ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហគមន៍អន្តរជាតិរងការគាបសង្កត់ពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ
2022-04-28 16:38:27cri
Share with:

    "យើងដាស់តឿនអាជ្ញាធរសហរដ្ឋអាមេរិកឱ្យចាត់ប្រតិបត្តិការដោយសមរម្យទាំងអស់ គោរពតាមកាតព្វកិច្ចខាងសិទ្ធិមនុស្សអន្តរជាតិ ផ្លាស់ប្តូរសកម្មភាពឯកតោភាគីរបស់ខ្លួន ក៏ដូចជាត្រូវដើរស្របតាមទិសដៅជាមួយកិច្ចខិតខំប្រឹងប្រែងអន្តរជាតិសម្រាប់ទប់ទល់នឹងវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថាន ។" នាពេលថ្មីៗកន្លងទៅនេះ អ្នកជំនាញឯករាជ្យខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ១៤ រូបបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយទាមទារឱ្យរដ្ឋាភិបាលអាមេរិកលុបចោលការបង្កកទ្រព្យសម្បត្តិចំនួនជាងរាប់ពាន់លានដុល្លារអាមេរិករបស់ធនាគារកណ្តាលអាហ្វហ្កានីស្ថាននៅសហរដ្ឋអាមេរិក ។ ការថ្កោលទោសនិងការអំពាវនាវពីប្រព័ន្ធអង្គការសហប្រជាជាតិនេះ មិនត្រឹមតែជាស្នូរសម្រែកតវ៉ាចំពោះសហរដ្ឋអាមេរិកស្តីពីការជាន់ឈ្លីលើក្រឹតក្រមអន្តរជាតិនិងបំពានយ៉ាងគឃ្លើននូវសិទ្ធិមនុស្សរបស់ប្រទេសដទៃប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ចេញសំឡេងរបស់សហគមន៍អន្តរជាតិដែលរងការគាបសង្កត់ពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយផងដែរ ។

    យោងតាមលទ្ធផលវាយតម្លៃរបស់ទីភ្នាក់ងារអន្តរជាតិបានបង្ហាញថា បច្ចុប្បន្ននេះ ប្រជាជនជាង ២៣ លាននាក់នៅប្រទេសអាហ្វហ្កានីស្ថានត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់ ហើយប្រជាជនប្រហែល ៩៥ ភាគរយគ្មានចំណីអាហារគ្រប់គ្រាន់ ។ លើសពីនេះទៅទៀត ក៏មានប្រជាជនអាហ្វហ្កានីស្ថានចំនួនជាង ៤ លាននាក់គ្មានទីជម្រកដែរ ។

    តើនរណាជាអ្នកញុះញង់បង្កទុក្ខវេទនាទាំងអស់នេះ ? ចម្លើយគឺ សហរដ្ឋអាមេរិកហ្នឹងឯង ។ កាលពីឆ្នាំ ២០០១ សហរដ្ឋអាមេរិកបានបំផុសសង្រ្គាមនៅអាហ្វហ្កានីស្ថានដោយយក"ប្រឆាំងភេរវកម្ម"ធ្វើជាលេស" ។ សង្គ្រាមនេះបានដំណើរការអស់រយៈពេល ២០ ឆ្នាំដែលបានបណ្តាលឱ្យជនស៊ីវិលអាហ្វហ្កានីស្ថានជាង ១០ ម៉ឺមនាក់បានស្លាប់បាត់បង់ជីវិត ហើយប្រហែល ១១ លាននាក់បានក្លាយជាជនភៀសខ្លួន ។ បទឧក្រិដ្ឋកម្មដ៏ឃោរឃៅគ្រប់បែបយ៉ាងរបស់កងទ័ពអាមេរិកដែលសម្លាប់រង្គាលជនស៊ីវិលឥតទោសពៃរ៍នៅអាហ្វហ្កានីស្ថានបានធ្វើឱ្យទូទាំងពិភពលោកភ្ញាក់ផ្អើលនិងខឹងសម្បាយ៉ាងខ្លាំង ។

     សូមបញ្ជាក់ថា ចំណែកឯទង្វើរបស់អាមេរិកដែលបានប្រព្រឹត្តិនៅប្រទេសអាហ្វហ្កានីស្ថាន គ្រាន់តែជាមួយជ្រុងតូចនៃការរំលោភបំពានលើអធិបតេយ្យភាពនិងសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀតប៉ុណ្ណោះ ។ ពីប្រទេសអ៊ីរ៉ាក់ដល់ស៊ីរី ពីគុយបាដល់អ៊ីរ៉ង់ ដើម្បីស្វែងរកអនុត្តរភាពដ៏ខ្លាំងក្លារបស់ខ្លួន សហរដ្ឋអាមេរិកបានបំផុសសង្គ្រាមឬដាក់ទណ្ឌកម្មដោយផ្តេសផ្តាសក្រោមលេសអ្វីដែលហៅថា "ប្រជាធិបតេយ្យ" "សិទ្ធិមនុស្ស"និង"សេរីភាព" ក៏ដូចជាបាននិងកំពុងបង្កសោកនាដកម្មកាន់តែច្រើននិងមានភាពកាន់តែអាប់អួរទៅៗនៅតំបន់នានាលើពិភពលោកដែលបង្កការរិះគន់យ៉ាងខ្លាំងលើឆាកអន្តរជាតិ ។

    ក្នុងនាមជាអ្នកបង្កនិងជាអ្នកញាក់ខ្សែពីក្រោយដ៏ធំបំផុតនៃវិបត្តិអ៊ុយក្រែន ចាប់តាំងពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើងអស់រយៈពេលជាង ២ ខែមក សហរដ្ឋអាមេរិកបានអនុម័តផ្តល់សព្វាវុធចំនួន ៨ លើកដល់អ៊ុយក្រែន ជំនួយយោធាមានតម្លៃសរុបប្រហែល ៣ ពាន់ ៧ រយ លានដុល្លារអាមេរិក ក្នុងន័យបង្ករឿងហេតុដល់ស្ថានការណ៍រវាងរុស្ស៊ីនិងអ៊ុយក្រែនជាបន្តបន្ទាប់ ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបន្តកាន់តែយូរ អាមេរិកនឹងចាំទទួលបានផលប្រយោជន៍កាន់តែច្រើន ។

    អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ បច្ចុប្បន្ននេះ ជនភៀសខ្លួនរបស់អ៊ុយក្រែនចំនួនជាង ៥ លាននាក់បានលំហូរចូលក្នុងដែនប្រទេសជិតខាងនៃអឺរ៉ុប ។ ប្រឈមនឹងវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុបបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ មេដឹកនាំអាមេរិកបានអះអាងថា មានឆន្ទៈទទួលយក"ជនភៀសខ្លួន ១០ ម៉ឺននាក់" ប៉ុន្តែតាមការពិត អាមេរិកបានទទួលយកជនភៀសខ្លួនតែ ១២ នាក់ក្នុងខែមីនា ប្រៀបដូចជាចេញសែកស្អុយមួយ ។

    ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា អ្នកនយោបាយអាមេរិកដែលបំផ្លិចបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិនិងជាន់ឈ្លីលើក្រឹតក្រមអន្តរជាតិទាំងនោះគ្មានលក្ខណសម្បត្តិអីមកពិភាក្សាពី"ប្រជាធិបតេយ្យ"និង"សិទ្ធិមនុស្ស"នោះទេ ។ ប្រឈមមុខនឹងស្នូរសម្រែកតវ៉ារួមរបស់អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រដ្ឋាភិបាលអាមេរិកកុំធ្វើពុតជាស្តាប់មិនឮនោះឡើយ ។ ពិភពលោកទាំងមូលកំពុងរង់ចាំការឆ្លើយតបរបស់"អ្នកគាំពារសិទ្ធិមនុស្ស" !



អ្នកបកប្រែ:魏伟
ប្លុកពិសេស