួនតូចប៉ុណ្ណោះធ្វើការខ្ជីខ្ជាបានចេញសេចក្តីអំពាវនាវ ហើយរដ្ឋនិងស្រុកមួយចំនួនតូចបានចាត់វិធានការជួយស្រោចស្រង់ ដូចជា ការទម្លាក់ថវិកាជាដើម ។ អ្នកជំនាញខាងការបង្ការជំងឺឆ្លងបានលើកសំណើនិងមតិយោបល់ជាយូរមកហើយថា ត្រូវដោះស្រាយបញ្ហាអំពី"កុមារកំព្រាកូវីដ ១៩ "នៅទូទាំងសហរដ្ឋអាមេរិកឱ្យបានទាន់ពេលវេលានិងក្នុងពេលឆាប់ៗ ហើយការគ្រោងផែនការនិងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហព័ន្ធ គឺជាបញ្ហាគន្លឹះ ។ ទោះយ៉ាងនេះក្តី ប៉ុន្តែ សភាពការណ៍ជាក់ស្តែង គឺ ប្រតិកម្មរបស់រដ្ឋាភិបាលអាមេរិកមានភាពយឺតយ៉ាវរហូត ។

    បន្ទាប់ពីបញ្ហាអំពី"កុមារកំព្រាកូវីដ ១៩ "ត្រូវបានលាតត្រដាង វាមិនត្រឹមតែធ្វើឱ្យប្រជាជនមើលឃើញពីទុក្ខវេទនារបស់ប្រជាជនសាមញ្ញអាមេរិកដែលបណ្តាលមកពីរដ្ឋាភិបាលអាមេរិកអសមត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងក៏បានលាតត្រដាងពីស្រទាប់កាន់តែជ្រាលជ្រៅនូវបញ្ហាធ្ងន់ធ្ងរជាប្រព័ន្ធ ពីឫសគល់របស់អាមេរិកក្នុងការយកចិត្តទុកដាក់ដល់ក្រុមមនុស្សងាយរងគ្រោះផងដែរ ។ បើធ្វើការវិភាគចំពោះដំណើរដើមទងរបស់បញ្ហានេះអាចឃើញថា ភាពឃោរឃៅនិងភាពព្រងើយកន្តើយនៅពីក្រោយពាក្យភូតកុហករបស់អ្វីដែលហៅថា "អ្នកគាំពារសិទ្ធិមនុស្ស"ត្រូវបានលាតត្រដាងថែមមួយកម្រិតទៀតនៅចំពោះមុខអ្នកផងទាំងពួង ។

    មូលហេតុដែលបណ្តាលឱ្យកើតមានសោកនាដកម្មគួរឱ្យអាណិតអាសូនេះ គឺ ដោយសារភាពអយុត្តិធម៌ជាប្រព័ន្ធបានកើតមានយ៉ាងទូលំទូលាយក្នុងវិស័យសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកក្នុងរយៈពេលយូរមកហើយ ។ អសមត្ថភាពជាបន្តបន្ទាប់របស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានបណ្តាលឱ្យករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់សុទ្ធតែបានរក្សាចំណាត់ថ្នាក់ទី ១ នៅលើពិភពលោក ។ លើសពីនេះទៅទៀត ការមើលរំលងរបស់រដ្ឋាភិបាលអាមេរិកក្នុងការបង្ការនិងគ្រប់គ្រងការីករាលដាលនៃជំងឺឆ្លងព្រមទាំងការបដិបក្ខរវាងបក្ខពួកនិងការប្រយុទ្ធផ្ទៃក្នុងរបស់បុគ្គលឆ្នើមក្នុងវណ្ណៈគ្រប់គ្រងជាបច្ច័យចម្បងនៃសោកនាដកម្មនេះ ឯភាពបែកបាក់គ្នានៃសង្គមធ្វើឱ្យផលវិបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លងចំពោះប្រជាជនសាមញ្ញមានភាពកាន់តែធ្ងន់ធ្ងរ ស្របពេលជាមួយគ្នានេះ អសមភាពខាងពូជសាស៍ក៏បានបង្កឱ្យបញ្ហាអំពី"កុមារកំព្រាកូវីដ ១៩ "កាន់តែមានភាពប្រឈមខ្លាំងបំផុតរយៈពេលយូរក្នុងសង្គម ។

    ដូច្នេះ អាចមានការវិនិច្ឆ័យច្បាស់លាស់ថា ទោះបីជាការបង្កើតឡើងនៃ"កុមារកំព្រាកូវីដ ១៩ "ជា"បញ្ហាថ្មី"ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លងក៏ដោយ ក៏ប៉ុន្តែភាពខុសគ្នាខាងពូជសាសន៍នៅពីក្រោយទើបជា"បញ្ហាធ្ងន់ធ្ងរ"ក្នុងសង្គមអាមេរិក ។ នៅពីក្រោយក្រុមមនុស្សងាយរងគ្រោះនៅសហរដ្ឋអាមេរិកដែលបានធ្លាក់ក្នុងភាពជាប់គាំងបានឆ្លុះបញ្ចាំងពីសភាពការណ៍បច្ចុប្បន្ននៃសិទ្ធិប្រជាធិបតេយ្យរបស់ក្រុមមនុស្សមិនមែនស្បែកសនិងជនជាតិភាគតិចនៅសហរដ្ឋអាមេរិក ។ តាមពិតទៅ នៅអាមេរិក សិទ្ធិប្រជាធិបតេយ្យរបស់ក្រុមដូចខាងលើត្រូវបានដកហូតនិងបំពានក្នុងរយៈពេលជាយូរ ហើយករណីដែលត្រូវទទួលរងការរើសអើង ការរំលោភបំពាននិងការបំភ្លេចចោល វាសឹងតែក្លាយជាទម្លាប់ទៅហើយ ។ ហេតុនេះហើយ បានជាសហរដ្ឋអាមេរិកដែលមានបញ្ហាប្រជាធិបតេយ្យផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរហើយមានផលវិបាកកាន់តែច្រើនឡើងៗ គ្មានលក្ខណសម្បត្តិអីមកអួតតម្កើងខ្លួនថា ជា"ចៅក្រមសិទ្ធិមនុស្ស"ដើម្បីឆ្កាដៃឆ្កាជើងទៅលើសភាពការណ៍ប្រជាធិបតេយ្យរបស់ប្រទេសដទៃទៀតនោះទេ ។

    គួររំលឹកថា អង្គការ"Coronavirus Cooperative "ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តួចផ្តើមដោយអ្នកជំនាញនិងបញ្ញវន្តធ្លាប់សរសេរសារលិខិតសាធារណៈមួយជូនប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន ដោយអំពាវនាវឱ្យរដ្ឋាភិបាលចាត់ប្រតិបតិ្តការដើម្បីជួយសង្គ្រោះក្រុម"កុមារកំព្រាកូវីដ ១៩ " ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ ក្រោម"ស្តង់ដារពីរខាងសិទ្ធិមនុស្ស"ដែលមានឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក នេះគឺជាសារលិខិតមួយដែលពិតជាមិនអាចទទួលបានការឆ្លើយតបវិញ ៕



អ្នកបកប្រែ:魏伟
ប្លុកពិសេស