នាថ្ងៃទី ១ ខែឧសភា ទស្សនាវដ្ដី «Qiushi» បានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោមចំណងជើង " ពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងបច្ចេកវិទ្យា និងសម្រេចបាននូវបច្ចេកវិទ្យាកម្រិតខ្ពស់ដោយពឹងផ្អែកលើខ្លួនឯង » ។
អត្ថបទនេះបានចែងថា បុព្វហេតុបច្ចេកវិទ្យាមាននាទីនិងបានដើរតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងបុព្វហេតុបក្សនិងប្រជាជនជានិច្ច ។ ប្រទេសចិនត្រូវឈរលើដំណាក់កាលអភិវឌ្ឍន៍ថ្មី អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍប្រទេសតាមរយៈវិទ្យាសាស្ត្រ និងការអប់រំ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍប្រទេសតាមរយៈធនធានមនុស្ស និងយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍតាមរយៈការច្នៃប្រឌិតថ្មី ក្នុងន័យធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធនវានុវត្តន៍ជាតិ និងពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងបច្ចេកវិទ្យា ។