ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកនយោបាយជប៉ុនឃោសនាបំប៉ោងឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្តងទៀត អ្នកផងទាំងពួងត្រូវតែប្រុងប្រយ័ត្នទង្វើដែលប្រកបដោយគ្រោះថ្នាក់បែបនេះ
2022-05-09 12:49:03cri
Share with:

    ឆ្នាំនេះជាខួបទី ៧៥ នៃការអនុវត្តរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេសជប៉ុន ។ ប៉ុន្តែ សកម្មភាពជាបន្តបន្ទាប់របស់អ្នកនយោបាយជប៉ុនមួយចំនួនបានបង្ហាញឱ្យឃើញថា ពួកគេកំពុងឃ្លាតឆ្ងាយពីផ្លូវឆ្ពោះទៅរកសន្តិភាពជាបន្តបន្ទាប់ ។ ពួកគេឃោសនាបំប៉ោងដោយគំរាមកំហែងពីខាងក្រៅជាញឹកញាប់ ដើម្បីវាយទម្លុះការរិតត្បិតនៃរដ្ឋធម្មនុញ្ញសន្តិភាព ប៉ុនប៉ងឱ្យជប៉ុនបង្កើតកងទ័ពការពារជាតិនិងមានសិទ្ធិផ្ទុះអាវុធគ្នាជាមួយក្រៅប្រទេស ។ ទាក់ទិននឹងរឿងដែលអ្នកនយោបាយជប៉ុនមួយចំនួនបានបញ្ចេញសញ្ញាដ៏គ្រោះថ្នាក់ដើម្បីស្តារចក្រពត្តិនិយម សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះទង្វើបែបនេះ ។

    គួររំលឹកថា កាលពី ៧៥ ឆ្នាំមុន បន្ទាប់ពីបានទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាមលោកលើកទីពីរ ប្រទេសជប៉ុនបានដាក់ចេញរដ្ឋធម្មនុញ្ញថ្មីបន្ទាប់ពីបញ្ចប់សង្គ្រាម ។  មាត្រាទី ៩ នៃរដ្ឋធម្មនុញ្ញបានកំណត់ច្បាស់លាស់ថា ជប៉ុននឹងបោះបង់ចោលជារៀងរហូតនូវការបំផុសសង្គ្រាម ការគំរាមកំហែងដោយកម្លាំងបាយឬការប្រើកម្លាំងអាវុធជាមធ្យោបាយសម្រាប់ដោះស្រាយវិវាទអន្តរជាតិ ។  ដើម្បីសម្រេចបានូវគោលដៅនេះ ជប៉ុនមិនអនុញ្ញាតឱ្យមានកងទ័ពជើងគោក ជើងទឹកនិងជើងអាកាសព្រមទាំងកងកម្លាំងផ្សេងទៀតទេ ហើយក៏មិនទទួលស្គាល់សិទ្ធិផ្ទុះអាវុធរបស់ប្រទេសនេះដែរ ។ ដូច្នេះ រដ្ឋធម្មនុញ្ញថ្មីរបស់ជប៉ុនត្រូវគេហៅថា រដ្ឋធម្មនុញ្ញសន្តិភាព ។ ក្នុងមួយរយៈពេលជាយូរមកហើយបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ សន្តិភាពនិយមធ្វើឱ្យប្រទេសជប៉ុនទទួលបានទំនុកចិត្តពីសំណាក់ប្រទេសនានានៅទ្វីបអាស៊ីជាដើម ហើយសេដ្ឋកិច្ចរបស់ជប៉ុនក៏សម្រេចបាននូវការអភិវឌ្ឍប្រកបដោយសិ្ថរភាព ។

យ៉ាងណាមិញ ខណៈពេលដល់ទសវត្សរ៍ឆ្នាំ ៩០ នៃសតវត្សរ៍មុន កម្លាំងអភិរក្សក្នុងវិស័យនយោបាយជប៉ុនទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ ហើយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជប៉ុនក៏បានធ្លាក់ក្នុងសភាពជាប់គាំងអស់រយៈពេល ៣០ ឆ្នាំផងដែរ ។ ទាក់ទិននឹងរឿងនេះ រដ្ឋាភិបាលជប៉ុនមិនបានជ្រើសរើសធ្វើការកែទម្រង់ខាងនយោបាយនិងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាក្នុងវិស័យសេដ្ឋកិច្ចនោះទេ បែរជាប៉ុនប៉ងបង្វែរការមិនពេញចិត្តនិងការរិះគន់ពីសំណាក់ប្រជាជនក្នុងស្រុកនិងដោះស្រាយទំនាស់ក្នុងស្រុក តាមរយៈការបង្កជម្លោះជាមួយក្រៅប្រទេសនិងចូលរួមសង្រ្គាមអន្តរជាតិ ។ ដោយមកពីរដ្ឋធម្មនុញ្ញសន្តិភាពបានដាក់កំហិតប្រទេសជប៉ុន មិនឱ្យប្រើប្រាស់មធ្យោបាយធ្វើសង្រ្គាមដើម្បីដោះស្រាយវិវាទអន្តរជាតិ ហើយបានកំណត់ថា ការចំណាយថវិកាយោធាមិនអាចលើសពី ១ ភាគរយនៃទំហំផលិតផលក្នុងស្រុកសរុបនោះទេ បានជារដ្ឋាភិបាលជប៉ុនបានផ្តោតសំខាន់ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតែម្តង ។

    និយាយចំពោះប្រទេសជិតខាងនៅអាស៊ីព្រមទាំងពិភពលោក ការប៉ុនប៉ងរបស់អ្នកនយោបាយជប៉ុនមួយចំនួនដែលចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ធ្វើឱ្យអ្នកផងទាំងពួងមើលឃើញយ៉ាងច្បាស់ថា ចក្រពត្តិនិយមជប៉ុនមិនបានរលាយសាបសូន្យដែរ ប្រការនេះបានល្មើសនឹងក្តីបំណងរបស់ប្រជាជនក្នុងសហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋជប៉ុនដែលស្រឡាញ់សន្តិភាព ហើយនឹងនាំមកនូវហានិភ័យសន្តិសុខដ៏ធ្ងន់ធ្ងរដល់ប្រទេសជិតខាង សហគមន៍អន្តរជាតិគួរតែប្រុងប្រយ័ត្នខ្ពស់ចំពោះទង្វើប្រកបដោយគ្រោះថ្នាក់បែបនេះ ។

មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចំនួន ៦ របស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនដែលទើបបានបញ្ចប់នោះ បណ្តាប្រទេសជាច្រើននៅអាស៊ីមានប្រតិកម្មយ៉ាងមធ្យ័តចំពោះការឃោសនាបំប៉ោងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនស្តីពីការគំរាមកំហែងពីខាងក្រៅ ។ ប្រការនេះបានបង្ហាញឱ្យឃើញថា ប្រទេសអាស៊ីថែរក្សានិងឱ្យតម្លៃទ្វេដងទៅលើសន្តិភាពដែលបានមកដោយមិនងាយ ។ ប្រសិនបើបណ្តោយឱ្យចក្រពត្តិនិយមជប៉ុនបង្ករឿងហេតុតាមតែទំនើងចិត្ត នោះ អ្នកនយោបាយជប៉ុនមួយចំនួនមុខជានឹងទទួលបរាជ័យកាន់តែខ្លាំងម្តងទៀតជាក់ជាមិនខាន ៕



អ្នកបកប្រែ:魏伟
ប្លុកពិសេស