ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ក្នុងបរិបទជំងឺកូវីដ១៩ សេដ្ឋកិច្ចចិនបោះជំហានទៅមុខប្រកបដោយភាពនឹងនរនិងរឹងមាំ
2022-05-03 13:07:55cri
Share with:

     ចាប់ពីចូលឆ្នាំនេះមក បរិយាកាសអភិវឌ្ឍន៍របស់សេដ្ឋកិច្ចចិនមានភាពកាន់តែស្មុគស្មាញនិងមិនប្រាកដប្រជា ជាពិសេសគឺដោយសាររងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ១៩ ការអភិវឌ្ឍនៃតំបន់មួយចំនួននិងមុខរបរមួយចំនួនបានរងការរឹតត្បិត បានជាល្បឿនកំណើននៃសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗបានធ្លាក់ចុះ ។ ប៉ុន្តែបើមើលពីសភាពការណ៍ជាទូទៅនៃត្រីមាសទីមួយឆ្នាំនេះ អាចឃើញថា កិច្ចចាប់ផ្តើមនៃសេដ្ឋកិច្ចចិនមានភាពនឹងនរជាទូទៅ និន្នាការអភិវឌ្ឍន៍ក៏សមស្របនឹងការប៉ាន់ប្រមាណផងដែរ ។

      យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា នៅត្រីមាសទីមួយឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់ចិន គឺ២៧០១៧៨០០លានប្រាក់យាន់ចិន ដែលកើនជាង ៤.៨ភាគរយ  បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានផ្តោតការយកចិត្តទុកដាក់ចំពោះរឿងនេះ  ដោយបានសម្គាល់ឃើញថា ក្នុងបរិបទនៃជំងឺកូវីដ១៩ ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅត្រីមាសទីមួយឆ្នាំនេះ បានលើសពីការប៉ាន់ប្រមាណទុកជាមុន ប៉ុន្តែព្រមពេលជាមួយគ្នានេះក៏ប្រឈមនឹងការសាកល្បងខាងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ។

      ប្រឈមនឹងភាពលំបាកនិងការសាកល្បងទាំងនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការណ៍យ៉ាងច្បាស់លាស់រួចហើយ ជាពិសេសបានដាក់ចេញគោលនយោបាយគាំទ្រមួយចំនួនដើម្បីជួយមុខរបរនិងសហគ្រាសមួយចំនួនដែលបានរងឥទ្ធិពលពីជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរបង្គួរ ។ នៅថ្ងៃទី២៥ ខែមេសា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ«សេចកី្តណែនាំស្តីពីការបញ្ចេញសក្តានុពលចំណាយថែមមួយកម្រិតទៀតដើម្បីជំរុញការងើបឡើងវិញខាងការប្រើប្រាស់»  ទាមទារឱ្យបញ្ចេញសក្តានុពលចំណាយថែមមួយកម្រិតទៀង ជំរុញការងើបឡើងវិញខាងការប្រើប្រាស់ជាបន្តបន្ទាប់ ពន្លឿនកិច្ចកសាងគម្រោងដ៏សំខាន់ៗចំនួន១០២ក្នុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ និងពន្លឿនការដាក់ចេញនិងប្រើប្រាស់ប័ណ្ណបំណុលពិសេសរបស់រដ្ឋបាលតំបន់នានាជាដើម ប្រការទាំងនេះសុទ្ធតែបង្កប់ដោយឱកាសអភិវឌ្ឍន៍និងពាណិជ្ជកម្មជាច្រើន ។

       ទាក់ទិននឹងនិន្នាការណ៍ទូទៅនៃសេដ្ឋកិច្ចចិន ទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មនៃអ្នកប្រើប្រាស់អាមេរិក កាសែត«The Wall Street»  ក្រុមហ៊ុនវិទ្យុផ្សាយសម្លេងអង់គ្លេស ទូរទស្សន៍AL Jazeera  និងស្ថានីយវិទ្យុផ្សាយសម្លេងអន្តរជាតិនៃប្រទេសនូវែលសេឡង់ជាដើមបានផ្សាយដំណឹងដោយបានសម្គាល់ឃើញថា ពិតមែនតែនៅខែមីនា តំបន់មួយចំនួននៃប្រទេសចិនរងឥទ្ធិពលពីការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ និងវិធានការបិទខ្ទប់ក៏ដោយ ក៏ប៉ុន្តែ ល្បឿនកំណើននៃGDPនៅត្រីមាសទីមួយរបស់ប្រទេសចិននៅតែខ្ពស់ជាងការប៉ាន់ប្រមាណដដែល ។

      ប្រព័ន្ធសារព័ត៌មានអាមេរិកCNN បានយល់ឃើញថា កិច្ចចាប់ផ្តើមនៅឆ្នាំ២០២២របស់សេដ្ឋកិច្ចចិនមានភាពខ្លាំងក្លា អត្រាកំណើនខ្ពស់ជាងការប៉ាន់ប្រមាណ ជាពិសេស គឺសេដ្ឋកិច្ចដ៏ល្អប្រសើរនៅខែមករានិងខែកុម្ភៈ បានលើកទឹកចិត្តដល់កំណើន សន្ទស្សន៍សេដ្ឋកិច្ចជាច្រើននៃខែទាំងពីរនេះសុទ្ធតែខ្ពស់ជាងការប៉ាន់ប្រមាណរបស់អ្នកវិភាគ ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយបទអត្ថាធិប្បាយថា ពិតមែនតែការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩និងវិធានការបិទខ្ទប់នៅតែជះឥទ្ធិពលដល់អ្នកប្រើប្រាស់និងសហគ្រាសក៏ដោយ ក៏ប៉ុន្តែកិច្ចចាប់ផ្តើមនៃឆ្នាំនេះរបស់ប្រទេសចិនមានភាពនឹងនរនិងរឹងមាំដែលធ្វើឱ្យមនុស្សនឹកមិនដល់  ។

      ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានដកស្រង់ទស្សនៈរបស់សេដ្ឋវិទូថា ពិតមែនតែការអភិវឌ្ឍសេដ្ឋកិច្ចចិនបានប្រឈមនឹងភាពលំបាកនិងការសាកល្បងក៏ដោយ ក៏ប៉ុន្តែនៅតែមានលក្ខណៈសម្បត្តិមានអំណោយផលដល់ការសម្រេចបាននូវកំណើនយ៉ាងនឹងនរពេញមួយឆ្នាំដដែល ប្រទេសចិនអាចកាត់បន្ថយឥទិ្ធពលពីជំងឺកូវីដ១៩ទៅលើសេដ្ឋកិច្ចជាសន្សឹមៗបាន ។ ទាក់ទិននឹងរឿងនេះ អ្នកទទួលខុសត្រូវប្រចាំនៅប្រទេសចិនរបស់ក្រុមហ៊ុនពហុជាតិបាននាំគ្នាថ្លែងថា ជំនឿចិត្តរយៈពេលយូរចំពោះប្រទេសចិនរបស់ពួកគេមិនបានកែប្រែនោះទេ ។

      នៅក្រុងសៀងហៃ រោងចក្រនៃក្រុមហ៊ុនចំនួនរាប់រយ ក្នុងនោះក៏បូករួមទាំងក្រុមហ៊ុនTesla ផងបានបើកទ្វារឡើងវិញរួចហើយ បច្ចុប្បន្ននេះ មានសហគ្រាសចំនួន៧០ភាគរយបានរៀបចំឡើងវិញនូវដំណើរការជាប្រក្រតិ ។ ខណៈពេលសហគ្រាសធុនធំនានាបង្កបង្កើនផលឡើងវិញយ៉ាងសកម្ម រដ្ឋាភិបាលចិនក៏បានដាក់ចេញវិធានការណ៍ថ្មីៗ ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៃសហគ្រាសធុនតូចនិងមធ្យមដែលបានរងឥទ្ធិពលពីជំងឺកូវីដ១៩ ក៏ដូចជាលំនឹងភាពប្រក្រតីខាងគមនាគមន៍ ចរាចរណ៍ទំនិញនិងខ្សែសង្វាក់ផ្គត់ផ្គងផងដែរ ។

      ទោះបីជានៅតំបន់មួយចំនួននៃប្រទេសចិនបានរីករាលដាលជំងឺកូវដ១៩ឡើងវិញ ព្រមទាំងបានរំខានដល់ដំណើរសេដ្ឋកិច្ចជាប្រក្រតីនៅតំបន់មួយចំនួនក៏ដោយ ក៏ប៉ុន្តែប្រទេសចិននៅតែជាអង្គភាពសេដ្ឋកិច្ចមួយដែលមានភាពធន់ខ្លាំងបំផុតនៅលើពិភពលោក ជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយនៅលើពិភពលោកនិងជាចំណែកដ៏សំខាន់មួយក្នុងខ្សែសង្វាក់តម្លៃសកលដដែល សក្តានុពលកំណើននៅពេលអនាគតនៅតែខ្ពស់ជាងអង្គភាពសេដ្ឋកិច្ចសំខាន់ៗភាគច្រើនដទៃទៀត ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញជាទូទៅថា សេដ្ឋកិច្ចចិននឹងងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ប្រទេសចិនក៏នឹងកែលម្អខ្សែសង្វាក់ផ្គត់ផ្គងនិងខ្សែសង្វាក់តម្លៃសកល ក៏ដូចជានឹងបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលផងដែរ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស